ជាតិ
ពីនេះ ពីនោះ
ពាក្យ«ស្រីសន្ធរ» មិនមែនមកពីពាក្យ«ស្រីសឈរ»ទេ! 
×![]()
«ស្រីសន្ធរ» មិនមែនមកពី «ស្រីសឈរ»ទេ គឺមកពី «ស្រីយសោធរ» ដែលជាឈ្មោះរាជធានីអង្គរដ៏ល្បីល្បាញ និងជាប្រពៃណីរបស់ចក្រភពកម្ពុជទេស។ អ្នកគ្រូពៅសោវរស ពន្យល់រឿងនេះថា មកពីខ្មែរមិនចេះហៅពាក្យ បីបួនព្យាង្គ ទើបហៅសង្កត់យកតែព្យាង្គដើម«ស្រី» និងចុង«ធរ» ទុក។
ឈ្មោះនេះ ក្រោយមកបន្សល់ទុកនៅបួនទីតាំងទី១ ស្រុកស្រីសន្ធរ, ទី២ ស្រុកស៊ីធរពារាំង ដែលនៅសល់ត្រឹមឃុំស៊ីធរ វត្តស៊ីធរ, ទី៣ ស្រុកស៊ីធរកណ្តាល និងទី៤ នៅខេត្តស្រីយសោធរ នាភាគឥសានប្រទេសថៃសព្វថ្ងៃ។
តាមភស្តុតាងទាំងនេះ រាជធានីស្រីយសោធរ(បុរៈ)នៅអង្គរ មានជើងដើរតាមមនុស្សទៅប្រតិស្ថាននៅទីតាំងថ្មីពីរកន្លែងផ្សេងគ្នា គឺនៅខាងត្បូង និងខាងកើតទន្លេមេគង្គក្នុងប្រទេសកម្ពុជាសព្វថ្ងៃ និងនៅខាងជើងជួរភ្នំដងរែកក្នុងភាគឥសានថៃសព្វថ្ងៃ។
អ្នកខ្លះយល់ថា រាជធានីទួលបាសានស្រីសន្ធរនៅវត្តព្រះធាតុបារាយណ៍ តែខ្ញុំពិបាកជឿបាន ដោយសារទីនោះគ្មានស្ថាននាម«ទួលបាសាន» ឬ «ប៉ាសាន» ដែលចិនបានកត់ត្រានៅទសវត្សរ៍១៣៧០។ ផ្ទុយទៅវិញ នៅតំបន់វត្តស៊ីធរ ទើបមានទួលបាសាន ព្រមទាំងអនុវិទ្យាល័យទួលបាសានផង។ ហេតុនេះរាជធានីស្រីសន្ធរទួលប៉ាសាន គួរតែតាំងនៅតំបន់វត្តស៊ីធរ ក្នុងឃុំស៊ីធរស្រុកខ្សាច់កណ្តាលខេត្តកណ្តាលសព្វថ្ងៃនេះ។
ទាំងនេះជាសេចក្តីពន្យល់របស់លោកបណ្ឌិត វង់ សុធារ៉ា ប្រធានស្ដីទីដេប៉ាតឺម៉ងប្រវត្តិសាស្ត្រ នៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលលោកបានសរសេរលើបណ្តាញសង្គមហ្វេសហប៊ុកកាលពីថ្ងៃទី២៤ កក្តដា ម្សិលមិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com