ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​មិន​ចង់​ឈឺក្បាល​ទេ គួរតែ​ធ្វើ​ទៅតាម​វិធី​ស្រួលៗ​ទាំងអស់នេះ​
10, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកជា​មនុស្ស​ម្នាក់​ដែល​ឧស្សាហ៍​ឈឺក្បាល​ជា​ញឹកញាប់ នោះ​អ្នក​ក៏មាន​វិធី​ជាច្រើន​ដើម្បី​បង្ការ និង​គ្រប់គ្រង​រោគសញ្ញា​វា​ដែរ​។ ជា​អ​កុស​ល្យ ការឈឺ​ក្បាល​មួយចំនួន​ដូចជា Cluster Headaches គឺ​មិនអាច​បង្ការ​បានទេ​។ ប៉ុន្តែ​មាន​មធ្យោបាយ​ច្រើនណាស់​ដែល​អាច​បន្ថយ​ភាព​ញឹកញាប់ និង​ធ្ងន់ធ្ងរ​នៃ​ការឈឺ​ក្បាល​ផ្សេងៗ​ទៀត​បាន​។​



​ប្រើ​ថ្នាំ​ទៅតាម​វេជ្ជបញ្ជា​
​ថ្នាំ​បំបាត់​ការឈឺចាប់​ភាគច្រើន​តែងតែ​ប្រើ​នៅពេល​មាន​អា​ការៈឈឺ​ក្បាល​កើតឡើង​។ ប៉ុន្តែ​ការកាត់បន្ថយ​ភាព​ញឹកញាប់​នៃ​ការប្រើប្រាស់​អាច​នឹងមាន​សុវត្ថិភាព​ជាង ព្រោះ​បើសិនជា​ប្រើ​ច្រើនពេក វា​អាច​បណ្តាល​ឲ្យ​មាន​ផល​រំខាន​ច្រើន​ដូចជា ចង្អោ វិលមុខ ឬ​មាន​បញ្ហា​ក្រពះ​ពោះវៀន​បាន​។ យ៉ាងណាមិញ បើសិនជា​អ្នក​ប្រើ​ថ្នាំ​ដោយ​មិនមាន​វេជ្ជបញ្ជា មិនមាន​ប្រសិទ្ធភាព​ទេ យក​ល្អ​គួរតែ​ជួប​គ្រូពេទ្យ និង​ធ្វើ​ទៅតាម​ការណែនាំ​របស់​គាត់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផង​។​

​ចៀសវាង​មូលហេតុ​
​ភាគច្រើន​អ្នកជំងឺ​ឈឺក្បាល​បែប​ប្រកាំង គឺ​កើតឡើង​ដោយសារតែ​អាហារ និង​សកម្មភាព​ផ្សេងៗ​។ ឧទាហរណ៍ បើសិនជា​អ្នក​ឈឺក្បាល​បែបនេះ ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។​

​ហាត់ប្រាណ​ទៀងទាត់​
​សកម្មភាព​រាងកាយ​អាចធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​សារធាតុ Endorphins ដែលជា​សារធាតុ​ប្រឆាំង​ការឈឺចាប់​បែប​ធម្មជាតិ ហើយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ថែមទៀត​។ កាត់​ហាត់ប្រាណ​ក៏​ជួយ​បន្ថយ​ស្ត្រេ​ស ដែល​នាំ​ឲ្យ​ឈឺក្បាល​ដែរ​។ ដើម្បី​សុវត្ថិភាព អ្នក​គួរតែ​ញ៉ាំ​ទឹកជា​និច្ច​ក្នុងពេល​ហាត់ប្រាណ​ដើម្បី​ចៀសវាង​ការ​ខ្សោះ​ជាតិ​ទឹក ព្រោះ​វា​ក៏​ជាដើម​ហេតុ​នាំ​ឲ្យ​ឈឺក្បាល​ដែរ​។​

​គេង​គ្រប់គ្រាន់​
​ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​បណ្តាល​ឲ្យ​ឈឺក្បាល ព្រមទាំង​កើតជា​ស្ត្រេ​ស អស់កម្លាំង និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ទៀត​។ យក​ល្អ​គួរតែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ផង​ជា​រៀងរាល់​យប់​។ ការ​ដែលមាន​ទម្លាប់​គេង​បាន​ទៀងទាត់​គឺជា​រឿង​សំខាន់​មួយ​ក្នុង​ការបន្ថយ​ការឈឺ​ក្បាល​។​

​ស្ត្រេ​ស​

​ស្ត្រេ​ស​អាច​បង្ក​ទៅជា​ការឈឺ​ក្បាល​បែប Tension និង​ប្រកាំង​។ ដូច្នេះ​ការដែល​ចៀសវាង​បាន​រាល់​អ្វីៗ​ដែល​នាំ​ឲ្យ​ស្ត្រេ​ស​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​បន្ថយ​ការឈឺ​ក្បាល​។ អ្នក​អាច​ប្រើ​វិធី​បន្ធូរ​អារម្មណ៍​ជាច្រើន​ដូចជា ការហាត់​យូ​ហ្គា និង​តាំងសមាធិ ដើម្បី​គ្រប់គ្រង​ស្ត្រេ​ស​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com