អន្តរជាតិ
​បច្ចេកវិទ្យា
CPSC៖ ស្រោម​ទូរ​សព្ទ​ដែលមាន​វត្ថុ​រាវ និង​ពន្លឺ​ភ្លឺ​ផ្លេក បង្ក​ឲ្យ​រលាក​ស្បែក​
03, Aug 2017 , 1:55 pm        
រូបភាព
ដោយ: ធីតា
​គណៈកម្មាធិការ​សុវត្ថិភាព​ផលិតផល​អតិថិជនរ​បស់​សហរដ្ឋអាមេរិក (CPSC)  រកឃើញថា ស្រោម​ទូរ​សព្ទ​ដៃ​ដែលមាន​វត្ថុ​រាវ និង​ពន្លឺ​ភ្លឺ​ផ្លេក​របស់​ក្រុមហ៊ុន MixBin Electronics បង្កបញ្ហា​រលាក​ស្បែក​។​



​ក្រុមហ៊ុន​អេឡិចត្រូនិក MixBin Electronics បានធ្វើការ​ប្រមូល​ផលិតផល​ស្រោម​ទូរ​សព្ទ​សម្រាប់ iPhone ចូល​ក្រុមហ៊ុន​វិញ ដោយមាន​ប្រមាណ​២៦៣ ០០០​នៅ​សហរដ្ឋអាមេរិក ១១ ៤០០​នៅ​កាណាដា និង​៤០០​នៅ​ម៉ិ​ក​ស៊ិ​ក​។ ជាមួយគ្នានេះ អតិថិ​ជិន​ក៏​ទទួល​បានការ​សងលុយ​វិញ​ផងដែរ​។​



​យោងតាម​គណៈកម្មាធិកា​រ CPSC អ្នកប្រើប្រាស់​ស្រោម​ទូរ​សព្ទ​ដែលមាន​វត្ថុ​រាវ និង​ពន្លឺ​ផ្លេក​របស់​ក្រុមហ៊ុន MixBin Electronics មាន​២៤​ករណី​លើ​ពិភពលោក​ ក្នុងនោះ​១៩​ករណី​នៅ​សហរដ្ឋអាមេរិក កើត​ជំងឺ​រលាក​ស្បែក ដោយសារតែ​ការបញ្ចេញ​សារធាតុ​គីមី​មក​ក្រៅ​។​

​គេហទំព័រ Health US News បានលើកឡើង​ពី​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយចំនួន​ផងដែរ ក្នុងនោះ​អ្នកប្រើប្រាស់​ម្នាក់ ជាប់​ស្លាកស្នាម​ជា​អចិន្ត្រៃយ៍ ដោយសារតែ​រលាក​ជាតិគីមី​ខ្លាំង​។ អ្នកប្រើប្រាស់​ខ្លះទៀត ហើម និង​មាន​ស្នាម​កន្ទួល​នៅលើ​ដៃ ជើង ខ្លួនប្រាណ ដើមទ្រូង និង​បន្ត​រាលដាល​លើ ក និង​ផ្ទៃមុខ ផងដែរ​។



​ស្រោម​ដែលមាន​បញ្ហា​ភាគច្រើន គឺ​ប្រើ​សម្រាប់ iPhone 6, 6s និង​7  ដែល​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​ចិន ហើយ​បាន​ដាក់លក់​ចន្លោះ​ពី​ខែតុលា ឆ្នាំ​២០១៥ ដល់​ខែមិថុនា ឆ្នាំ​២០១៧ ។ ស្រោម​ទូរ​សព្ទ​នោះ មាន​សារធាតុ​រាវ ពន្លឺ និង​ពណ៌​ជាច្រើន​បែប​។ តម្លៃ​ដែល​ដាក់លក់​តាម​អន​ឡាញ​ជាធម្មតា ​គឺ​ចន្លោះ​ពី​១៥ ទៅ​៦៥​ដុល្លារ​អាមេរិក​។​

​គណៈកម្មាធិការ CPSC របស់​អាមេរិក បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ទារលុយ​សំណង​វិញ​ពី​ក្រុមហ៊ុន MixBin ហើយ​បញ្ឈប់​ការប្រើប្រាស់​ស្រោម​ដែលមាន​បញ្ហា​ទាំងនោះ​៕


Tag:
 CPSC
  ទូរ​សព្ទ​
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com