ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ឲ្យឆ្អឹងកាន់តែរឹងមាំ កុំភ្លេចព្យាយាមអនុវត្តគន្លឹះទាំងអស់នេះ
×
ជំងឺពុកឆ្អឹងច្រើនតែអាចសម្គាល់ដឹងតាមរយៈការមើលឃើញឆ្អឹងខ្សោយ និងឆ្អឹងពុកផុយ។ យ៉ាងណាមិញ យើងមានវិធីច្រើនណាស់ដែលអាចថែរក្សាឆ្អឹងឲ្យនៅរឹងមាំរហូត និងបន្ថយការប្រឈមនឹងជំងឺនេះបាន។ ចំពោះការចាប់ផ្តើមវិញមិនដែលនិយាយថាវាលឿនពេកនោះទេ។
យ៉ាងណាមិញ ឆ្អឹងដែលរឹងមាំបំផុតរបស់មនុស្សយើងគឺកើតឡើងនៅពេលអាយុជិត ៣០ឆ្នាំ។ បន្ទាប់មក កំហាប់ឆ្អឹងនឹងថយចុះបន្តិចម្តងៗជារៀងរាល់ឆ្នាំ។ ដូច្នេះដើម្បីថែរក្សាភាពរឹងមាំ និងខ្លាំងរបស់ឆ្អឹងបន្តទៀត យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
ចាប់ផ្តើមតាំងពីក្មេង
យកល្អអ្នកគួរតែរៀនសន្សំលុយក្នុងធនាគរតាំងពីក្មេងឲ្យហើយដើម្បីអ្នកអាចយកវាមកប្រើវិញនៅពេលអាយុច្រើន ឬចាស់។ សម្រាប់ឆ្អឹងវិញ វានឹងរឹងមាំបំផុតនៅពេលអ្នកអាយុខ្ទង់ ២០ឆ្នាំ ដូច្នេះក្នុងពេលនេះអ្នកគួរតែធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យឆ្អឹងរឹងមាំឲ្យហើយតាមរយៈការញ៉ាំអាហារសម្បូរជាតិកាលស្យូម និងវីតាមីន D ព្រមទាំងការហាត់ប្រាណផងដែរ។
ញ៉ាំទឹកដោះគោ
ទឹកដោះគោពោរពេញទៅដោយជាតិកាលស្យូម និងវីតាមីន D ហើយវាក៏ជួយដល់ការសាងសង់ និងជួសជុលដល់ឆ្អឹងដែលកំពុងតែពុក និងថែរក្សាសាច់ដុំឲ្យកាន់តែរឹងមាំបានទៀតដែរ។ ស្ត្រីអាយុ ៥០ឆ្នាំចុះ និងបុរសអាយុ ៧០ឆ្នាំចុះ គួរតែទទួលបានជាតិកាលស្យូម ១០០០មីលីក្រាមក្នុងមួយថ្ងៃ។ សម្រាប់ស្ត្រី និងបុរសអាយុច្រើនជាងនេះគួរតែទទួលបានឲ្យ ១២០០មីលីក្រាមក្នុងមួយថ្ងៃ។
ឈប់ជក់បារី និងបន្ថយគ្រឿងស្រវឹង
ការជក់បារីនឹងបង្កើនការបាត់បង់កំហាប់ឆ្អឹង ហើយក៏ធ្វើឲ្យស្ត្រីឆាប់រ៉ាំងរដូវមុនកំណត់ផងដែរ។ បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹង ចូរកាត់បន្ថយវាឲ្យបានច្រើនផង ព្រោះកាលណាញ៉ាំច្រើន វានឹងរំខានដល់ការបឺតស្រូបជាតិកាលស្យូម និងបន្ថយការបង្កើតឆ្អឹងឡើងវិញបាន។
ញ៉ាំសាច់ក្នុងកម្រិតមធ្យម
ក្នុងរាងកាយរបស់យើង កាលស្យូម និងផូស្វ័រក៏មាននាទីជួយរំលាយប្រូតេអ៊ីនសាច់ដែរ ដូច្នេះបើសិនជាអ្នកញ៉ាំសាច់ក្រហម ត្រី សាច់ជ្រូក និងសាច់បក្សីច្រើនពេក នោះកាលស្យូម និងផូស្វ័រក៏ត្រូវប្រើច្រើន ហើយក៏មិនល្អចំពោះឆ្អឹងដែរ។
កាត់បន្ថយការញ៉ាំប្រៃ
ការញ៉ាំប្រៃច្រើនពេកអាចបណ្តាលឲ្យជាតិកាលស្យូមចេញពីឆ្អឹង និងចាក់ចោលតាមទឹកនោមទទេ។ ដើម្បីរក្សាជាតិកាលស្យូមក្នុងឆ្អឹងកាន់តែច្រើន គួរតែបន្ថយអាហារមានជាតិប្រៃ ជាពិសេសអាហារកៃឆ្នៃប្រៃៗតែម្តង។
រស់នៅឲ្យសកម្ម
ការហាត់ប្រាណ ជាពិសេសសកម្មភាពទាំងឡាយណាដែលតម្រូវឲ្យអ្នកធ្វើការងារដើម្បីប្រឆាំងនឹងទំនាញផែនដី ដូចជាការលើកទម្ងន់ នឹងជួយពង្រឹងដល់ភាពខ្លាំងរបស់ឆ្អឹងដោយាសរតែវានឹងភ្ញោចដល់កោសិកាឆ្អឹងថ្មីៗកើតឡើង។ ការហាត់ប្រាណដូចជា រត់ វាយតេណីស បាល់បោះ និងប្រដាលក៏អាចពង្រឹងភាពរឹងមាំរបស់ឆ្អឹងកាន់តែលឿនផងដែរ។ ចូរមានទម្លាប់ហាត់ប្រាណបែបនេះក្នុងកម្រិតមធ្យមបានហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com