ជាតិ
សេដ្ឋកិច្ច
អគារសល់ពីសម័យបារាំង នឹងត្រូវអភិរក្សទុកជាកេរមរតកវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
× រដ្ឋាភិបាលបារាំង ជំរុញឲ្យអាជ្ញាធរក្រុងភ្នំពេញ បន្តយកចិត្តទុកដាក់អភិរក្សអគារចាស់ៗដែលសល់ពីសម័យបារាំង ដើម្បីរក្សាទុកជាកេរមរតកវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ក្នុងជំនួបជាមួយអភិបាលក្រុងភ្នំពេញថា ក្រោមគម្រោងអភិរក្សនេះ អាជ្ញាធររាជធានីភ្នំពេញ អាចជ្រើសយកអគារសល់ពីសម័យបារាំង ដែលទុកចោល២ ឬ៣អគារ មកកែលម្អឡើងវិញឲ្យ ដោយរក្សារចនាបថដើម និងបង្កើតកញ្ចប់សេវាកម្មទេសចរណ៍ផ្សេងៗទៀត ទាក់ទាញភ្ញៀវទេសចរដែលមកលេងភ្នំពេញ។
លោកស្រី EVA NGUYEN BING ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ បន្ដយកចិត្តទុកដាក់អភិរក្សអគារចាស់ៗសល់ពីសម័យអាណានិគមបារាំង ដែលមានអត្ដសញ្ញាណវប្បធម៌បារាំង ដើម្បីរក្សាទុកជាកេរមរតកវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបរវាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅថ្ងៃទី១០ ខែសីហា និងចុះផ្សាយដោយទីភ្នាក់សារព័ត៌មានកម្ពុជា(AKP)។
តាម AKP លោកស្រី EVA បញ្ជាក់ក្នុងជំនួបនោះថា សំណង់អគារចាស់ៗសល់ពីសម័យបារាំង គឺជាទីចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ ដែលវាបានបង្ហាញពីស្ថាបត្យកម្ម និងគំរូប្លង់បច្ចេកទេសដ៏អស្ចារ្យរបស់បារាំង ដែលបន្ស៊ីគ្នាជាមួយស្ថាបត្យកម្មខ្មែរ។ តាមឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជាគម្រោងអភិរក្សនេះ អាជ្ញាធររាជធានីភ្នំពេញ អាចជ្រើសយកអគារសល់ពីសម័យបារាំង ដែលទុកចោល២ ឬ៣អគារ មកកែលម្អឡើងវិញឲ្យកាន់តែមានសោភណ រក្សារចនាបថដើម និងបង្កើតកញ្ចប់សេវាកម្មទេសចរណ៍ផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរដែលមកលេងនៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគាំទ្រគម្រោងនេះ និងសន្យាជំរុញឲ្យផែនការអភិរក្សនេះ មានដំណើរការទៅមុខកាន់តែប្រសើរ។ ឃួង ស្រេង លើកឡើងថា អាជ្ញាធររាជធានីភ្នំពេញមានផែនការច្បាស់លាស់ ក្នុងការអភិរក្សអគារបេតិកភណ្ឌវប្បធម៌សល់ពីសម័យបារាំង ដើម្បីរក្សាបាននូវអត្តសញ្ញាណរបស់ក្រុងភ្នំពេញ ដោយហាមវាយកម្ទេចអគារទាំងនោះដោយគ្មានច្បាប់អនុញ្ញាត និងតម្រូវឱ្យសង់គោរពតាមរចនាបថដើម នៅពេលចង់សាងសង់ថ្មី។
សំណង់អគារសម័យបារាំងមួយចំនួន ដែលនៅសល់ហូតដល់សព្វថ្ងៃ និងត្រូវបានចាត់ទុកថា ជារតនភណ្ឌនៃរាជធានី រួមមានអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អគារតុលាការកំពូល វិមានឯករាជ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ណាល័យជាតិ សារមន្ទីរជាតិ រតនាគារជាតិ សាលារាជធានីភ្នំពេញ ព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ អគារអង្គការយូណេស្កូ ផ្សារធំថ្មី គេហដ្ឋានឯកជន និងអគារផ្សេងៗមួយចំនួនទៀត៕
Tag:
អគារចាស់ៗ
សម័យបារាំង
អភិរក្ស
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com