ជាតិ
នយោបាយជាតិ
ឡាវយល់ព្រមដកទ័ពចេញពីដីកម្ពុជា សម្តេច ហ៊ុន សែន និងលោក ថោនលន់ ស៊ីស៊ូលីត ក្នុងពេលធ្វើសន្និសីទកាសែត ប្រមាណ ១២ នាទី នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៧
×
នៅទីបំផុតទៅរដ្ឋាភិបាលឡាវ បានសម្រេចថា នឹងដកទ័ពចេញពីខេត្តស្ទឹងត្រែងហើយ។ ការសម្រេចបែបនេះ ត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តីឡាវ ថោនលន់ ស៊ីស៊ូលីត នៅក្នុងសន្និសីទសារព័ត៌មានរវាងសម្តេច ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីឡាវ នៅក្នុងទីក្រុងវៀងច័ន្ទ នៅសៅរ៍នេះ។
លោក ថោនលន់ ស៊ីស៊ូលីត បញ្ជាក់យ៉ាងនេះថា៖ «ថ្ងៃនេះយើងបានពិភាក្សាគ្នាត្រង់ទៅត្រង់មក ដោយមិត្តភាព។ ខ្ញុំនិងសម្តេច ហ៊ុន សែន បានឯកភាពគ្នាថា នឹងដកទព័។ ខ្ញុំបានប្រាប់ទៅអាជ្ញាធរថា នឹងដកទ័ពឲ្យអស់ពីកម្ពុជា មិនលើសពីព្រឹកស្អែកទេ»។ ទន្ទឹមនឹងភាគីឡាវយល់ព្រមដកទ័ពនេះ លោក ស៊ីស៊ូលីត ក៏ឲ្យដឹងដែរថា សម្តេច ហ៊ុន សែន ក៏បានយល់ព្រមបញ្ជាឲ្យកងកម្លាំងរបស់កម្ពុជាទាំងអស់នៅតំបន់នោះ ត្រឡប់ទៅជំរុំវិញ ដើម្បីឲ្យសភាពការណ៍វិលមកប្រក្រតី និងបង្កើតទំនុកចិត្តដល់ប្រជាជននៃប្រទេសទាំងពីរ។
បើតាមលោក ស៊ីស៊ូលីត នៅក្នុងកិច្ចពិភាក្សារវាងលោកនិងសម្តេច ហ៊ុន សែន និងរូបលោក ក៏បានយល់ព្រម ឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងបន្តជួបពិភាក្សាបញ្ហាព្រំដែនដែលសេសសល់ ដើម្បីដោះស្រាយឲ្យបានឆាប់រហ័ស។
ជាមួយគ្នានេះ សម្តេច
នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងនៅក្នុងសន្និសីទកាសែតនោះ ដោយឯកភាពចំពោះការលើកឡើងរបស់លោក ថោនលន់ ស៊ីស៊ូលីត និងអរគុណលោកនាយករដ្ឋមន្រ្តីឡាវ ដែលបានយល់ព្រមដកទ័ព ក្នុងគោលដៅដើម្បីសម្រួលស្ថានការណ៍វិញ។ «អ្វីដែលជាជោគជ័យធំបំផុតរបស់យើង សម្រាប់ប្រជាជននៃប្រទេសទាំងពីរនោះ គឺនៅត្រង់ថា យើងមិនមានជម្លោះណាមួយ ដែលមិនអាចដោះស្រាយបាននោះទេ»។ សម្តេច បញ្ជាក់ដូច្នេះ ក៏បន្ថែមបែបនេះទៀតថា៖«អម្បាញ់មិញ ឯកឧត្តមនាយករដ្ឋមន្រ្តី បានប្រកាសនៅទីនេះថា នឹងដកកងទ័ពចេញដោយមិនឲ្យលើសពីព្រឹកស្អែក។ នេះជាពេលវេលាដ៏ល្អ ដើម្បីឲ្យខ្ញុំដាក់ចេញនូវបទបញ្ជាដែរ។ ខ្ញុំបានបញ្ជារួចហើយ ទៅកម្លាំងទាំងអស់ ដែលបានចល័តចេញពីបណ្តាមូលដ្ឋាននានា កាលពីថ្ងៃម្សិលមិញ ឲ្យវិលត្រឡប់ចូលទៅកាន់ទីតាំងវិញ។
សូមបញ្ជាក់ កាលពីថ្ងៃសុក្រ ទី ១១ ខែសីហា ក្នុងពិធីតែងតាំងប្រធានរាជបណ្ឌិត្យសភាកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសដាក់ឱសានវាទរយៈ ៦ ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវដែលចូលមកតំបន់អូរអាឡៃ ក្នុងទឹកដីខេត្តស្ទឹងត្រែង ដកចេញជាបន្ទាន់។ ប្រមុខរដ្ឋាភិបាល ចាត់ទុកទង្វើនេះថា ជាការឈ្លានពានទឹកដីកម្ពុជា៕
Tag:
ហ៊ុន សែន
ថោនលន់ ស៊ីស៊ូលីត
© រក្សាសិទ្ធិដោយ thmeythmey.com