អន្តរជាតិ
ចិន​៖ បុរស​ម្នាក់​ធ្វើដំណើរ​ដោយ​ច្រក​ដៃ​បងប្រុស​របស់ខ្លួន​តាម​កាបូប​
10, Aug 2017 , 7:59 am        
រូបភាព
ដោយ: ធីតា
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បុរស​វ័យ​ប្រមាណ​៥០​ឆ្នាំ​ម្នាក់ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង ចេញពី​ក្រុង Duyun នៃ​ខេត្ត Guizhou ប្រទេស​ចិន​។ ប៉ុន្តែ​នៅពេលនោះ គាត់​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន បន្ទាប់ពី​រកឃើញ​ដៃ​មនុស្ស​នៅក្នុង​កាបូប​ខោអាវ​។​



​បុរស​ដែលមាន​ឈ្មោះថា Zheng ត្រូវបាន​ចាប់ខ្លួន ក្រោម​បទ​សង្ស័យ​មនុស្សឃាត​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​ចិន Chongqing Morning Post កា​ម៉េ​រ៉ា​សន្តិសុខ​នៅ​ស្ថានីយ៍​រថយន្តក្រុង Duyun នៃ​ខេត្ត Ghizhou បាន​ពិនិត្យឃើញថា ក្នុង​កាបូប​រប​ស់បុរ​សវ័យ​៥០​ឆ្នាំ​រូបនេះ មាន​ដៃ​មនុស្ស​ចំនួន​២ ។​

​ភ្លាមៗ​នោះ លោក Zheng បាន​ព្យាយាម​ពន្យល់​ទៅ​សមត្ថកិច្ច​ថា ទាំងនោះ គឺ​ដៃ​របស់​បងប្រុស​ខ្លួន ដែល​បាន​ធ្លាក់ខ្លួន​ពិការ បន្ទាប់ពី​រងគ្រោះថ្នាក់​ឆក់​ចរន្តអគ្គិសនី​មួយ​។​

​ហេតុអ្វី​បាន​យកដៃ​ទាំងនោះ ដាក់​តាម​ខ្លួន​? លោក Zheng បាន​អះអាងថា ខ្លួន​ធ្វើតាម​សំណូមពរ​បងប្រុស​ឲ្យ​យកដៃ​គាត់​ទៅ​ស្រុកកំណើត ពីព្រោះ​បើតាម​ប្រពៃណី​ចិន ប្រសិនបើ​មនុស្ស​ណា​ម្នាក់​ស្លាប់ គេ​ត្រូវ​កប់ ឬ​បូជា សព​ទាំងមូល ដើម្បី​ឲ្យ​ជាតិ​ក្រោយ កើតមក​មាន​អវៈយវៈ​គ្រប់គ្រាន់​។​

​តាមពិតទៅ​បងប្រុស​របស់លោក Zheng មិនទាន់​បាត់បង់​ជីវិត​នោះឡើយ ដោយ​គាត់​កំពុង​ស្ថិតនៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​គាត់​បាន​សំណូមពរ​ឲ្យ​ប្អូនប្រុស​យកដៃ​ទាំងសងខាង​របស់ខ្លួន​ទៅ​ស្រុកកំណើត​មុន​។​

​បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ និង​មានការ​អះអាង​ពី​ខាង​មន្ទីរពេទ្យ ប៉ូលិស​បានសម្រេច​ដោះលែង​លោក Zheng ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ មន្ត្រីប៉ូលិស​ម្នាក់ បាន​អះអាង​ប្រាប់ AFP ថា លោក Zheng អាច​រួច​ផុតពី​ទោសទណ្ឌ​ជាប់ពន្ធនាគារ ប៉ុន្តែ​គាត់​ត្រូវ​រង​ពិន័យ​រដ្ឋបាល​។​

​នៅ​ចិន ការធ្វើដំណើរ​ដោយ​ដាក់​ផ្នែក​នៃ​អវៈយវៈ​មនុស្ស ឬ​សាកសព​ទៅតាម​ខ្លួន មិនមាន​ការអនុញ្ញាត​នោះឡើយ ប៉ុន្តែ​គេ​អា​ចរក​សេវាកម្ម​ដឹកជញ្ជូន​ផ្សេងៗ​ពីរ​ដ្ឋ ឬ​ក្រុមហ៊ុន​ណាមួយ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ជាច្រើន​។ ការហាម​បែបនេះ ក្នុង​គោលបំណង​រក្សា​អនាម័យ និង​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ​ផ្សេងទៀត​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com