ជាតិ
សុវត្តិភាព ចរាចរណ៍
នគរបាល ចាប់ផ្តើម​ពិន័យ​អ្នក​ចត​យានយន្ត​ខុសច្បាប់ ចាប់ពី​២​ម៉ឺន​៥​ពាន់ ទៅ​១០​ម៉ឺន​រៀល​
24, Jul 2017 , 7:59 pm         10497
រូបភាព
​នគរបាល​ចរាចរណ៍ បាន​ផ្ដើម​អនុវត្តន៍​ការពិន័យ​លើ​បុគ្គល​ណា​ដែល​ចត​យានយន្ត​ខុសច្បាប់ ចាប់ពី ៥ ម៉ឺន​ទៅដល់ ១០ ម៉ឺន​រៀល​។ ការពិន័យ​នេះ ផ្តើម​ពី​យានយន្ត​ដឹកទំនិញ​ធុន​ធំ​ដែល​ចត​ចោល​រាប់​ម៉ោង​គ្មាន​សណ្តាប់ និង​អនុវត្តន៍​នៅ​បណ្តា​ផ្លូវ​សំខាន់ៗ​នៅក្នុង​ភ្នំពេញ​។


​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានចាប់ផ្តើម​ពិន័យ​ម្ចាស់​យានយន្ត​ដែល​ចត​ខុសច្បាប់​។ លោក រ៉ុ​ន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការងារ​នេះ បានចាប់ផ្តើម​ជាង​២​សប្តាហ៍​ហើយ ដោយ​ភ្ជាប់​ការអប់រំ​ផង និង​ពិន័យ​ម្ចាស់​យានយន្ត​ផង​។

​បើតាម​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ជំ​ហ៊ាន​ដំបូង​នគរបាល​ផ្តោតលើ​យានយន្ត​ធំៗ​ដែល​ចត​ចោល​គ្មាន​សណ្តាប់ធ្នាប់ ចត​ចោល​រាប់​ម៉ោង និង​អនុវត្ត​លើផ្លូវ​សំខាន់ៗ​ក្នុង​ក្រុងភ្នំពេញ​។ លោក រ៉ុ​ន រ័ត្ន​វាសនា បញ្ជាក់បន្ថែម​ដូច្នេះ​៖« យើង​ពិន័យ​ទៅតាម​ប្រភេទ​យានយន្ត ម៉ូតូ​២​ម៉ឺន​៥​ពាន់ រថយន្ត និង​រថយន្ត​ធន់​ស្រាល ធុន​ធំ​បន្តបន្ទាប់​ទៀត ១០​ម៉ឺន​អីចឹង​ទៅ ទៅតាម​មាត្រា​២៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​»​។​

​ទាក់ទង​នឹង​របៀប​ពិន័យ​នេះដែរ លោក រ័ត្ន​វាសនា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នគរបាល​ចរាចរណ៍ នឹង​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្កេ​នរក​ទិន្នន័យ​របស់​ម្ចាស់​យានយន្ត​ដែល​ចត​ល្មើសច្បាប់​ទាំងនោះ ហើយ​ចេញ​វិ​ក័យ​ប​ត្រ​បញ្ជាក់​ពី​ប្រភេទ​ល្មើស និង​ទុក​រយៈពេល​១​ខែ ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​ទៅ​បង់ប្រាក់​ពិន័យ​នៅតាម​ទីតាំង​ដែល​នគរបាល​ចរាចរ​ណ៍​កំណត់​។ ករណី​ខកខាន​មិន​បង់ប្រាក់​ពិន័យ​តាម​កំណត់​រយៈពេល​៣០​ថ្ងៃ ការពិន័យ​នឹង​កើន​ទ្វេដង ហើយនឹង​កើនឡើង​បី​ដង បើ​លើស​៦០​ថ្ងៃ ឬ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ បើ​យឺតយ៉ាវ​បង់ប្រាក់​ពិន័យ​លើសពី ៩០ ថ្ងៃ​។

​បើទោះជា​បានដឹង​ជាមុន​ថា ការអនុវត្តន៍​ការពិន័យ​នេះ នឹង​មិនបាន​ជោគជ័យ​១០០​ភាគរយ ប៉ុន្តែ​លោក រ័ត្ន​វាសនា បញ្ជាក់ថា​យ៉ាងហោចណាស់ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ ឲ្យ​គាត់​មាន​ស្មារតី​ភ្ញាក់រលឹក មុននឹង​ចត​យានយន្ត​ត្រូវ​គិតថា​តើ​ខុសច្បាប់​ឬ​អត់​?​ប្រធាន​នាយកដ្ឋាន​នគរបាល​ស​ណ្តា​ប់​ធ្នាប់ និង​ចរាចរណ៍​ផ្លូវគោក បញ្ជាក់​បន្ថែមទៀតថា ការអនុវត្ត​នេះ​ជោគជ័យ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​៕ 

Tag:
 ចត​
 ​ យានយន្ត​
 ​ ច្បាប់​
 ​ចរាចរណ៍​
  ​ពិន័យ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង