ជាតិ
សង្គមជាតិ
DJ ណាណា ក្លាយជាឯកអគ្គរាជទូតកិត្តិយសអង្គការភ្លែនអន្តរជាតិកម្ពុជា
× កញ្ញា នាង សុវ៉ាតនា ដែលគេស្គាល់ជាទូទៅថា DJ ណាណា ត្រូវបានអង្គការភ្លែនអន្តរជាតិកម្ពុជា ជ្រើសរើសជាឯកអគ្គរាជទូតកិត្តិយស។ កម្មវិធីផ្លូវការនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៤ ខែសីហា។ ការងារចម្បងរបស់ DJ ណាណា ក្នុងឋានៈជាឯកអគ្គរាជទូតកិត្តិយស គឺការពង្រឹងក្មេងស្រី នៅក្នុងតួនាទីជាអ្នកដឹកនាំ (Girls Takeover) ហើយដែលសកម្មភាពនេះ ជាអាទិភាពចម្បងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជារហូតដល់ឆ្នាំ២០២២។
កើតនៅក្នុងគ្រួសារមួយដែលមានជីវភាពរស់នៅសាមញ្ញ និងបានទទួលការអប់រំនៅក្នុងប្រទេស កញ្ញា នាង សុវ៉ាតនា ដែលត្រូវបានគេស្គាល់ជាទូទៅថា DJ ណាណា បានអភិវឌ្ឍខ្លួនទៅជាយុវជន និងសកម្មជនក្មេងស្រីម្នាក់ដ៏អស្ចារ្យ និងលេចធ្លោនៅកម្ពុជា។
ហេតុដូច្នេះហើយ អង្គការភ្លែនអន្តរជាតិកម្ពុជា មានមោទនភាពក្នុងការប្រកាសថា DJ ណាណា ជាឯកអគ្គរាជទូតកិត្តិយសរបស់ខ្លួន។ សេចក្តីប្រកាសព័ត៌មានអង្គការភ្លែនអន្តរជាតិកម្ពុជា បញ្ជាក់ថា DJ ណាណា នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងក្មេងស្រីនៅក្នុងតួនាទីដឹកនាំ (Girls Takeover) ដែលសកម្មភាពនេះ ជាអាទិភាពចម្បងរបស់អង្គការភ្លែនអន្តរជាតិ រហូតដល់ឆ្នាំ ២០២២។
លោក យេន យេប ក្លែនរេនស៊ីង្គ នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានថ្លែងថា៖«ខ្ញុំមើលឃើញថា DJ ណាណា គឺជាស្ត្រីឆ្នើមមួយរូប ដែលអាចរួមសហការជាមួយអង្គការភ្លែនអន្តរជាតិ ក្នុងការបង្កើតភាពជាគំរូ ជាពិសេសភាពជាអ្នកដឹកនាំរបស់ក្មេងស្រីសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ អង្គការភ្លែនអន្តរជាតិកម្ពុជា រីករាយធ្វើការជាមួយកញ្ញា ដើម្បីទាញយក និងរួមបញ្ចូលគុណវុឌ្ឍិរបស់ក្មេងស្រីទៅក្នុងធនធានអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា»។
អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើមរបស់ខ្លួន ស្តីពីក្មេងស្រីនៅក្នុងតួនាទីដឹកនាំ (Girl Takeover) កាលពីឆ្នាំមុន ដោយមានក្មេងស្រីជាង២៥០នាក់ ក្នុងប្រទេសជាង៥០ រួមទាំងកម្ពុជាផង បានចូលរួមនៅក្នុងសកម្មភាពនៃគំនិតផ្តួចផ្តើមនេះ។ តួអង្គដឹកនាំក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម បានផ្តល់ឱកាសឲ្យក្មេងស្រីសាកល្បងដឹកនាំតួនាទីមួយចំនួន ដូចជាក្មេងស្រីបានក្លាយជាប្រធានាធិបតី ចៅហ្វាយក្រុង នាយកប្រតិបត្តិ និងពិធីការិនីទូរទស្សន៍ក្នុងរយៈពេល១ថ្ងៃ ដើម្បីអាចឲ្យពួកគេបញ្ចេញសំឡេងរបស់ខ្លួន ទាមទារយុត្តិធម៌ និងសមភាព។
នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ចាត់ទុកគំនិតផ្តួចផ្តើមនឲនេះ ជាចលនាជាសកលក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី ដើម្បីប្រើប្រាស់សេរីភាពរបស់ខ្លួន អាចរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ គំនិតផ្តួចផ្តើមនេះ ក៏ជាការរំលឹកដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត អំពីតម្រូវការរបស់ក្មេងស្រីរាប់ពាន់នាក់ ដែលត្រូវការគំរូ ដើម្បីបោះជំហានទៅរកគោលជំហរស្មើភាពក្នុងជីវិតរបស់ខ្លួន។ លោក យេន យេប ក្លែនរេនស៊ីង្គ បញ្ជាក់ដូច្នេះ៖«សមភាពយេនឌ័រពិតប្រាកដ មិនអាចសម្រេចបានតែក្នុងទ្រឹស្តីនោះទេ។ យើងត្រូវចូលរួមប្រតិបត្តិយ៉ាងពិតប្រាកដចំពោះក្មេងស្រី នៅក្នុងតួនាទីដឹកនាំ»។
អង្គការភ្លែនអន្តរជាតិ ក៏បានគូសបញ្ជាក់ដែរថា សកម្មភាពនៃគំនិតផ្តួចផ្តើមក្មេងស្រីនៅក្នុងតួនាទីដឹកនាំដែលបានអនុវត្តក្នុងប្រទេសកម្ពុជា មានក្មេងស្រីចំនួន៦នាក់ ក្នុងខេត្តរតនគិរី ត្បូងឃ្មុំ និងសៀមរាប បានសាកល្បងដើរតួនាទីជាប្រធានប៉ុស្តិ៍ប៉ូលិស ប្រធានមណ្ឌលសុខភាព និងនាយកសាលា។
កញ្ញា សាភាត ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យដាច់ស្រយាលមួយក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានសាកល្បងដើរតួនាទីជាប្រធានមណ្ឌលសុខភាព។ មានអាយុ ១៧ឆ្នាំ សាភាត និយាយថា នាងពិតជារីករាយណាស់ ដែលបានដើរតួនាទីនេះ ហើយសុបិន្តរបស់នាង ហាក់ក្លាយជាការពិតអីចឹង។ សាភាត ថ្លែងដូច្នេះ៖« ខ្ញុំមានក្តីសុបិនមួយ ដែលខ្ញុំមិនផ្លាស់ប្តូរ។ ខ្ញុំចង់ក្លាយជាគិលានុបដ្ឋាយិកាមួយរូប។ នេះជាក្តីសុបិនរបស់ខ្ញុំតាំងពីក្មេង។ ខ្ញុំដើរតួជាគិលានុបដ្ឋាយិកា នៅពេលដែលសម្តែងលេងជាមួយមិត្តភក្តិ របស់ខ្ញុំ។ មានហេតុផលជាច្រើន ដែលធ្វើឲ្យខ្ញុំចង់ក្លាយជាគិលានុបដ្ឋាយិកា»។
ត្រឡប់មកជីវិតមុនពេលទទួលបានភាពលេចធ្លោ ពិសេសក្នុងស្រទាប់យុវវ័យ និងក្លាយជាឯកអគ្គរាជទូតកិត្តិយសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាដូចបច្ចុប្បន្នវិញ DJ ណាណា ក៏បានអះអាងក្នុងសេចក្តីប្រកាសព័ត៌មានដែរថា នាងបានឆ្លងកាត់បទពិសោធន៍សំខាន់ៗជាច្រើនដើម្បីជាគំរូសម្រាប់ក្មេងស្រី ក្នុងតួនាទីជាអ្នកផលិតកម្មវិធីវិទ្យុ អ្នកយកព័ត៌មាន ពិធីការិនីទូរទស្សន៍ តំណាងយុវជន និងសកម្មជនប្រព័ន្ធផ្សព្វផ្សាយសង្គម។ល។ DJ ណាណា បានលើកឡើងថា៖«ក្មេងស្រី និងស្ត្រីជាច្រើននៅតែកប់បាត់ពីវិស័យសំខាន់ៗជាច្រើន នៅក្នុងតួនាទីដែលមានអំណាច និងឥទ្ធិពល។ យើងមិនត្រឹមតែត្រូវបង្កើនបរិមាណ ឬចំនួនរបស់ក្មេងស្រី និងស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងត្រូវបង្កើនគុណវឌ្ឍិរបស់ពួកគេ ក្នុងការអង្គុយជជែក និងចូលរួមសម្រេចចិត្តជាមួយក្មេងប្រុស និងបុរស លើបញ្ហាដែលពាក់ព័ន្ធនឹងពួកគេ និងការអភិវឌ្ឍប្រទេសកម្ពុជា»។
ការសម្រេចបានសមភាពយេនឌ័រ គឺជាគោលដៅមួយនៃគោលដៅជាសកលដែលអនុម័តដោយមេដឹកនាំជាច្រើននៅក្នុងពិភពលោកនៅឆ្នាំ ២០១៥ ដែលបានសន្យាផ្លាស់ប្តូរ ពិភពលោកត្រឹមឆ្នាំ ២០៣០។ តាមការមើលឃើញរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រសិនបើតួអង្គសំខាន់ៗ មិនចាត់វិធានការផ្លាស់ប្តូរជាបន្ទាន់ទេ នោះគោលដៅសកលដែល បានកំណត់(ក៏ដូចជាគោលដៅផ្សេងទៀត) នឹងមិនអាចសម្រេចបានឡើយ៕
Tag:
អប់រំ
DJ ណាណា
អង្គការភ្លែន
ក្មេងស្រី
© រក្សាសិទ្ធិដោយ thmeythmey.com