ជាតិ
តំបន់​ទំនាប​កណ្តាល ខ្ពង់រាប និង​តំបន់​សមុទ្រ បន្ត​រង​ឥទ្ធិពល​ព្យុះ​សុន​កា​ដល់​ថ្ងៃទី​២៧ ខែកក្កដា​
25, Jul 2017 , 9:59 pm        
រូបភាព
ដោយ:
​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្ដីជូនដំណឹង​បន្ថែម​មួយទៀត​នៅ​ថ្ងៃទី​២៤ ខែកក្កដា ស្តីពី​ឥទ្ធិពល​ព្យុះ​ទី​៨ សុន​កា កំពុងស្ថិត​នៅក្បែរ​កោះ​ហៃណាំ​ដោយមាន​កម្លាំង​ខ្យល់​៦៤​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។ ព្យុះ​នេះ បំបែក​ខ្លួន​ជា​ពីរ​ផ្នែក ១​ផ្នែក​នឹង​រំកិល​ខ្លួន​ទៅដល់​ឆ្នេរ​វៀតណាម​ទៅដល់​តំបន់​អាង​ទន្លេមេគង្គ និង​ផ្នែក​ទី​២​ធ្វើដំណើរ​ត្រឡប់​ទៅ​ទិសឦសាន​វិញ​។​



​ឥទ្ធិពល​របស់​ខ្យល់ព្យុះ​សុន​កា​នេះ​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ច្រើន​នៅ​កម្ពុជា និង​ទាំង​នៅ​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ​។ ក្រសួង​ជំនាញ​បាន​ព្យាករ​ថា រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា តំបន់​ទំនាប​កណ្ដាល ផ្ទៃមេឃ​នឹងមាន​ពពក​ច្រើន មាន​ភ្លៀង​ផ្គរ រន្ទះ​ពី​មធ្យម​ទៅ​ច្រើន ពិសេស​រាជធានី​ភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​។

​បន្ថែម​ពីលើ​នេះ ឥទ្ធិពល​សុខ​កា នឹង​បង្ក​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​ពី​១២-១៤​ម៉ែត​ក្នុង​មួយ​វិនាទី​។ ចំណែក​តំបន់​ខ្ពង់រាប ផ្ទៃមេឃ​នឹងមាន​សភាព​អាប់អួរ មាន​ភ្លៀង​ផ្គរ រ​ន្ធះ ពី​មធ្យម​ទៅ​ច្រើន​ពិសេស ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ​។ ខ្យល់​កន្ត្រាក់​មាន​ល្បឿន​ពី​៨-១០​ម៉ែត​ក្នុង​មួយ​វិនាទី​។ រីឯ​តំបន់​មាត់សមុទ្រ ផ្ទៃមេឃ​នឹងមាន​សភាព​អាប់អួរ មាន​ភ្លៀង​ផ្គរ រ​ន្ធះ ពី​មធ្យម​ទៅ​ច្រើន​ពិសេស​ខេត្តកោះកុង​។ ខ្យល់​កន្ត្រាក់​មាន​ល្បឿន​ពី​១៣-១៥​ម៉ែត​ក្នុង​មួយ​វិនាទី​។ ចំពោះ​ទឹករលក​សមុទ្រ​មាន​កំពស់​ពី ១,៥-២,៥០​ម៉ែត​។

​ស្ថានភាព​ទឹកទន្លេ ការធ្លាក់​ទឹកភ្លៀង​នៅ​តំបន់​ខ្ពង់រាប​នៃ​កម្ពុជា និង​នៅ​តំបន់​អាង​ទន្លេមេគង្គ​នឹង​បង្ក​ឲ្យ ទឹកទន្លេ​មេគង្គ​នៅក្នុង​ខេត្តស្ទឹងត្រែង​មាន​កំពស់​១០,៧០​ម៉ែត និង​ក្រចេះ​មាន​កំពស់​២២,០០​ម៉ែត អាច​នឹង​ឈានដល់​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។ ចំពោះ​បណ្ដា​ទន្លេ​ផ្សេងៗ​ទៀត​ដូចជា ទន្លេសេកុង សេ​សាន ស្រែ​ពក ព្រមទាំង​ប្រែក​នានា នៅក្នុង​តំបន់​ខ្ពង់រាប​ក៏​នឹងមាន​ទឹក​ហក់​ឡើង​ខ្លាំង​ផងដែរ​។​

​កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម នឹង​ហក់​ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។ ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប ក៏​នឹងមាន​ការកើនឡើង​ផងដែរ ទឹកនឹង​ហូរ​កាត់​តាម​ព្រែក បឹងបួរ​ធម្មជាតិ និង​តំបន់​ទ​នា​ប​នានា កាន់តែច្រើន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ចាប់ពី​ថ្ងៃទី​២៥-២៧​ខេ​កក្កដា ឆ្នាំ​២០១៧ ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ និង​ប្រជា​នេសាទ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ ត​ន្លេ​សេ​សាន សេកុង ស្រែ​ពក ហើយ​និង​ទាំង​ផ្លូវទឹក​នានា​ក្នុង​តំបន់​ទំនាប បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​ទឹកជំនន់ ដែល​ហក់​ឡើង​ក្នុងពេល​ពេលខាងមុខ​នេះ​ផងដែរ​៕


Tag:
 ក្រសួង​ធនធានទឹក​
  ព្យុះ​សុន​កា​
 ​ អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com