កីឡាអន្តរជាតិ
អន្តរជាតិ
Super Cup៖ Real Madrid ប៉ះ Manchester United នៅយប់ម៉ោង១ និង៤៥នាទី
× Manchester United ត្រូវប៉ះ Real Madrid ដើម្បីដណ្តើមពាន UEFA Super Cup នៅទីក្រុង Skopje ប្រទេសម៉ាសេដ្វាន (Macedonia) នាវេលាម៉ោង ១:៤៥ រំលងអាធ្រាតយប់នេះ [ម៉ោងនៅកម្ពុជា]។ ក្នុងជំនួបនេះ អ្នកចាត់ការទូទៅក្រុមស្តេចស Zinedine Zidane បាននិយាយថាក្រុមរបស់លោក "មិនធុញទ្រាន់នឹងជ័យជម្នះនេះទេ" ខណៈដែលលោក Jose Mourinho អ្នកចាត់ការក្រុមបិសាចក្រហម ហៅការប្រកួតនេះថាជា "កិត្ដិយស" មួយក្នុងការចូលរួមដណ្តើមពានរង្វាន់ដ៏ល្បីនេះ។
Real Madrid ក្នុងនាមជាម្ចាស់ជើងឯក UEFA Champion League នឹងត្រូវប៉ះ Manchester United ដែលជាម្ចាស់ពាន UEFA Europa League រដូវកាលមុន។
សម្រាប់១១នាក់ដំបូងរបស់អ្នកចាត់ការសញ្ជាតិបារាំង Zidane រួមមានអ្នកចាំទី Navas ខ្សែការពារ Carvajal, Ramos, Varane, Marcelo ខ្សែបម្រើ Modrić, Casemiro, Kroos, Isco និងខ្សែប្រយុទ្ធ Benzema, Bale ខណៈ Cristiano Ronaldo អាចស្ថិតនៅកៅអីបម្រុង។
រីឯ១១នាក់ដំបូងរបស់អ្នកចាត់ការរហស្សនាម The Special One រួមមាន អ្នកចាំទី De Gea ខ្សែការពារ Valencia, Lindelöf, Smalling, Blind ខ្សែបម្រើ Herrera, Matić, Pogba និងខ្សែប្រយុទ្ធ Rashford, Lukaku, Mkhitaryan។
អ្នកចាត់ការ Real Madrid វ័យ៤៥ឆ្នាំ បានលើកឡើងនៅមុនការប្រកួតនេះថា៖«ការប្រកួតនៅយប់នេះគឺសំខាន់បំផុត។ យើងនៅទីនេះដើម្បីឈ្នះ, គ្មានអ្វីផ្សេងត្រូវគិតនោះទេ។ ខ្ញុំធ្លាប់ជាកីឡាករនៅទីនេះរយៈពេល ១៦ ឆ្នាំដែរ ប៉ុន្តែខ្ញុំបានលេងឲ្យក្រុមផ្សេងទៀតទល់នឹង Real នេះ ហើយពួកគេគឺជាក្រុមដែលតែងតែស្រែកឃ្លានជ័យជម្នះជានិច្ច។ យើងដឹងថាពីមួយឆ្នាំទៅមួយឆ្នាំវាកាន់តែលំបាកសម្រាប់យើងប៉ុន្តែយើងនៅតែមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាប់ និងភាពអត់ឃ្លានជ័យជម្នះ ហើយយើងមិនធុញទ្រាន់នឹងការឈ្នះឡើយ»។
ចំណែកអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំ ក៏បានបរិយាយមុនពេលជួបអតីតក្រុមចាស់ខ្លួនដែរថា៖«ខ្ញុំពិតជារំភើបដែលបានដឹកនាំក្រុមប្រកួតដណ្តើមពាន Super Cup នេះ និងលេងជាមួយក្រុមម្ចាស់ជើងឯកកំពូលអឺរ៉ុប។ វាជាកិត្តិយសណាស់ ដែលត្រូវប្រជែងជាមួយក្រុមដែលមានប្រវត្តិធ្លាប់ឈ្នះពានសំខាន់ៗច្រើនបំផុតលើលោកដូចជា Real Madrid នេះ។ យើង រីករាយនឹងលេងជាមួយឱកាសពិសេសនេះ ព្រោះយើងមិនមានឱកាសច្រើនដងទេដើម្បីបានលេងពាន Super Cup នេះ»។
សូមបញ្ជាក់ថា ពាន UEFA Super Cup ជាការប្រកួតរវាងក្រុមម្ចាស់ជើងឯក UEFA Champion League និង UEFA Europa League ដែលធ្វើឡើងរៀងរាល់១ឆ្នាំម្តង មុខបើករដូវកាលថ្មី៕
Tag:
បាល់ទាត់
UEFA Super Cup
Zinedine Zidane
Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com