អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​ថា លោក​គ្មាន​បំណង​លាលែង​ពី​តំណែង​ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ​
27, Jul 2017 , 10:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​ការទូត​អាមេរិក​លោក រិច ធី​ល័​រ​សិន (Rex Tillerson) បាន​ទាត់ចោល​ព័ត៌មាន​ដែលថា លោក​ត្រៀមខ្លួន​លាលែង​ពី​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ដោយសារ​មិន​ចុះសម្រុង​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ លោក​បាន​បញ្ជាក់ថា លោក​នឹង​បន្ត​កាន់តំណែង ដរាបណា​ប្រធានាធិបតី​នៅតែ​ទុកចិត្ត​និង​ផ្តល់ឱកាស​ឲ្យ​លោក​បន្តការងារ​នោះ​។



«​ខ្ញុំ​មិន​ទៅណា​ទេ​»​។ នេះ​ជាស​ម្តី​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន ឆ្លើយតប​នឹង​សំណួ​របស់​ក្រុម​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​សំណួរ​ដែលថា​លោក​គ្រោង​លាលែង​ពី​តំណែង ដោយសារតែ​លោក​មិន​ត្រូវរ៉ូវ​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​លោក រិច ធី​ល័​រ​សិន បាន​ឆ្លើយតប​អ្នកសារព័ត៌មាន ស្របពេល​ដែល​លោក​ទទួល​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កាតា Sheikh Mohammed bin Abdulrahman Al-Thani នៅ​ថ្ងៃ​ពុធ​ទី ២៦ ខែកក្កដា​។

​ពាក់ព័ន្ធ​ទំនាក់ទំនង​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ លោក ធី​ល័​រ​សិន បាន​បកស្រាយ​ថា វា​គ្មាន​បញ្ហា​អ្វីដែល​កើតឡើង​ក្នុង​ទំនាក់ទំនង​រវាង​លោក និង​ប្រធានាធិបតី ត្រាំ​។ លោក​ក៏​សង្កត់ធ្ងន់ថា លោក​នឹង​បន្តធ្វើ​ការងារ​ជា​រដ្ឋមន្ត្រីការបរទេស ដរាបណា​ប្រធានាធិបតី​នៅតែ​ទុកចិត្ត​និង​អនុញ្ញាត​ឲ្យ​លោក​បន្តធ្វើ​ការងារ​នោះ​។​

​ព័ត៌មាន​ពាក់ព័ន្ធ​ការចាកចេញ​របស់លោក ធី​ល័​រ​សិន រីកសាយ​ភាព​ក្រោយ​ពេលដែល​សារព័ត៌មាន CNN ចុះផ្សាយ​ថា ការខ្វែងគំនិត​គ្នា​រវាង​សេត​វិមាន និង​លោក ធី​ល័​រ​សិន ផ្ទាល់ ពាក់ព័ន្ធ​គោលនយោបាយ​ការបរទេស​ជាពិសេស​គោលនយោបាយ​ចំពោះ​អ៊ីរ៉ង់​កាន់តែ​កើនឡើង​។ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ថែមទាំង​បាន​ស្រង់​សម្តី​ប្រភព​អនាមិក​ដែល​និយាយថា លោក ធី​ល័​រ​សិន​បាន​ប្រាប់​អ្នក​ស្និទ្ធ​លោក​ពី​គម្រោង​លាលែង​ចេញពី​តំណែង​នៅ​ចុងឆ្នាំ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​អ្នកស្រី Heather Nauert បាន​ច្រានចោល​ព័ត៌មាន​ពាក់ព័ន្ធ​ការចាកចេញ​ពី​តំណែង​របស់លោក ធី​ល័​រ​សិន កាលពី​ថ្ងៃ​អង្គារ ទី ២៥ កក្កដា​។ អ្នកស្រី​បានបញ្ជាក់​លោក ធី​ល័​រ​សិន​គ្រាន់តែ​ជាប់រវល់​បំពេញ​ទស្សនកិច្ច​នៅ​កាន់​រដ្ឋ​ឈូង​សមុទ្រ​ដើម្បី​សម្រុះសម្រួល​និង​បញ្ចប់​ជម្លោះ​រវាង​កាតា និង​បណ្តា​បក្សពួក​អា​រ៉ា​ប៊ី​សា​អូឌីត​ប៉ុណ្ណោះ​។​

​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា ក្រោយពេល​លោក ធី​ល័​រ​សិន ត្រឡប់​មកពី​រដ្ឋ​ឈូង​សមុទ្រ​វិញ​កាលពី​ថ្ងៃ ១៣ ខែកក្កដា លោក​បាន​ព្រលយ​ពាក្យ​ថា​លោក​ហត់នឿយ​ចំពោះ​ការងារ​បច្ចុប្បន្ន​។​លោក​ក៏​បន្ថែមថា ការងារ​មនុស្ស​របស់​លោក​ជា​ប្រធាន​ក្រុមហ៊ុន​ប្រេង ExxonMobil ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ​២០១៦ វា​ងាយស្រួល​ជា​ការងារ​បច្ចុប្បន្ន​ដោយ​សារ​ការងារ​នោះ​លោក​មាន​សិទ្ធិ​សម្រេចចិត្ត​ចុងក្រោយ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​និង​ដឹកនាំ​ក្នុង​ក្រុមហ៊ុន​មាន​បែបបទ​និង​វិន័យ​ត្រឹមត្រូវ​ល្អ​។​

«​វា​មិនមែនជា​ការរិះគន់​ទេ ប៉ុន្តែ​វា​ជាការ​សង្កេត​របស់ខ្ញុំ​ផ្ទាល់​។ វា​មិន​ស័ក្តិ​សមជា​ស្ថាប័ន​ដែលមាន​របៀប​រយ​ខ្ពស់ របៀបរបប​និង​នីតិវិធី​នៃ​ការសម្រេចចិត្ត​ក៏​បែកខ្ញែក​គ្នា ហើយ​ពេលខ្លះ​គ្មាន​អ្នក​ចង់​សម្រេចចិត្ត​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ធី​ល័​រ​សិន​៕


Tag:
 រិច ធី​ល័​រ​សិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com