ជាតិ
The Voice Kids Cambodia៖ កុមារា ពេជ្រ ថៃ ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង កុមារា ពេជ្រ ថៃ ធ្វើភ្នែកស្រលៀង មុនពេលសម្រេចយកលោក ព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក
× ត្រឹមតែជាង១៥ម៉ោងប៉ុណ្ណោះ វីដេអូស្តីពីសកម្មភាពរបស់កុមារា ពេជ្រ ថៃ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធី The Voice Kids Cambodia មានការចូលទស្សនាជាង ១.៨លានដង ចែករំលែក (Shares) ជាង១៣ម៉ឺន និងការចុច Like ជាង១២ម៉ឺន។
វ័យ១២ឆ្នាំ មកពីខេត្តបាត់ដំបង កុមារា ពេជ្រ ថៃ បានបកស្រាយបទចម្រៀងរបស់ស្តេចចម្រៀង ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា «បាត់ដំបងបណ្តូលចិត្ត»។ សំនៀងពីរោះ និងសំឡេងច្បាស់តាមតួអក្សរ បានទាក់ទាញគ្រូបង្វឹកទាំងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា សុគន្ធ នីសា ចុចប៊ូតុង «I Want You» ជាបន្តបន្ទាប់។
ទេពកោសល្យទទួលបាននូវការស្ងើចសរសើរបន្ថែមទៀតនោះ កុមារាដែលរៀនថ្នាក់ទី៧រូបនេះ មានកាយវិការ និងសំដីក្រម៉េចក្រមើម និងកំប្លែងគួរឲ្យកោតសរសើរយ៉ាងខ្លាំង។ កុមារារូបនេះ រស់នៅជាមួយជីដូននៅក្នុងស្រុកមោងឫស្សី ដោយឪពុកម្តាយធ្វើការជាប្រចាំនៅក្នុងប្រទេសថៃ។ ពេជ្រ ថៃ បានសម្រេចយកលោកព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក។
អ្នកខ្លះបានចំណាយពេលមើលម្តងហើយម្តងទៀត ឃ្លីបរបស់ ពេជ្រ ថៃ ដែលបានអូសបន្លាយរហូតដល់ទៅ២៣នាទី។ ម្នាក់ៗផ្ទុះសំណើច និងកោតសរសើរមិនដាច់ពីមាត់។ តាមរយៈគណនី Youtube របស់ The Voice Kids Cambodia ផងដែរនោះ សមត្ថភាពរបស់កុមារ ពេជ្រ ថៃ ក៏ទទួលបាននូវការកោតសរសើរពីសំណាក់ជនបរទេសដែលមិនចេះភាសាខ្មែរផងដែរ។
កម្មវិធី The Voice Kids Cambodia របស់ទូរទស្សន៍ហង្សមាស វគ្គ Blind Audition បានឈានចូលសប្តាហ៍ទីពីរ កាលពីថ្ងៃសៅរ៍។ កាលពីសប្តាហ៍ទីមួយ កុមារពីររូបក៏ទទួលនូវការចាប់អារម្មណ៍ដ៏គួរឲ្យកត់សម្គាល់រហូតមានការចូលទស្សនាជាង១លានដងផងដែរ ក្នុងនោះ មានកុមារី ឃុយ មីុហៀង ពីខេត្តកំពង់ស្ពឺ ដែលច្រៀងបទ «ចាំនៅតែចាំ» និងកុមារី រ៉ាស៊ី លីម៉ូរីយ៉ា នៅរាជធានីភ្នំពេញ ដែលច្រៀងបទ «Blank Space»៕
© រក្សាសិទ្ធិដោយ thmeythmey.com