ជាតិ
អ្នកភូមិ​នៅ​ខេត្តសៀមរាប​ចង់បាន​អគ្គិសនី​រដ្ឋ​ប្រើប្រាស់ ខណៈ​តម្លៃ​ភ្លើង​ឯកជន​ថ្លៃ​
12, Aug 2017 , 7:59 pm         433
រូបភាព
លោក អ៊ុត ចក់ អាយុ​៥៨ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុងសៀមរាប ដែល​កំពុង​ប្រើប្រាស់ភ្លើង​ឯកជន។ (ស៊ុន ណារិន/VOA)
លោក អ៊ុត ចក់ អាយុ​៥៨ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុងសៀមរាប ដែល​កំពុង​ប្រើប្រាស់ភ្លើង​ឯកជន។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​សៀមរាប ៖ លោក ឃន់ ម៉ា កំពុង​សម្រាក​ពេល​ថ្ងៃរសៀល​នៅលើ​កម្រាល​ស៊ីម៉ងត៍​ក្បែរ​គ្រែ​ក្នុងផ្ទះ​របស់លោក ស្ថិតក្នុង​ភូមិ​វាល នៃ​សង្កាត់​ជ្រាវ ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។


​ពេល​ដើរ​ចេញពី​បន្ទប់​ក្នុងផ្ទះ ខណៈ​មាន​ញើស​ពេញ​ខ្លួន អ្នករត់​រ៉ឺម៉ក​កង់​បី វ័យ​៣២​ឆ្នាំ​នៅក្នុង​ក្រុង​សៀមរាប​រូបនេះ និយាយថា ផ្ទះ​របស់លោក​ដែលមាន​ជញ្ជាំង​និង​ដំបូល​ប្រក់​ស័ង្កសី​នេះ មិនទាន់មាន​អគ្គិសនី​ប្រើប្រាស់​ទេ​។​

​លោក ឃន់ ម៉ា ដែល​ប្រកប​របរ​រត់​រ៉ឺម៉ក​កង់​បី​នេះ​អស់​រយៈពេល​ជិត​៧​ឆ្នាំ​មកហើយ​នោះ មានប្រសាសន៍ថា ការដែល​ផ្ទះ​របស់លោក​មិនមាន​ភ្លើង​ប្រើប្រាស់​ក្នុងផ្ទះ​នេះ គឺ​ដោយសារ បណ្ដាញ​ភ្លើង​រដ្ឋ មិនទាន់​ត្រូវបាន​ត​ភ្ជាប់​មកដល់​ភូមិ​របស់លោក ហើយ​សេវា​ភ្លើង​ឯកជន​ដែលមាន​ក្នុងភូមិ​នេះ មានតម្លៃ​ថ្លៃ​។​



​លោក​មានប្រសាសន៍ថា​៖ «​ចង់​ឲ្យ​ភ្លើង​រដ្ឋ​ចូលដល់ ស្រួល​យើង​ប្រើប្រាស់​»​។​

​ម្ដាយ​របស់លោក ឃន់ ម៉ា គឺ​អ្នកស្រី អោម សំអាត អាយុ​៦៥​ឆ្នាំ បាន​ថ្លែងប្រាប់ VOA​ថា សព្វថ្ងៃនេះ អ្នកស្រី​បានសម្រេច​ចិត្ត​ប្រើប្រាស់​អាគុយ​សម្រាប់​បំភ្លឺ​ផ្ទះ​តិចតួច​នៅ​ពេលយប់​ប៉ុណ្ណោះ​។​

​អ្នកស្រី​បន្តថា តម្លៃ​ភ្លើង​និង​សេ​វាត​ភ្លើង​ឯកជន​មកដល់​ផ្ទះ ត្រូវ​បង់ថ្លៃ​ច្រើនពេក រហូតដល់​ជាង​១០០​ដុល្លារ ដែល​អ្នកស្រី​មិនមាន​លទ្ធភាព​បង់​បាន​។ ដូច្នេះ​ក្រុមគ្រួសារ​របស់​អ្នកស្រី​ដែលមាន​សមាជិក​ដល់​ទៅ​៩​នាក់​នោះ ត្រូវ​បង្ខំចិត្ត​រង់ចាំ​ភ្លើង​រដ្ឋ ដើម្បី​ត​ប្រើប្រាស់​នៅពេល​ខាងមុខ​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​អត់​មាន​លុយ​ដល់​គេ​។ វាត​ខ្សែភ្លើង​វែង​។ ជួនណា សុំ​គេ​ត​កន្លែង​នេះ គេ​មិន​ឲ្យ​ត​ផង​។ ហើយ​សុំ​ត​ម៉េច​ក៏​១០០(​ដុល្លារ​)​ដែរ​អូន​។ ហើយ​ទម្រាំ​ខ្សែភ្លើង​ទៀត ហើយ​យើង​ក្រ វា​ឡើង​ជិត​២០០(​ដុល្លារ​) បាន​លុយ​ពី​ណា​។ រកលុយ​ហូប​គ្មាន​ផង​»​។​

​ដូច​ក្រុមគ្រួសារ​របស់​អ្នកស្រី អោម សំអាត ដែរ អ្នកភូមិ​នៅទីនេះ​ជាច្រើន​គ្រួសារ​ទៀត ក៏​មិនទាន់មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដែរ ទោះបីជា​ពួកគេ​រស់នៅ​ចម្ងាយ​ប្រមាណ​តែ​ជាង​១០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប ដែលជា​ក្រុង​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ទៅហើយ​ក៏ដោយ​។​



​ចំណែកឯ ក្រុមគ្រួសារ​ខ្លះទៀត ដែលមាន​លទ្ធភាព​ត​ភ្លើង​ឯកជន​ប្រើប្រាស់​នៅក្នុង​ភូមិ​នេះ ក៏បាន​រអ៊ូរទាំ​ដែរ​ថា ភ្លើង​ឯកជន​មានតម្លៃ​ខ្ពស់ គឺ​១៣០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង បើ​ប្រៀបធៀប​នឹង​ភ្លើង​រដ្ឋ​ដែលមាន​តម្លៃ​ជាង​៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​។​

​ដូច្នេះ ពួកគេ​បាន​ទទូច​ស្នើ​ឲ្យ​អាជ្ញាធរ​អគ្គិសនី ឆាប់​ព​ន្លឿ​ន​សេវា​ផ្គត់ផ្គង់​ភ្លើង​រដ្ឋ ឲ្យ​មកដល់​តំបន់​របស់​ពួកគេ​ឲ្យ​ឆាប់ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​ប្រជាជន​កម្ពុជា ជាង​៤០​ភាគរយ ជាពិសេស​អ្នក​ដែល​រស់នៅ​ជនបទ​ដាច់ស្រយាល​ឬ​ឆ្ងាយ​ពី​ទីប្រជុំជន នៅ​មិនទាន់មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅឡើយ ខណៈដែល​តម្លៃ​អគ្គិសនី​នៅក្នុង​ប្រទេស​នេះ ក៏មាន​កម្រិត​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​ដែរ​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល Stimson Center ដែល​និយាយ​អំពី​អគ្គិសនី​សម្រាប់​ប្រទេស​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​ចេញផ្សាយ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែកក្កដា​កន្លងទៅនេះ​។​

​របាយការណ៍​ដដែល​ប​ន្ថែ​ម​ថា មាន​មូលហេតុ​ច្រើន​ដែល​តម្លៃ​អគ្គិសនី​នៅ​ថ្លៃ ប៉ុន្តែ​កត្តា​មួយ​គឺ​ដោយសារ​ការពឹងផ្អែក​ច្រើនពេក​ពី​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​ក្រៅប្រទេស ដោយមាន​អត្រាពន្ធ​នាំចូល នៅ​ខ្ពស់​នៅឡើយ​។ ប្រទេស​កម្ពុជា ក៏បាន​នាំចូល​អគ្គិសនី​ប្រហែល​២០​ភាគរយ​នៃ​តម្រូវការ​ពី​ប្រទេសជិតខាង រួមមាន​ប្រទេស​វៀតណាម ថៃ និង​ឡាវ​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍​ដ​ដែល​។​

​អ្នកភូមិ​មួយចំនួន​នៅក្នុង​សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប បាន​ប្រាប់ VOA ថា ពួកគេ​បាន​កំពុង​ប្រើប្រាស់​ភ្លើង​ឯកជន ដែលមាន​តម្លៃ​ថ្លៃ​គឺ​ស្មើ​ពីរដង​នៃ​តម្លៃ​ភ្លើង​រដ្ឋ​។​

​អ្នកនាង ហ៊ុំ លី​ស្សា អាយុ​៣៣​ឆ្នាំ ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​វាល​ក្នុង​សង្កាត់​ជ្រាវ បាន​និយាយថា អ្នកនាង​ចំណាយ​ប្រាក់​ច្រើន​ដល់​ជាង​១០​ម៉ឺន​រៀល​ក្នុង​មួយខែ​សម្រាប់​ថ្លៃ​ភ្លើង​។ អ្នកនាង​បន្តថា ប្រសិនបើ​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់ នោះ​ការចំណាយ​ប្រហែល​៤​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយខែ​។​

​អ្នកនាង​បាន​ថ្លែងប្រាប់ VOA ថា​៖ «​ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​គេ​ដាក់​បង្គោល​ភ្លើង​ជុំវិញ​ដែល​យើង​ខ្វះខាត​នេះ​ទៅ ហើយ​ខ្ញុំ​ក៏​ចង់​ត​ភ្លើង​រដ្ឋ​ដែរ ព្រោះ​ភ្លើង​រដ្ឋ​ធូរ​ថ្លៃ​ជាងភ្លើង​ឯកជន​»​។​



​អ្នកនាង​ត្អូញត្អែរថា មាន​ខែ​ខ្លះ អ្នកនាង​ពិបាក​នឹង​រក​ថវិកា​សម្រាប់​បង់​ថ្លៃ​ភ្លើង​ផងដែរ​។​

​អ្នកនាង​បាន​បញ្ជាក់ថា​៖ «​អស់​ច្រើន​ដែរ​ហ្នឹង​បង​។ ដូច​ថា​មួយខែ ខែ​ណា​ដែល​យើង​រក​ទាន់ ទាន់ ខែ​ណា​យើង​រក​អត់​ទាន់ អស់​ច្រើន​។ ខែ​ណា​ដែល​យើង​រក​ទាន់ បង់​ស្រួល ខែ​ណា យើង​រក​អត់​ទាន់ យើង​រៀង​(​ពិបាក​)​នេះដែរ​»​។​

​ទោះជា​យ៉ាងណា អ្នកនាង​បានដាក់​ការសង្ស័យថា ការ​មិនមាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​នាពេលនេះ អាច​បណ្ដាលមកពី​មាន​កិច្ចសន្យា​ឃុបឃិត​គ្នា​រវាង​ម្ចាស់​អាជីវកម្ម​ផ្គត់ផ្គង់​ភ្លើង​ឯកជន និង​អង្គភាព​អគ្គិសនី​រដ្ឋ​។​

​អ្នកនាង​មានប្រសាសន៍ថា​៖ «​មកពី​ឯកជន គេ​អត់​ឲ្យ​ត ដូច​ថា​គេ​កុងត្រា​ជាមួយ​ភូមិ​ហ្នឹង​ដាច់​អស់ហើយ​។ គេ​ម៉ៅ​ភូមិ​ហ្នឹង ដូច​ថា​ភូមិ​ប៉ុន្មាន បី​បួន​ភូមិ​ហ្នឹង គេ​ដាច់​ហើយ គេ​គិត​ដាច់​អស់ ដល់ពេល​អញ្ចឹង​យើង​មិនអាច​ត​ភ្លើង​រដ្ឋ​បាន​»​។​

​ប្រជាពលរដ្ឋ​ម្នាក់ទៀត លោក អ៊ុត ចក់ អាយុ​៥៨​ឆ្នាំ មានប្រសាសន៍ថា លោក​បាន​ចំណាយ​ប្រាក់​ចាប់ពី​៥​ម៉ឺន​ទៅ​៦​ម៉ឺន លើ​តម្លៃ​ភ្លើង​ប្រចាំខែ​។ លោក​បានស្នើ​ឲ្យ​មាន​អគ្គិសនី​រដ្ឋ​ត​មក​ឆាប់ៗ​នាពេល​ខាងមុខនេះ​។​

​លោក​មានប្រសាសន៍ថា​៖ «​ស្នើសុំ​ភ្លើង​រដ្ឋ​ចូលមក តាម​ភូមិ​។ គ្រាន់​បាន​ភ្លើង​រដ្ឋ​ប្រើ​។ កុំ​ពិបាក​ទាញយក​ភ្លើង​ឯកជន គេ​យកមក​ពីរ​បី​កើប​ហើយ​ហ្នឹង​»​។​

​លោក ចាប ចេង ដែលជា​ម្ចាស់​អាជីវកម្ម​ភ្លើង​ឯកជន និង​ជា​មេភូមិ​វាល​ក្នុង​សង្កាត់​ជ្រាវ​ផងដែរ​នោះ បាន​ថ្លែងប្រាប់ VOA ថា បច្ចុប្បន្ននេះ បណ្ដាញ​អគ្គិសនី​រដ្ឋ ត្រូវបាន​ត​ចូលទៅក្នុង​ភូមិ​ហើយ​ដែល​លោក​ថា​មិនយូរ​ទេ ភ្លើង​រដ្ឋ​នឹង​អាច​ប្រើប្រាស់​បាន​។​

​លោក​ក៏បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អ្នកភូមិ​ថា លោក​ចង់​រក្សាទុក​ភ្លើង​ឯកជន​នៅក្នុង​តំបន់​នេះ​តទៅទៀត បើទោះជា​មាន​ភ្លើង​រដ្ឋ​ចូល​មកដល់​ក៏ដោយ​។​

​លោក​មានប្រសាសន៍ថា​៖ «​ភ្លើង​នេះ ខ្ញុំ​ដែល​ចង់ទៅ​ចែកចាយ​អី ខ្ញុំ​អូស​ប្រើតែ​ខ្លួន​ខ្ញុំ ប៉ុន្តែ​សុំ​ញ៉ែ សុំ​ប្រើ​ទៅ ចេះតែ​ចែកគ្នា​ប្រើ​ទៅ​។ ហើយ​ខ្ញុំ​អូស​ឆ្ងាយ វា​មានការ​បាត់​បង់ហើយ​»​។​

​លោក​បញ្ជាក់​បន្ថែមថា​៖ «​ខ្ញុំ​ឥឡូវ ខ្ញុំ​លែង​ឈឺក្បាល​ហើយ ខ្ញុំ​ប្រាប់ថា ឲ្យ​តែ​រដ្ឋ​ចែកចាយ​មក ខ្ញុំ​អាង​នឹង​ផ្ដាច់ចេញ​។ និយាយ​ឲ្យ​ខ្លី តែ​ប៉ុន​នេះ​បាន​ហើយ ខ្ញុំ​អត់​មាន​ចង់ទុក​ដល់​ណា​ទៀត​ទេ​»​។



​ចៅសង្កាត់រង​នៃ​សង្កាត់​ជ្រាវ លោក ក្តឹប សាវ៉ា​ត់ មានប្រសាសន៍ថា ប្រជាជន​ដែល​មិនទាន់មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់ ចង់​ឲ្យ​ប្រមូល​ថវិកា​ពី​អ្នកភូមិ​ដើម្បី​ត​បណ្ដាញ​ចូលមក​ជិត​ភូមិ​របស់គេ ហើយ​អ្នកភូមិ​ខ្លះ​ក៏បាន​ត​បណ្ដាញ​ដោយ​ខ្លួនឯង​រួចហើយ​។​

​លោក​បន្តថា ប្រជាជន​ប្រហែល​១៥០​គ្រួសារ​ក្នុង​សង្កាត់​របស់លោក​ដែល​មិនទាន់មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​នៅឡើយ​។​

​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង មានប្រសាសន៍ថា អាជ្ញាធរ​អគ្គិសនី​ខេត្ត​មាន​ផែនការ​ច្បាស់លាស់ ក្នុង​ការបំពេញ​កង្វះខាត​ភ្លើង​នៅ​តំបន់​ទាំងនោះ តែ​លោ​កថា វា​ត្រូវការ​ពេលវេលា ដោយសារ​ការងារ​ទាំង​នេះ គឺជា​រឿង​បច្ចេកទេស​។​

​លោក​មានប្រសាសន៍ថា​៖ «​ផែនការ​របស់​អង្គភាព​អគ្គិសនី​ហ្នឹង នឹងដាក់​គ្រប់​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​មិន​សន្យាថា ថ្ងៃ​ណា​ថ្ងៃ​ណី​ទេ ប៉ុន្តែ​នឹងដាក់​ទាំងអស់​នៅក្នុង​ឆ្នាំ​ហ្នឹង​បាទ​»​។​

​ឆ្លើយតប​នឹង​តម្លៃ​ភ្លើង​ឯកជន​ដែលមាន​តម្លៃ​ខ្ពស់​នេះ លោក សូរ ប្លា​តុង មានប្រសាសន៍ថា​៖ «​គេ​រកស៊ី អាហ្នឹង​យើង​ម៉េច​ដឹង អាហ្នឹង គេ​ចុះកិច្ចសន្យា​ជាមួយ​ខាង​អគ្គិសនី ប៉ុន​កន្លែង​ណា​ដែល​ថ្លៃ បើ​មាន​កន្លែង​ណា កន្លែង​ជាក់ស្ដែង យើង​អាច​ទៅ​ណែនាំ​យ៉ាងម៉េច​អី​បង អាហ្នឹង​ខាង​អគ្គិសនី គេ​មាន​កិច្ចសន្យា​អី​របស់គេ​»​។​

​លោក គង់ ពុទ្ធិ ប្រធាន​អាជ្ញាធរ​អគ្គិសនី​ខេត្តសៀមរាប បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ជាមួយ VOA​។​

​យ៉ាងណាក៏ដោយ កាលពី​ឆ្នាំ​២០១២ ប្រជាជន​ប្រមាណ​២០០​នាក់​នៅក្នុង​ខេត្តសៀមរាប បាន​តវ៉ា​សុំ​ឲ្យ​បញ្ចុះតម្លៃ​អគ្គិសនី​ឯកជន​ពី​តម្លៃ​៣៤០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង មក​ត្រឹមតែ​១៥០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ហើយ​ក៏បាន​ជំរុញ​ឲ្យ​មានការ​ត​បណ្ដាញ​ភ្លើង​រដ្ឋ​ផងដែរ​។​

​កង្វះ​ការផ្គត់ផ្គង់​អគ្គិសនី​មួយ​ដែលមាន​ស្ថិរភាព និង​មានតម្លៃ​ប្រកួតប្រជែង​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​សង្គម​និង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ