ជាតិ
សុវត្តិភាព ចរាចរណ៍
ចាប់ពីខែសីហា តទៅ ម៉ូតូទាំងអស់ នឹងត្រូវអ៊ុត QR Code លើស្លាកលេខ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា ចាប់ពីខែសីហាតទៅ ម៉ូតូទាំងអស់ នឹងត្រូវបំពាក់ QR Code នៅលើស្លាកលេខ ដូចដែលក្រសួងកំពុងបំពាក់ QR Code លើស្លាកលេខរថយន្តដូច្នេះដែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បន្ទាប់ពីក្រសួងបំពាក់ RQ Code នៅលើស្លាកលេខរថយន្តរួចរាល់ ស្លាកលេខម៉ូតូ ក៏នឹងត្រូវបំពាក់ QR Code ដូចឡានដែរ។ លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានម៉ាស៊ីនអ៊ុត QR Code មួយគ្រឿង ហើយពីរគ្រឿងទៀត បានដឹកមកដល់កំពង់ផែកម្ពុជាហើយ ដើម្បីធ្វើការងារនេះ។ លោករដ្ឋមន្ត្រីបញ្ជាក់ដូច្នេះថា៖«ចាប់ពីខែ៨ ឬខែ៩ យើងនឹងអ៊ុតQR Code លើម៉ូតូដែរ ។ សព្វថ្ងៃនេះ ម៉ូតូចទាំងអស់មាន ៣,៣លានគ្រឿង»។
លោករដ្ឋមន្ត្រី ពន្យល់ថា QR Code មិនបង្ហាញពីអត្តសញ្ញាណម្ចាស់យានយន្ត ឬអាសយដ្ឋានម្ចាស់យានយន្តនោះទេ ប៉ុន្តែ QR Code ដែលជាប្រព័ន្ធដ៏ទំនើបមួយនេះ នឹងបង្ហាញពីពណ៌ លេខកូដរថយន្ត និងម៉ាករថយន្តជាដើម។ លោកបន្ថែមថា ការដាក់ QR Code នេះ គឺដើម្បីកុំឲ្យជនខិលខូចមួយចំនួន លួចស្លាកលេខឡាន ឬម៉ូតូដទៃ យកទៅបំពាក់លើរថយន្តឬម៉ូតូរបស់ខ្លួនដើម្បីគេចពីការបង់ពន្ធជូនរដ្ឋ។«យើងប្រើប្រាស់ប្រព័ន្ធនេះ ក៏ដើម្បីទប់ស្កាត់កុំឲ្យអ្នកដែលនាំចូលឡានមក មិនបង់ពន្ធ ឬយកស្លាកលេខឡានដែលគេបង់ពន្ធហើយ យកទៅបំពាក់លើឡានមួយទៀត។ វាមានសារសំខាន់ណាស់ ក្នុងការប្រមូលពន្ធចូលជាតិយើង»។
សូមបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រី នៅកម្ពុជា មានរថយន្ត ដែលបានចុះបញ្ជីរួចរាល់ ប្រមាណ៥០ម៉ឺនគ្រឿង និងម៉ូតូ៣,៣លាន គ្រឿង៕
Tag:
ម៉ូតូ
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com