អន្តរជាតិ
ឥណ្ឌា និង​អូស្ត្រាលី អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​ទៅ​ប្រជុំ​ពិសេស​នៅ​ទឹកដី​ខ្លួន​ឆ្នាំក្រោយ​
08, Aug 2017 , 10:39 pm        
រូបភាព
​មហា​យក្ស​ឥណ្ឌា និង​អូស្ត្រាលី អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង ១០ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅលើ​ទឹកដី​របស់ខ្លួន​ដើមឆ្នាំ​ក្រោយនេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ឲ្យ​កាន់តែ​ល្អប្រសើរ​និង​ស៊ីជម្រៅ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា នឹងត្រូវ​ចាប់​ផ្តើមឡើង​នៅ​ដើម​ចុងខែ​មករា ខណៈដែល​កិច្ចប្រជុំ​កំពូក​អាស៊ាន​-​អូស្ត្រាលី​នឹងត្រូវ​ធ្វើឡើង​ពាក់កណ្តាល​ខែមីនា​ឆ្នាំ ២០១៨​។​



​ទំនាក់ទំនង​រវាង​អាស៊ាន​និង​ដៃគូ​សន្ទនា​កាន់តែ​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយ​អាស៊ាន​ក្លាយជា​តំបន់​ដែល​មហាអំណាច​តំបន់​ធំៗ​ប្រជែង​គ្នា​ចូល​ចែរ​ចូ​វ​។ ដូច​ឃើញស្រាប់ អតីត​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅ​កិច្ចប្រជុំ​កំពូល​អាមេរិក​លើកដំបូង​នៅ Rancho Mirage រដ្ឋ​កាលីហ្វ័រ​នីញ៉ា ខែកុម្ភៈ​ឆ្នាំ ២០១៦ ហើយ​ក្រោយមក​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០ ទៅ​ចូលរួម​កិច្ចប្រជុំ​ស្រដៀង​គ្នា​ដែរ​នៅ ក្រុង Sochi នា​ខែឧសភា​ឆ្នាំ ២០១៦​ដើម្បី​រម្លឹក​ខួប​លើក​ទី ២០​នៃ​ការបង្កើត​ទំនាក់ទំនង​រួមគ្នា​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ កិច្ចប្រជុំ​កំពូល​ពិសេស​ចំនួន​ពីរ​នឹងត្រូវ​រៀបចំឡើង​នៅ​ដើមឆ្នាំ ២០១៨ ។ កិច្ចប្រជុំ​នោះ​មានដូចជា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​រដ្ឋធានី ដេលី និង កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អូស្ត្រាលី នៅ​ទីក្រុង ស៊ីដនី​។ កិច្ចប្រជុំ​ពិសេស​ទាំងពីរ​នេះ​ធ្វើឡើង​តាម​ការអញ្ជើញ​របស់​អូស្ត្រាលី និង​ឥណ្ឌា​ដែលជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​នោះ​។​

១.​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​ឥណ្ឌា​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ

​បើតាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចុង​សប្តាហ៍​កន្លងទៅ​នៅ​ក្រុង​ម៉ានីល កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​ឥណ្ឌា នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃ ២៥ ដល់​ថ្ងៃ ២៦ ខែមករា ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ « តម្លៃ​រួម ជោគវាសនា​រួមគ្នា​»​។ កិច្ចប្រជុំ​កំពូល​នេះ​នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​មេដឹកនាំ​អាស៊ាន និង​ឥណ្ឌា ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម​រួមគ្នា និង​ឈានទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ឲ្យ​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ​បន្ថែមទៀត​។​

​តាមពិតទៅ​កិច្ចប្រជុំ​ខាងមុខនេះ​វា​ពិសេស​ដោយសារ​វា​ជា​កិច្ចប្រជុំ​កំពូល​លើកដំបូង​ដែល​រៀបចំឡើង​នៅ​ឥណ្ឌា ហើយ​វា​ក៏​ចំ​ថ្ងៃ​ដែល​ឥណ្ឌា​ប្រារព្ធ​ពិធី​ថ្ងៃបុណ្យ​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​ផងដែរ​។ ឆ្នាំ ២០១៧ នេះ ក៏​ជា​ឆ្នាំ​ដែល​ពិសេស​សម្រាប់​អាស៊ាន​និង​ឥណ្ឌា ដោយសារ​វា​ជា​ខួប​លើក​ទី ២៥​នៃ​ការបង្កើត​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​សន្ទនា​រវាង​រវាង​អាស៊ាន​និង​ឥណ្ឌា​ផងដែរ​។​

​តាមពិតទៅ ការពង្រឹង​ចំណងមិត្តភាព​ជាមួយ​អាស៊ាន​និង​ការអញ្ជើញ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​ដប់​ទៅ​ប្រជុំ​នៅ​ឥណ្ឌា​នេះ ជា​រឿង​អាទិភាព និង​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់លោក​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី «​ការធ្វើសកម្មភាព​នៅ​ទិសខាងកើត​» (Act East Policy) ដែល​ប្តូរ​មកពី​គោលនយោបាយ​សំឡឹង​មក​ទិសខាងកើត (Look East Policy) នោះ​។

​ត្រឡប់មកវិញ ថ្វីបើ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​ឥណ្ឌា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្តី ឥណ្ឌា​ត្រូវ​ព្យាយាម​បន្ថែមទៀត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការផ្សាភ្ជាប់​រវាង​ជាមួយ​អាស៊ាន​ផង​។ ក្នុងនាម​ជា​មហាអំណាច​អាស៊ី​ខាងត្បូង ឥណ្ឌា​នៅ​ស្ទាក់ស្ទើរ​ច្រើន ហើយក៏​មិនសូវ​ចំណាយ​ច្រើន​ដើម្បី​វិនិយោគ​នៅ​អាស៊ាន​ដែរ​កន្លងមក​។ ប៉ុន្តែ​គេ​រំពឹងថា កិច្ចប្រជុំ​កំពូល​ខាងមុខ​នឹង​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ព​ន្លឿ​ន​ការអភិវឌ្ឍ​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នារ​វាង​អាស៊ាន និង​ឥណ្ឌា គ្របដណ្តប់​លើ​វិស័យ​សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​ថែម​ទៀតផង​។​


២. កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​ផ្តោត​សំខាន់​បញ្ហា​សន្តិសុខ​?


​កិច្ចប្រជុំ​ពិសេស​អាស៊ាន អូស្ត្រាលី នឹងត្រូវ​រៀបចំឡើង​នៅ​ក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី​ចាប់ពី​ថ្ងៃ ១៧ ដល់​ថ្ងៃ ១៨ ខែមីនា ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ «​ពង្រឹង​សន្តិសុខ​តំបន់ និង​វិបុលភាព​»​។ ក្នុងនាម​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន អូស្ត្រាលី​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ជាពិសេស​បញ្ហា​សន្តិសុខ និង​ជំរុញ​ការលូតលាស់​និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​ផងដែរ​។​

​កិច្ចប្រជុំ​កំពូល​ខាងមុខ​នឹង​ក្លាយជា​វេទិកា​ពិ​សេ​មួយ​សម្រាប់​អាស៊ាន និង​អូស្ត្រាលី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង ទំនាក់ទំនង​កម្រិត​ខ្ពស់​ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សន្និសីទ​ស្តីពី​ការប្រឆាំង​ភេរវកម្ម​អាស៊ាន អូស្ត្រាលី ក៏​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ខែមីនា​ដែរ​។ អាស៊ាន​និង​អូស្ត្រាលី​នឹង​យក​សន្និសីទ​សន្តិសុខ​នេះ​ដើម្បី​ពិភាក្សា ពិគ្រោះ​យោបល់​ដើម្បី​ឈានទៅ​កំណត់​វិធានការ​ចាំបាច់​និង​មាន​ប្រសិទ្ធភាព​ដើម្បី​ប្រឆាំង​បទឧក្រិដ្ឋ​និង​ភេរវកម្ម​ឆ្លងដែន រួមទាំង​ការជួញដូរ​មនុស្ស​និង​ជនអន្តោប្រវេសន៍​ថែមទៀត​។

​អូស្ត្រាលី​កាន់តែ​ពង្រីក​តួនាទី​របស់ខ្លួន​នៅក្នុង​តំបន់ ហើយ​ចេញមុខ​រិះគន់​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង​និង​ប្តេជ្ញា​ចូលរួម​ថែរក្សា​ការពារ​សេរីភាព​នាវាចរណ៍​និង​ការហោះហើរ​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត​ផង​។​នៅ​ដើម​សប្តាហ៍​នេះ ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ម៉ានីល អូស្ត្រាលី រួមជាមួយ​អាមេរិក និង​ជប៉ុន​បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដែល​បង្ហាញ​ពី​កង្វល់​ចំពោះ​ស្ថានការណ៍​សមុទ្រ​ចិន​ខាងត្បូង ហើយ​ភាគី​ទាំងបី​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​បញ្ឈប់​សកម្មភាព​សាងសង់​កោះ​សិប្បនិម្មិត​និង​ធ្វើ​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ភាគី​ទាំងបី​ក៏​ស្នើ​ឲ្យ​អាស៊ាន និង​ចិន​ចងក្រង​ក្រម​ប្រតិបត្តិ​គូភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​អនុភាព​គតិយុត្តិ​ថែមទៀត​៕


Tag:
 អាស៊ាន​
 ​ឥណ្ឌា​
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com