អន្តរជាតិ
ព្រោះសម្បូររឿងអាស្រូវ រដ្ឋមន្ត្រីការពារជាតិជប៉ុនសុខចិត្តលាលែង មុនលោក អាបេ រុះរើគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិជប៉ុន តូម៉ូមី អ៊ីណាដា ដែលប្រកាសលាលែងពីតំណែង (រូបភាព Xinhua)
× រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី តូម៉ូមី អ៊ីណាដា (Tomomi Inada) បានសម្រេចលាលែងពីតំណែងហើយនៅថ្ងៃទី២៨ ខែកក្កដា។ លោកស្រី អ៊ីណាដា បានប្រព្រឹត្តកំហុសច្រើនក្នុងពេលកាន់តំណែង ដែលនាំឲ្យប្រជាប្រិយភាពរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ធ្លាក់ចុះយ៉ាងគំហុក។ ការលាលែងរបស់លោកស្រី អ៊ីណាដា ធ្វើឡើង មុនពេលលោក អាបេ រុះរើគណៈរដ្ឋមន្ត្រីនៅសប្ដាហ៍ក្រោយ។
លោកស្រី តូម៉ូមី អ៊ីណាដា បានប្រកាសលាលែងពីតំណែងរដ្ឋមន្ត្រីការពារជាតិហើយ ដើម្បីទទួលខុសត្រូវចំពោះកំហុសលាក់បាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពមួកខៀវជប៉ុន ដែលបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ នៅថ្ងៃទី២៨ ខែកក្កដា ។ លោកស្រី អ៊ីណាដា គឺជារដ្ឋមន្ត្រីទីមួយរបស់លោក អាបេ ដែលលាលែង តាំងពីឆ្នាំ២០១២ មក។
ការលាលែងនេះ ធ្វើឡើងចំពេលដែលក្រសួងការពារជាតិជប៉ុនបញ្ចេញរបាយការណ៍ស៊ើបអង្កេតផ្ទៃក្នុងជុំវិញប្រតិបត្តិការរបស់ទាហានជប៉ុននៅរដ្ឋអាហ្វ្រិកក្មេងខ្ចី។ បើតាមសារព័ត៌មាន The Japan Times របាយការណ៍ក្រសួងការពារជាតិរកឃើញថា ទាហានជប៉ុនប្រឈមមុខគ្រោះថ្នាក់ខ្លាំងនៅស៊ូដង់ខាងត្បូង ប៉ុន្តែលោកស្រី អ៊ីណាដា ព្យាយាមលាក់បាំងបញ្ហានេះ ព្រោះអាចប៉ះពាល់ការប្ដេជ្ញាចិត្តរបស់លោក អាបេ ក្នុងការបន្តចូលរួមប្រតិបត្តិការកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
យ៉ាងណាក្ដី ក្រុមអ្នករិះគន់និយាយថា ស្ថានភាពរបស់ទាហានជប៉ុននៅស៊ូដង់ខាងត្បូង បានបំពានច្បាប់ធម្មនុញ្ញសន្តិភាពរបស់ជប៉ុន។ ការវាយប្រយុទ្ធរវាងក្រុមឧទ្ទាម គឺជារឿងគួរឲ្យព្រួយបារម្ភសម្រាប់ទាហានជប៉ុន ដែលមិនមែនជាទាហានប្រយុទ្ធនោះ។ ទាក់ទងបញ្ហានេះ លោកស្រី អ៊ីណាដា ចាត់ទុកជាការបំបាក់មុខមាត់ក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន ហើយក្នុងនាមជារដ្ឋមន្ត្រី លោកស្រីសូមទទួលខុសត្រូវទាំងស្រុង។
តាមពិតទៅ អនាគតរបស់រដ្ឋមន្ត្រីការពារជាតិជាស្ត្រីរូបនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់យូរមកហើយដែរ។ លោកស្រី អ៊ីណាដា ក៏មានឈ្មោះក្នុងបញ្ជីមន្ត្រីរដ្ឋាភិបាលដែលត្រូវកាត់ចោលក្នុងការរុះរើគណៈរដ្ឋមន្ត្រី ដែលរំពឹងថានឹងធ្វើនៅសប្ដាហ៍ក្រោយ។ លោក អាបេ នឹងផាត់ចេញមន្ត្រីចំនួន ក៏ដូចជាផ្លាស់ប្ដូរតំណែងមន្ត្រីខ្លះទៀត ដើម្បីបង្កើនប្រជាប្រិយភាពឡើងវិញ ខណៈអត្រាគាំទ្រលោកមានក្រោម៤០ភាគរយឯណោះ។
ជាមួយនឹងការចាកចេញរបស់លោកស្រី អ៊ីណាដា លោក អាបេ បានចាត់តាំងឲ្យលោក ហ្វ៊ូមីអូ គីស៊ីដា ទទួលបន្ទុកការងារការពារជាតិសិន បន្ថែមពីតំណែងរដ្ឋមន្ត្រីការបរទេសរបស់លោក ព្រោះស្ថានការណ៍ក្នុងតំបន់កំពុងមិនសូវល្អ។ លោក អាបេ នឹងរើសរដ្ឋមន្ត្រីថ្មី ដើម្បីទាញសេចក្តីទុកចិត្តពីកងទ័ព និងប្រជាជនឡើងវិញ ដោយនិយាយថា លោកនឹងព្យាយាមរក្សាការប្រុងប្រយ័ត្ន និងការពារសន្តិសុខប្រជាជនជប៉ុនឲ្យដិតដល់៕
Tag:
ជប៉ុន
ស៊ីនហ្សូ អាបេ
តូម៉ូមី អ៊ីណាដា
© រក្សាសិទ្ធិដោយ thmeythmey.com