កីឡាជាតិ
ជាតិ
ក្រុមកីឡា​ទាញព្រ័ត្រ​កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ក្នុង​ពានរង្វាន់​ជើងឯក​អាស៊ី​នៅ​សិង្ហ​បុរី​
13, Aug 2017 , 10:31 am         990
រូបភាព
​ក្រុមកីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​អស់​ឱកាស​ឡើងទៅ​កាន់​វគ្គ​បន្ត ក្រោយ​ឆ្លងកាត់​៦​ប្រកួត​ឈ្នះ​១ ស្មើ​១ និង​ចាញ់​៤ នា​ការប្រកួត​ជើងឯក​អាស៊ី Asian Indoor Tug of War Championships 2017 នៅ​ប្រទេស​សិង្ហ​បុរី ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១២ ខែសីហា​។ ក្រុម​ប្រតិភូ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​នឹង​ចាក​ចេញពី​ប្រ​ទេ​សិង្ហ​បុរី​មកកាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១៣ ខែសីហា បន្ទាប់ពី​កិច្ចប្រជុំ​ចប់​។


​បើ​យោងតាម​អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា ដែល​កំពុង​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី ក្រុមកីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​ធ្លាក់​ចេញពី​ការប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​អាស៊ី​ត្រឹម​វគ្គ​ចែក​ពូ​ល​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​ពូ​ល A នៅ​កីឡដ្ឋាន Republic Polytechnic ក្នុងនោះ​កម្ពុជា​យកឈ្នះ​សិង្ហ​បុរី B ក្នុង​លទ្ធផល ២-០, ស្មើ ០-០ ជាមួយ​ព្រុយ​ណេ​, ចាញ់​ចិន ២-០, ឆាយ​នី​ស​តៃប៉ិ ២-០, ម៉ាឡេស៊ី ២-០ និង​ចាញ់​សិង្ហ​បុរី A ២-០​។



​អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា រួមជាមួយ​អ្នកស្រី​ផ្ទាល់ នឹងចូលរួម​កិច្ចប្រជុំ​កម្រិត​ពិភពលោក​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ពិភាក្សា​លើ​ការកែប្រែ​រចនាសម្ព័ន្ធ​កីឡា​ទាញព្រ័ត្រ​អន្តរជាតិ និង​ច្បាប់​មួយចំនួន​នៃ​ការប្រកួត​។ ប្រតិភូ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​នឹង​មកដល់​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​។

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទាញព្រ័ត្រ Asian Indoor Tug of War Championships 2017 មាន​៦​ប្រទេស​ចូលរួម​រួមមាន សិង្ហ​បុ​រិ​, កម្ពុជា​, ចិន​, ឆាយ​នី​ស​តៃប៉ិ​, ម៉ាឡេស៊ី និង ព្រុយ​ណេ ខណៈ​ប្រទេស​នេ​ប៉ាល់​អវត្តមាន​។ ក្នុងនោះ​ម្ចាស់ផ្ទះ​សិង្ហ​បុរី​មាន​៤​ក្រុម​, ចិន​៣​ក្រុម​, ម៉ាឡេស៊ី​៣​ក្រុម​, ព្រុយ​ណេ​២​ក្រុម​, កម្ពុជា​១​ក្រុម និង​ឆាយ​នី​ស​តៃប៉ិ​១​ក្រុម​។ ការប្រកួត​ចែកចេញជា​ពីរ​ពូ​ល ដោយ​ក្នុង​១​ពូ​ល​មាន​៧​ក្រុម​៕  

Tag:
 កីឡា​ទាញព្រ័ត្រ​
  ប្រាក់ សម្ផស្ស​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next