អន្តរជាតិ
លោក ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រើប្រាស់មូលដ្ឋានទ័ពអាកាសនៅស៊ីរីជិត ៥០ឆ្នាំ
× ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់សច្ចាប័នកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យមានការពង្រាយកងទ័ពអាកាសរុស្ស៊ីទៅកាន់មូលដ្ឋានទ័ពនៅស៊ីរីក្នុងរយៈពេល ៤៩ ឆ្នាំនៅថ្ងៃពុធទី ២៦ កក្កដា។ ក្នុងករណីចាំបាច់ រុស្ស៊ីអាចមានសិទ្ធិប្រើប្រាស់មូលដ្ឋានទ័ពស៊ីរី ២៥ឆ្នាំទៀត ក្រោយកិច្ចព្រមព្រៀងនេះផុតសុពលភាព។
ច្បាប់ដែលផ្តល់សច្ចាប័នកិច្ចព្រមព្រៀងអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់មូលដ្ឋានទ័ពអាកាសស៊ីរីនោះ ត្រូវបានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាជាផ្លូវការនៅពុធសប្តាហ៍នេះ បន្ទាប់ពីសភារុស្ស៊ីទាំងពីរអនុម័តរួចរាល់។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កិច្ចព្រមព្រៀងប្រើប្រាស់មូលដ្ឋានទ័ពស៊ីរីនេះ ត្រូវបានភាគីទាំងពីរចុះហត្ថលេខានៅក្រុងដាម៉ាស កាលពីខែមករាឆ្នាំ ២០១៧នេះ។ វាក៏អនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់មូលដ្ឋានទ័ពអាកាស Khmeimin នៅខេត្ត Latakia ដើម្បីវាយប្រហារលើទីតាំងសត្រូវមានទាំងក្រុមដែស្ហ និងក្រុមប្រឆាំងរដ្ឋាភិបាល បាសា អាល់អាសាដ ដែរ។
ក្រោមអំណាចនៃកិច្ចព្រមព្រៀងនេះ រុស្ស៊ីអាចប្រើប្រាស់មូលដ្ឋានទ័ពអាកាសស៊ីរីដើម្បីបំពេញប្រតិបត្តិការបានក្នុងរយៈពេល ៤៩ឆ្នាំទៅមុខ ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាក៏ផ្តល់ជម្រើសសម្រាប់រដ្ឋាភិបាលក្រេមឡាំងក្នុងការបន្ថែមពេលវេលា ២៥ ឆ្នាំទៀតបានដែរក្នុងករណីដែលកិច្ចព្រមព្រៀងអស់សុពលភាព។
តាមពិតទៅរុស្ស៊ីបានពង្រាយកងទ័ពអាកាសរបស់ខ្លួនទៅកាន់ទឹកដីស៊ីរីនៅខែកញ្ញា ឆ្នាំ ២០១៥ ក្រោមលេសជួយប្រឆាំងភេរវកម្ម ហើយពួកគេត្រូវឈរជើងនៅមូលដ្ឋានទ័ពអាកាស Khmeimim ។ ប៉ុន្តែដល់ខែមីនាឆ្នាំ ២០១៨ យន្តហោះចម្បាំងនិងកងទ័ពជាច្រើននាក់ដែលត្រូវបានបញ្ជូនទៅស៊ីរីនោះត្រូវបានដកចេញ ហើយលោកពូទីនប្រកាសថា រុស្ស៊ីបានសម្រេចគោលដៅសំខាន់របស់ខ្លួនហើយ។
យ៉ាងណាមិញ រុស្ស៊ីមិនបានដកកងទ័ពទាំងស្រុងឡើយ ហើយរដ្ឋាភិបាលរុស្ស៊ីបានប្រកាសថាខ្លួននៅរក្សាទុកកងទ័ពនៅកំពង់ផែ Tartus និងនៅមូលដ្ឋានទ័ពអាកាស Khmeimim ដដែលដើម្បីជួយឃ្លាំមើលស្ថានការណ៍ក្នុងតំបន់និងធានាបាននូវការអនុវត្តបទឈប់បាញ់នៅក្នុងទឹកដីស៊ីរីដែរ។ កងទ័ពរុស្ស៊ីទាំងនោះនៅបន្តប្រតិបត្តិការប្រឆាំងក្រុមភេរវជន និងឆ្លៀតសំពោងក្រុមប្រដាប់អាវុធដែលប្រឆាំងរដ្ឋាភិបាលស៊ីរីផងដែរ។ ដោយសារវត្តមានទ័ពនិងការជួយជ្រោមជ្រែងពីរុស្ស៊ីខ្លាំងបែបនេះហើយ ទើបរដ្ឋាភិបាលក្រុងដាម៉ាសអាចរឹងដៃ រឹងជើងបានដូចពេលបច្ចុប្បន្ននោះ៕
Tag:
វ្ល៉ាឌីមៀ ពូទីន
ស៊ីរី
Khmeimin
© រក្សាសិទ្ធិដោយ thmeythmey.com