ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឥស្សរជន​ណាខ្លះ​ដែលមាន​គោរមងារ​ជា «​សម្តេច​» ?
30, Jul 2017 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រៅពី​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់​សង្ឃ និង​សែ​រាជវង្ស បច្ចុប្បន្ន​មាន​ឥស្សរជន​ជាន់ខ្ពស់​៩​នាក់​ហើយ​ដែល​ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទាន​គោរមងារ ជា «​សម្តេច​» ជា​បន្តបន្ទាប់ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។



១.​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម (​អតីត​ប្រធានរដ្ឋសភា​)

២.​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន (​ប្រធានរដ្ឋសភា​)

៣.​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​នាយករដ្ឋមន្ត្រី​)

៤.​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រី​ង្គា​រ គង់ សំអុល (​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​)

៥.​សម្តេច សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (​ស្ត្រី​ទី​១ និង​ជា​ប្រធាន​សមាគមជាតិ​កាកបាទក្រហមកម្ពុជា​)

៦.​សម្តេច​ក្រឡាហោម ស ខេង (​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​)

៧.​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ (​ប្រធានព្រឹទ្ធសភា​)

៨.​សម្តេច​វិបុល​បញ្ញា សុខ អាន (​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​)

៩.​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ (​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​)

​សម្តេច​ទាំង​៩​រូប​សុទ្ធសឹងតែ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សម្តេច​ពីរ​នាក់​បានទទួល​មរណភាព​ទៅហើយ គឺ​សម្តេច ជា ស៊ីម ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥​ក្នុង​អាយុ​៨២​ឆ្នាំ និង​សម្តេច សុខ អាន កាលពី​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៧ ក្នុង​អាយុ​៦៦​ឆ្នាំ​។​



​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា គោរមងារ​សម្តេច​ទាំងអស់​ទទួលបាន គឺជា​រង្វាន់​ដ៏​មាន​អត្ថន័យ​ឧត្តុង្គឧត្តម ដែល​ពួកគាត់​បាន​សាង​ស្នាដៃ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិ សាសនា ព្រះមហាក្សត្រ​។



​ក្រោយ​ការទទួលបាន​គោរមងារ​ជាស​ម្តេច របស់ លោក ទៀ បាញ់ អ្នក​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​គណបក្ស​កាន់អំណាច និង​របស់​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​របស់​ប្រជាជន​កម្ពុជា​ទូទៅ​។​

​កន្លងមក ឥស្សរជន​ដែល​ទទួលបាន​គោរមងារ​ជា «​សម្តេច​» ក្រោម​ព្រះរាជទាន​របស់​សម្តេច​ព្រះវររាជបិតា នរោត្តម សីហនុ រួមមាន​ដូចជា សម្តេច ប៉ែន នុត សម្តេច ចៅសែន កុសល ឈុំ សម្តេច បវរ​សេដ្ឋា សឺ​ន សាន និង សម្តេច​ចក្រី​តេ​ជោ​ធិបតី ញឹក ជូ​ឡុង ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com