អន្តរជាតិ
លី សៀនឡុង៖«ដើម្បីប្រឆាំងភេរវកម្ម សិង្ហបុរីត្រូវពង្រឹងការកសាងទំនុកចិត្តរវាងអ្នកដែលមានជំនឿខុសគ្នា»
× មេដឹកនាំសិង្ហបុរីអំពាវនាវឲ្យមេដឹកនាំសាសនានិងសហគមន៍ពង្រឹងការទុកចិត្ត និងបង្កើនភាពទៀតត្រង់និងជឿទុកចិត្តរវាងអ្នកកាន់សាសនាផ្សេងៗគ្នាក្នុងសហគមន៍។ សិង្ហបុរីព្រួយបារម្ភថា បញ្ហាអាចកើតឡើងក្នុងសង្គមសិង្ហបុរីព្រោះជម្លោះសាសនានិងពូជសាសន៍នៅបរទេសបង្កផលប៉ះពាល់ដល់អារម្មណ៍ប្រជាជនសិង្ហបុរីកន្លងមក។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរីលី សៀនឡុងកាលពីថ្ងៃចន្ទទី២៤ខែកក្កដាបាននិយាយទាំងព្រួយបារម្ភថា ជម្លោះរើសអើងពូជសាសន៍និងសាសនានៅប្រទេសផ្សេងៗបានប៉ះពាល់ដល់ចិត្តគំនិតនិងឥរិយាបថរបស់ប្រជាជនក្នុងសិង្ហបុរី។ ដូច្នេះហើយ លោកបានអំពាវនាវដល់មេដឹកនាំសហគមន៍និងសាសនានីមួយៗយកចិត្តទុកដាក់ និងកសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមករវាងប្រជាជនសិង្ហបុរី។
ថ្លែងក្ននុងវេទិកាបិទទ្វារមួយស្ដីពីភេរវកម្មដោយមានអ្នកចូលរួមជាងបីរយនាក់ដែលមានជំនឿនិងសាសនាផ្សេងៗគ្នានោះ លោកលី សៀនឡុង បានផ្តោតសំខាន់លើ ការវាយប្រហារភេរវកម្មជាញឹកញាប់នៅលោកខាងលិច និងការគំរាមកំហែងពីក្រុមភេរវជនដែស្ហ(Daesh)នៅតំបន់មជ្ឈិមបូព៌ា រួមទាំងអាស៊ីអាគ្នេយ៍ផង។
លោកបានកត់សម្គាល់ផងដែរថា ប្រជាជនសិង្ហបុរីមួយចំនួនលង់ខ្លួនចូលជ្រៅក្នុងមនោគមន៍វិជ្ជាជ្រុលនិយមដោយសារតែបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ដូចឃើញស្រាប់ កាលខែឧសភា ស្ដ្រីសិង្ហបុរីម្នាក់ជាជំនួយការថែរក្សាទារកត្រូវបានឃាត់ខ្លួនពីបទប៉ុនប៉ងទៅចូលរួមជាសមាជិកក្រុមភេរវកម្មដែស្ហ(Daesh)នៅមជ្ឈិមបបូព៌ា។ ចំណែក បុរសជនជាតិសិង្ហបុរីម្នាក់ទៀតដែលជាជំនួយការប៉ូលិសក៏ត្រូវបានឃាត់ខ្លួនដូចគ្នាដោយសារតែមានបំណងចង់ចូលរួមច្បាំងជាមួយក្រុមភេរវជនដែស្ហនៅស៊ីរី។
លោកបានបន្ថែមដូច្នេះថា៖«ការឃាត់ខ្លួននេះមិនមែនជាលើកដំបូងហើយក៏មិនមែនជាលើកចុងក្រោយដែរ។ប្រសិនបើសិង្ហបុរីត្រូវវាយប្រហារដោយភេរវជនជនជាតិដទៃនោះ វាគឺជារឿងមួយ។ប៉ុន្តែ ប្រសិនជាសិង្ហបុរីត្រូវវាយប្រហារដោយភេរវជនដែលជាជនជាតិខ្លួននោះ ការប៉ះពាល់ផ្លូវចិត្តនឹងកាន់តែយ៉ាប់យ៉ឺនជាងការវាយប្រហារដោយជនជាតិដទៃទៅទៀត»។
លោកលី សៀនឡុងក៏បានផ្ដោតការយកចិត្តទុកដាក់ទៅលើសាលាសាសនាដែលបង្រៀនឲ្យសិស្សក្លាយជាជនជ្រុលនិយមគ្រប់ទីកន្លែងនៅសិង្ហបុរី។ លោកបន្តថា វាមានការបញ្ជ្រាបគំនិតនិងបកស្រាយច្រើនពាក់ព័ន្ធសាសនាឥស្លាម ដោយគេបង្រៀនមិនឲ្យមានការយោគយល់អធ្យាស្រ័យ ចំពោះអ្នកកាន់សាសនាផ្សេង និងប្រជាជនម៉ូស្លីមមួយចំនួនមិនប្រកាន់យកផ្នត់គំនិតនេះ។
ប្រសិនជាការបង្រៀនមនោគមន៍វិជ្ជាជ្រុលនិយមចាក់ឬសក្នុងសិង្ហបុរី ការរស់នៅប្រកបដោយសុខដុមរមនាររវាងប្រជាជនចម្រុះជាតិសាសន៍និងសាសនានេះនឹងត្រូវចុះខ្សោយ ហើយសិង្ហបុរីនឹងរងគ្រោះដោយសារភេរវកម្មកាន់តែខ្លាំង។ប្រជាជនដែលមិនមែនជាមូស្លីមនឹងចាប់ផ្ដើមរើសអើងឬមានគំនិតអវិជ្ជមានចំពោះជនជាតិមូស្លីម។ នេះគឺជាអ្វីដែលអាក្រក់និងពិបាកទទួលយកណាស់។
កាលពីសប្តាហ៍មុន លោក លី សៀនឡុង បានជួបប្រជុំជាមួយមេដឹកនាំសហគមន៍មូស្លីមម៉ាឡេស៊ី ហើយលោកនឹងបន្តជួបសំណេះសំណាលជាមួយមេដឹកនាំសាសនានិងសហគមន៍ផ្សេងទៀតខាងមុខ។លោកយល់ថាការរស់ដោយសុខដុមរមនារវាងអ្នកមានសាសនាឬពូជសាសន៍ផ្សេងៗគ្នាពិតជាមានតម្លៃណាស់ ព្រោះវាកើតចេញពីការអត់ទ្រាំ និងការសម្របខ្លួនក្នុងការរស់នៅទៅវិញទៅមក ទោះជាមានឧបសគ្គក៏ដោយ៕
Tag:
សិង្ហបុរី
លី សៀនឡុង
Daesh
© រក្សាសិទ្ធិដោយ thmeythmey.com