ជាតិ
កញ្ញា ឡាំ សុ​វ​ណ្ណី ខំរៀន​រហូត​ក្លាយជា​សិស្ស​ឆ្នើម ព្រោះ​មិន​ចង់​ធ្វើជា​កម្មការិនី​នៅ​ថៃ​
31, Jul 2017 , 9:59 pm        
រូបភាព
ដោយ:
​កញ្ញា ឡាំ សុ​វ​ណ្ណី គឺជា​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ដ៏​ឆ្នើម​មួយរូប​នៅ​សកល​វិទ្យាល័យ បញ្ញា​សាស្ត្រ​កម្ពុជា​។ រយៈពេល ៤ ឆ្នាំ សិក្សា​នៅ​សកល​វិទ្យាល័យ​នេះ សុ​វ​ណ្ណី ទទួលបាន​និទ្ទេស A គ្រប់មុខ​វិជ្ជា​។ តាមពិត​មុននឹង​ក្លាយជា​សិស្ស​ពូកែ និស្សិត​ដែល​វ័យ ២១ ឆ្នាំ រូបនេះ ធ្លាប់ជា​សិស្ស​ដែល​រៀន​ខ្សោយ​ជាងគេ​បំផុត​នៅក្នុង​ថ្នាក់​។ កញ្ញា សុ​វ​ណ្ណី បញ្ជាក់ថា កត្តា​ដែល​ជំរុញ​ឲ្យ​នាង​ខំ​ប្រឹងរៀន​ឡើងវិញ និង​ក្លាយជា​សិស្ស​ពូកែ  ដោយសារ​មិន​ចង់ទៅ​ធ្វើជា​ពល​ការិនី​នៅ​ប្រទេស​ថៃ និង​ដំបូន្មាន​របស់​ម្តាយ​។​



​សិក្សា ៤ ឆ្នាំ នៅ​សកល​វិទ្យាល័យ កញ្ញា ឡាំ សុ​វ​ណ្ណី ទទួលបាន​និទ្ទេស A គ្រប់មុខ​វិជ្ជា​ជាប់​រហូត​។ នេះ​ជា​លទ្ធផល​ដ៏​ល្អ​នៃ​ការសិក្សា ដែល​សុ​វ​ណ្ណី ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​។ សុ​វ​ណ្ណី កំពុងបន្ត​ការសិក្សាថ្នាក់​បរិញ្ញាបត្រឆ្នំាទី៤ ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​។ និស្សិត​ដែល​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ រៀបរាប់​សង្ខេប​ពី​ប្រវត្តិ​នៃ​ការសិក្សា​របស់​នាង​ថា ខ្លួន​គឺជា​អតីត​សិស្ស​ខ្សោយ​បំផុត​ប្រចាំ​ថ្នាក់​កាលពី​នៅ​បឋមសិក្សា និង​អនុវិទ្យាល័យ​។​«​ក្នុងចំណោម​សិស្ស​២៥ នាក់ ខ្ញុំ​រៀន​ជាប់​លេខ ២៣ ឬ​២៤ នៅក្នុង​ថ្នាក់​។ ខ្ញុំ​ធ្លាប់​គេ​ថា ជា​សិស្ស​ឈ្លើយ​ក្នុង​ថ្នាក់ ព្រោះ​ខ្ញុំ​ចូលចិត្ត​គេច​សាលា និង​មួយថ្ងៃៗ​ដើរ​តែ​លេង​។ ខ្ញុំ​ទៅ​រៀន មិនសូវមាន​មិត្តភក្តិ​ទេ និង​គ្រូ​ស្អប់​ទៀត​»​។ នេះ​ជាការ​បន្ថែម​របស់ កញ្ញា ឡាំ សុ​វ​ណ្ណី​។​



​តែ​យ៉ាងណា មិនយូរប៉ុន្មាន​ឡើយ សុ​វ​ណ្ណី បាន​ផ្លាស់ប្តូរ​នូវ​អត្តចរិត​មិនល្អ ងាក​មក​សង្វាត​នឹង​ការសិក្សា​វិញ រហូត​បាន​ក្លាយជា​សិស្ស​ឆ្នើម​នៅក្នុង​ថ្នាក់​។ និស្សិត​ដែលមាន​ឪពុក​ជា​មេភូមិ និង​ម្តាយ​លក់​អីវ៉ាន់​ចាប់ហួយ​តូចតាច​នៅក្នុង​ភូមិ បាន​រម្លឹកថា ហេតុផល​ដែល​នាង​ងាក​មក​ខំប្រឹង​រៀន​វិញ​ពេលនោះ ក្រោយពី​ខ្លួន​ពិចារណា​ទៅលើ​ដំបូន្មាន​របស់​ម្តាយ និង​ការមើលឃើញ​ភាពលំបាក​មិត្ត ដែល​ឈប់រៀន ដើម្បី​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ និង​កត្តា​សំខាន់ៗ​រួមផ្សំ​មួយចំនួនទៀត​។ សុ​វ​ណ្ណី លើកឡើង​ពី​ពាក្យ​ម្តាយ ដែល​បាន​ទូន្មាន​ខ្លួន​កន្លងមក​យ៉ាងនេះ​ថា​៖«​កូនស្រី​! យើង​កើតជា​កូនស្រី មិនអាច​ពឹងពាក់​ទាំងស្រុង​តែ​លើ​បុរស​នោះទេ​។ កាលណា​មនុស្ស​ស្រី ពឹងពាក់​តែ​លើ​ប្តី រៀន​មិនចេះ ល្ងង់ខ្លៅ នោះ​ប្តី​នឹង​មើលងាយ និង​ធ្វើបាប ទោះបី​ប្តី​នោះ​ជា​អ្នករៀន​បាន​ខ្ពង់ខ្ពស់​ក្តី​»​។ កញ្ញា​បញ្ជាក់ថា ពាក្យពេចន៍​ម្តាយ​ទាំងអស់នេះ បាន​ជាប់​នៅក្នុង​ចិត្ត​របស់ខ្លួន​ជានិច្ច និង​ជា​ដំបូន្មាន​ដែល​តែង​ក្រើនរម្លឹក​និស្សិត​សម្បុរ​សណ្តែកបាយ​រូបនេះ ឲ្យ​ខំប្រឹង​រៀនសូត្រ​ជាប្រចាំ​។​

​ជាមួយគ្នានេះ ដោយសារ សុ​វ​ណ្ណី កើត​នៅ​ខេត្តបន្ទាយមានជ័យ ដែលជា​ខេត្ត​សម្បូរ​ជន​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និស្សិត​រូបនេះ តែង​ឃើញ​ភាពលំបាក​របស់​មិត្តភក្តិ​របស់ខ្លួន ដែល​ឈប់រៀន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​នាង​មិន​ចង់ទៅ​ធ្វើក​ម្មករ​នៅ​ស្រុកថៃ​នោះទេ​។​«​ខ្ញុំ​ឃើញ​មិត្តភក្តិ ដែល​ធ្លាប់តែ​ដើរលេង​ជាមួយ​ខ្ញុំ ត្រូវបាន​ឪពុកម្តាយ​ពួកគេ បញ្ចូនទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ខ្ញុំ​មាន​អារ​ម្មរណ៍​ថា បើ​មិន​ទៅ​រៀន​ឬ​ខំ​ប្រឹងរៀន​ទេ ម៉ែ​ពុក នឹង​ប​ញ្ចូ​ន​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​ស្រុក​គេ​ដែរ​ហើយ​»​។ នេះ​ជា​កត្តា​សំខាន់​មួយ​ដែរ ដែល​ញ៉ាំង​នារី​ម្នាក់នេះ​ឲ្យ​សង្វាត​សិក្សា ទន្ទឹមនឹង​ការឈឺចាប់​នឹង​ពាក្យ​មើលងាយ​មួយចំនួន​ពី​មិត្ត​រួម​ថ្នាក់ កាលពី​ខ្លួន​នៅ​ជា​សិស្ស​ខ្សោយ​ក្នុង​ថ្នាក់​ផងដែរ​។ ការ​ខំប្រឹង​សិក្សា​របស់​សុ​វ​ណ្ណី ដ៏​ពិ​សេសមួយ គឺ​ការអាន​សៀវភៅ​។ នាង​បញ្ចាក់​យ៉ាងនេះ​ថា​៖«​អារ​ម្មរណ៍​ដែល​ត្រូវបាន​គេ​មើលងាយ ខ្ញុំ​បាន​កែប្រែ​វា ជា​សេចក្តីស្រលាញ់​វិញ តាមរយៈ​ស្រឡាញ់​ការអាន​សៀវភៅ​»​។



​ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ​២០១៣ និស្សិត​រូបនេះ បានធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។ ក្រៅតែពី​ការរៀន​ពូកែ​នៅ​សាកលវិទ្យាល័យ សុ​វ​ណ្ណី ក៏​ជា​គ្រូបង្វឹក និង​ជា​អ្នក​ជជែក​ពិភាក្សា​ដ៏​ពូកែ​ម្នាក់​ដែរ​។ មិនតែប៉ុណ្ណោះ កញ្ញា​ក៏បាន​ចូលរួម​ធ្វើ​ការងារ​សង្គម​យ៉ាងសកម្ម​។ និស្សិត​ឆ្នើម​រូបនេះ​បាន​បែងចែក​ច្បាស់លាស់ រវាង​ការងារ​សង្គម និង​ការសិក្សា និង​បន្ត​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ជាប្រចាំ​។

​កញ្ញា ឡាំ សុ​វ​ណ្ណី មានបំណង​បន្ត​ការសិក្សា​នៅ​បរទេស ដើម្បី​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​។ នាង ប្តេជ្ញា​បែបនេះ​ថា​៖«​ខ្ញុំ​ចង់​ធ្វើ​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង​។ ដូច្នេះ ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​បរទេស​»​។ នៅ​ឆ្នាំ​២០១៧ កញ្ញា​ក៏​ទទួលបាន​អាហារូបករណ៍​ពី​វិទ្យាស្ថាន​កិច្ចការ​អាស៊ី​អាគេ្នយ៍ ដើម្បី​បន្ត​ការសិក្សា​កម្មវិធី​ផ្លាស់ប្តូរ​ជំនាញ​ទំនាក់ទំនង​អន្តជាតិ នៅ​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ​។

​និស្សិត​ដែល​បាន​ប្រឆាំង​ភាព​ខ្សោយ​របស់ខ្លួន ព្រោះ​មិន​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​រូបនេះ មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ការងារ​រដ្ឋ​ក្នុង​តំណែង​ណាមួយ​នាពេល​អនាគត ដែល​នាង​អាច​ប្រើប្រាស់​សមត្ថភាព​ជួយ​សង្គម​បាន​ច្រើន ជាពិសេស​ជួយ​ក្មេងៗ​ឲ្យ​ទទួលបាន​ការអប់រំ និង​មានឱកាស​រៀនសូត្រ​បាន​ស្មើៗ​គ្នា​៕   












Tag:
 ឡាំ សុ​វ​ណ្ណី​
  សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com