ជាតិ
វៀតណាម ផ្តល់ជំនួយ​៣​លាន​ដុល្លារ​ដល់​កម្ពុជា ជួយ​សង់​មណ្ឌល​បន្សាប​គ្រឿងញៀន​
10, Aug 2017 , 11:06 am        
រូបភាព
​រដ្ឋាភិបាល វៀតណាមសម្រេច​ផ្តល់ជំនួយ​ចំនួន​៣​លាន​ដុល្លារ ជួយ​សង់​មណ្ឌល​បន្សាប​គ្រឿងញៀន​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ជំនួយឥតសំណង​នេះ គឺជា​ការ​អនុវត្តតាម​កិច្ចព្រមព្រៀង នៃ​កិច្ច​សហ​ប្រតិ    ប​ត្តិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​។​

 

​រដ្ឋាភិបាល​វៀតណាម បានផ្តល់​ជំនួយឥតសំណង​ចំនួន​៣​លាន​ដុល្លារ​អាមេរិក ចូលរួម​ជួយ​សាងសង់​មណ្ឌល​បន្សាប​គ្រឿងញៀន នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ការសម្រេច​ផ្តល់ជំនួយ​នេះ ធ្វើឡើង​ក្នុងជំនួប​ទ្វេ ភាគី រវាង លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក ង្វៀន ជុង​ដាម (Nguyen Trong Dam) អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច នៅ​ថ្ងៃទី​៩ ខែសីហា​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។

​បើតាម លោក កែ គឹមយ៉ាន ដែល AKP​បាន​ស្រង់​សម្តី ជំនួយឥតសំណង​នេះ គឺជា​ការ​អនុវត្តតាម​កិច្ចព្រមព្រៀង នៃ​កិច្ច​សហ​ប្រតិប​ត្តិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​។ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ប្រាក់ ៦​លាន​ដុល្លារ សង់​មជ្ឈមណ្ឌល​ជាតិ ស្តារនីតិសម្បទា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​ផ្ទៃដី​ជាង​២០​ហិកតា នៅ​ខេត្ត​ព្រះសីហនុ  ដើម្បី​ប្រមូល​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ទៅ​បន្សាប​សារជាតិ​ញៀន ធ្វើការ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​មណ្ឌល​បន្សាប​គ្រឿងញៀន ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់រ​ដ្ឋ ចំនួន​៧​កន្លែង និង​ចំនួន​៣​កន្លែង​ទៀត គ្រប់គ្រង​ដោយ​អង្គការ​សមាគម​។ មណ្ឌល​បន្សាប​គ្រឿងញៀន​គ្រប់​គ្រង់​ដោយ​រដ្ឋ មាននៅ​ភ្នំពេញ​១​កន្លែង ខេត្តបន្ទាយមានជ័យ​២​កន្លែង ខេត្តបាត់ដំបង​២​កន្លែង ខេត្តសៀមរាប​១​កន្លែង និង​ខេត្ត​ព្រះសីហនុ​១​កន្លែង​។

​សូម​ជម្រាប​ដែរ​ថា ក្នុងពេល​មួយ​ឆមាស ឆ្នាំ​២០១៧​នេះ មាន​អ្នកញៀន​គ្រឿងញៀន​ជាង​៧​ពាន់​នាក់ បាន​ទៅ​ទទួល​សេវា​បន្សាប​សារជាតិ​ញៀន និង​ទទួល​ការអប់រំ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​៕


Tag:
 ជំនួយ​
 ​ គ្រឿងញៀន​
 ​ កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com