ជាតិ
​​​ន​យោ​បាយ​ជាតិ​
«​ភ្លើងទៀន​» គឺជា​ឈ្មោះ​ថ្មី​របស់​គណបក្ស​សម រង្ស៊ី​
30, Jul 2017 , 10:59 am        
រូបភាព
ភ្នំពេញ​៖ «​គណបក្ស​ភ្លើងទៀន​» គឺជា​ឈ្មោះ​ថ្មី ដែល​នឹងត្រូវ​ជំនួស​ឲ្យ​គណបក្ស​សម  រង្ស៊ី​​។ ការប្តូរឈ្មោះ​នេះ គឺ​ដើម្បី​ជៀសវាង​ពី​ការ​ប្រឈម​នឹង​ច្បាប់​​ស្តីពី​គណបក្សនយោបាយ​។ នេះ​បើតាម​ការអះអាង​របស់​លោក ទាវ វ​ណ្ណុល​។​



​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា គណបក្ស សម រង្ស៊ី នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅជា «​គណបក្ស​ភ្លើងទៀន​» (Candle Light Party)​។ លោក បកស្រាយ​ពី​មូលហេតុ​នៃ​ការជ្រើសរើស​ឈ្មោះ​នេះ យ៉ាង​ដូច្នេះ​ថា​៖«​យើង សម្រេចចិត្ត​ដាក់ឈ្មោះថា គណបក្ស​ភ្លើងទៀន ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​ធ្លាប់​ហៅ​អ៊ីចឹង​។ ប្រជាពលរដ្ឋ តែង​ហៅ​គណបក្ស​សម រង្ស៊ី ថា​គណបក្ស​ភ្លើងទៀន គណបក្ស​ភ្លើងទៀន​។ ដូច្នេះ​ឈ្មោះ​ហ្នឹង ប្រជាពលរដ្ឋ​ស្គាល់​ច្រើន ហើយ​ងាយ​ចងចាំ​ទៀត​។ នេះហើយ​ជាហេតុ​ផល​ដែល​យើង​សម្រេចយក​ឈ្មោះ​ហ្នឹង​»​។​

លោក ទាវ វ​ណ្ណុល បន្តថា គណបក្ស នឹងធ្វើ​សមាជ​វិសាមញ្ញ​នាពេល​ខាង​មុន ដើម្បី​អនុម័ត​ប្រើ​ឈ្មោះ​គណបក្ស​ភ្លើងទៀន ជា​ផ្លូវការ ជំនួស​ឲ្យ​គណបក្ស សម រង្ស៊ី ដែល​នឹងត្រូវ​លុបចេញ​។ យ៉ាងណា លោក ប្រាប់ថា គណបក្ស មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់ ក្នុងការ​ធ្វើ​សមាជ​វិសាមញ្ញ​ឡើយ​។ 

លោក ទាវ វ​ណ្ណុល បន្ថែមថា គណបក្ស សម រង្ស៊ី ដែល​ទៅមុខ នឹង​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើងទៀន នឹងមិន​ដាក់​បេក្ខជន​ឲ្យ​ឈរឈ្មោះ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នានា ទៀត​ទេ​។ ប៉ុន្តែ លោក បាន​សង្កត់ធ្ងន់ថា គណបក្ស​នេះ នឹង​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ ដោយ​មិនត្រូវ​រំលាយចោល​នោះទេ ទោះជា​ពេល​ទៅមុខ សមាជិក​សំខាន់ៗ ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ​។

​បច្ចុប្បន្ន​គណបក្ស សម រង្ស៊ី ដែល​នឹងមាន​ឈ្មោះ​ថ្មី​ថា «​ភ្លើងទៀន​» កាន់កាប់​អាសនៈចំនួន​១១ ក្នុងព្រឹទ្ធសភា ដែល​ត្រូវ​រក្សា​រហូតដល់​ការបោះឆ្នោត​ព្រឹទ្ធសភា​ថ្មី​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។

ការប្តូរឈ្មោះ​នេះ គឺ​ដើម្បី​ឲ្យ​ស្រប​នឹង​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​ចូល​ជា​ធរមាន នាពេល​ថ្មីៗ​នេះ​។ មាត្រា​ថ្មី​ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ត្រូវបាន​សរសេរ​បន្ថែម ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំណត់ថា គណបក្សនយោបាយ មិនអាច​យកឈ្មោះ​របស់​បុគ្គល ទៅធ្វើជា​ឈ្មោះ​គណបក្ស​នោះទេ ហើយក៏​មិនអាច​យក​រូប​រប​ស់បុ​គ្គល ទៅធ្វើជា​សញ្ញា​សម្គាល់​គណ​បក្ស ដែរ​។​

នៅមាន​មាត្រា​សំខាន់ៗ​ផ្សេងទៀត ដែល​ត្រូវបាន​សរសេរ​ឡើង ដើម្បី​បន្ថែម​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ មាត្រា​ថ្មី​ទាំងនោះ មានដូចជា ការមិន​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ ប្រើប្រាស់​រូបថត សារ​ជា​សំឡេង វីដេអូ និង​ឯកសារ​ជា​លាយលក្ខណ៍អក្សរ របស់​អ្នកទោស ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ ជាដើម​។ មាត្រា​ថ្មី ក៏​មិន​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ គាំទ្រ​សកម្មភាព​ណាមួយ​របស់​អ្នកទោស ផងដែរ​។ ដោយ​ផ្នែក​លើ​មាត្រា​ថ្មី ប្រសិនបើ​គណបក្ស​ណាមួយ បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ តុលាការ អាចមាន​អំណាច ដើម្បី​រំលាយ​គណបក្ស​នោះ​។​

សូមបញ្ជាក់ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​ចំនួន​ពីរ​ហើយ ក្នុង​ឆ្នាំ​២០១៧​នេះ​។ លើកទីមួយ កាលពីដើមឆ្នាំ​២០១៧ ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​ថា អ្នកទោស មិនអាច​ធ្វើជា​ប្រធាន​គណបក្ស និង​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ណាមួយ​ឡើយ​។ តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ផ្តួចផ្តើម ក្នុងការ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទាំងពីរ​លើក​នេះ​។ ហើយ​អ្នក ដែល​ស្នើ​ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែកឯ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រឆាំងនឹង​ការកែប្រែ​ច្បាប់​នេះ​៕​




© រក្សាសិទ្ធិដោយ thmeythmey.com