ជាតិ
សិល្បះ
ភាពយន្ត​ខ្មែរ​ជំនាន់​ដើម​ចំនួន​៦​រឿង នឹង​បញ្ចាំង​ក្នុង​កម្មវិធី​«​មួយ​ម៉ឺន​អាល័យ​»
22, Jul 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ភាពយន្ត​ខ្មែរ​ជំនាន់​ដើម​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង​ក្រោយ​សម័យ​ខ្មែរក្រហម ចំនួន ៦​រឿង នឹង​ចាក់​បញ្ចាំង​ឡើងវិញ​ក្នុង​កម្មវិធី​«​មួយ​ម៉ឺន​អាល័យ​»​។ កម្មវិធី​«​មួយ​ម៉ឺន​អាល័យ​»​ដែល​នឹង​រៀបចំ ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី​៦ ខែសីហា នៅ​សាលសន្និសីទ​ចុ​ត​មុខ​។  ការចាក់​បញ្ចាំង​នេះ ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ចាស់ៗ​ផង ប្រមូល​ថវិកា​ជូន​សិល្ប​ករចាស់ៗ និង​ប្រើប្រាស់​សម្រាប់​ស្រាវជ្រាវ​ភាពយន្ត​ចាស់​បន្តទៀត​។​



​ភាពយន្ត​ខ្មែរ​រឿង​មួយ​ម៉ឺន​អាល័យ បុប្ផា​អង្គរ នាង​ចន្ទ​គ្រឿ​ហ្វា បំណុល គូកម្ម​ទេ​បង និង​រឿង​បិសាច​តណ្ហា  នឹងត្រូវ​ចាក់​បញ្ចាំង​រយៈពេល​៣​ថ្ងៃ ក្នុង​កម្មវិធី​មួយ​ម៉ឺន​អាល័យ ដែល​នឹង​រៀបចំ​ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី​៦ ខែសីហា នៅ​សាលសន្និសីទ​ចុ​ត​មុខ​។

​លោក យាង វណ្ឌី ប្រធាន​ក្រុមព្រះ​សូរិយា និង​ជា​អ្នករៀបចំ​កម្មវិធី​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការចាក់​បញ្ចាំងភាពយន្ត​ខ្មែរ​ជំនាន់​ដើម​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង​ក្រោយ​សម័យ​ខ្មែរក្រហម ចំនួន​៦​រឿងនេះ គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ភាពយន្ត​ចាស់ៗ និង​ប្រមូល​ថវិកា​ជូន​សិល្ប​ករចាស់ៗ​។

​ក្រៅពីនោះ នឹង​យកទៅ​ប្រើប្រាស់​សម្រាប់​ការស្រាវជ្រាវ​រក​ភាពយន្ត​ចាស់​ជា​បន្តទៀត​។ ប្រធាន​ក្រុមព្រះ​សូរិយា បន្តថា ការចាក់​បញ្ចាំង​នេះ ក៏​ជាការ​ធ្វើ​ឲ្យ​ទស្សនិកជន ចងចាំ​អនុស្សាវរីយ​ផ្អែមល្ហែម​របស់​សាច់រឿង​ចាស់ៗ​ទាំង​៦​នេះ មើលឃើញ​ពី​ភាពខុសគ្នា រវាង​ភាពយន្ត​សម័យមុន និង​សម័យ​បច្ចុប្បន្ន​។ លោក យាង វណ្ឌី លើកឡើងថា​៖«​ខ្ញុំ​សង្ឃឹមថា នឹងមាន​ការចូលរួម​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​គ្រប់រូប ជាពិសេស គឺ​យុវវ័យ ព្រោះ​យុវវ័យ អាច​សិក្សា​ស្វែងយល់​ពី​អត្ថន័យ​សាច់រឿង​ជំនាន់​មុន ក្នុងការ​អភិវឌ្ឍ​ស្នាដៃ​ជំនាន់​ថ្មី​នេះ​»​។

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមព្រះ​សូរិយា បានរៀបចំ​កម្មវិធី​មួយ​ម៉ឺន​អាល័យ​។ កម្មវិធី មួយ​ម៉ឺន​អាល័យ កើតចេញពី​ការស្រាវជ្រាវ​រក​ភាពយន្ត​ចាស់ៗ​ពី​ជំនាន់​ដើម​របស់​ក្រុមព្រះ​សូរិយា​។ ក្នុង​រយៈពេល​៣​ឆ្នាំ ក្រុមព្រះ​សូរិយា  បាន​រកឃើញ​ភាពយន្ត​ចំនួន​៥០០​រឿង សាច់រឿង​ចំនួន ៤០​សាច់រឿង​, ដុំ​ហ្វ៊‌ី​ល​ចំនួន ៤​ដុំ និង​ផ្ទាំង​ផ្សព្វផ្សាយ​រឿង​ចាស់ៗ​ប្រមាណ ៣​ពាន់​សន្លឹក​៕




Tag:
 ភាពយន្ត​
 ​ មួយ​ម៉ឺន​អាល័យ​
  យាង វណ្ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com