កីឡាជាតិ
ជាតិ
SEA Games៖ សឿ​យ វិសាល ចាំ​ការ​ផ្តាំផ្ញើ​របស់​នាយករដ្ឋមន្ត្រី ដោយ​មិន​ខ្លាច​គូប្រជែង​មុនពេល​ប្រកួត​
15, Aug 2017 , 9:21 am        
រូបភាព
ដោយ:
​សារ​ផ្តាំផ្ញើ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច ហ៊ុន សែន នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​កីឡា គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​កម្ពុជា​នៅ​វិមាន​សន្តិភាព បាន​ជំរុញ​ឲ្យ​កីឡាករ សឿ​យ វិសាល មាន​ទំនុកចិត្ត​កាន់តែខ្លាំង​សម្រាប់​ការចូលរួម​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ តាមរយៈ​សារ​នេះ វិសាល បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​។



​តាមរយៈ​សារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្តាំផ្ញើ​ឲ្យ​អត្ត​ព​លិ​ក​កុំ​ឲ្យ​បាក់​ទឹកចិត្ត​ពេល​ប៉ះ​ជាមួយ​គូប្រកួត បាន​ដក់​ជាប់​អារម្មណ៍​របស់​ខ្សែការពារ U22 កម្ពុជា សឿ​យ វិសាល និង​បាន​ជំរុញ​ឲ្យ​រូបគេ​មាន​ទំនុកចិត្ត និង​ការជឿជាក់​កាន់តែ​ខ្ពស់​។ លើសពីនេះ ជួយ​ឲ្យ វិសាល មាន​ទឹកចិត្ត​ប្រកួត​កាន់តែខ្លាំង និង​បានរួម​ចំណែក​កាត់បន្ថយ​ភាពភ័យខ្លាច​របស់គេ​ទៀតផង​។

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាករ សឿ​យ វិសាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​តាមរយៈ​សារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំ​យល់ថា វា​ជា​ចំណុច​មួយ​ដ៏​ល្អ ព្រោះ​ដូច សម្តេច បាន​ឡើង​ពេល​យើង​ធ្វើសង្គ្រាម ឬ​ជួប​ជាមួយ​ក្រុម​ដែល​មកពី​ខ្លាំង​យើង​មិនត្រូវ​បាក់​ទឹកចិត្ត ឬ​ចុះចាញ់​មុន​ការប្រកួត ហើយ​បាន​បង្កើន​ទំនុកចិត្ត​បន្ថែម​ពួក​ខ្ញុំ កុំ​ឲ្យ​បាក់​ទឹកចិត្ត​ពេល​ប៉ះ​ក្រុម​ខ្លាំង​»​។​

​ទោះបី​ការប្រមូលផ្តុំ​ហ្វឹកហាត់​រយៈពេល​១០​ថ្ងៃ វា​មិនបាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់លោក Leonardo Vitorino គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា តែ​ប្រធាន​ក្រុម សឿ​យ វិសាល អះអាងថា ពួកគេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​មួយ​នេះ​។

​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​រួមគ្នា​មួយរយៈ​កន្លងមក សឿ​យ វិសាល បានបង្ហាញ​ការតាំង​ចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​មុន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ពួក​ខ្ញុំ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ហើយ​ពួក​ខ្ញុំ​តាំងចិត្ត​ធ្វើ​ឲ្យ​បានល្អ​សម្រាប់​ការប្រកួត​មួយ​នេះ ដើម្បី​យក​លទ្ធផល​ល្អៗ​ជូន​ជាតិ​មាតុភូមិ​»​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែសីហា ក្នុង​ពិធី​ជួប​សំណេះសំណាល​ថ្នាក់ដឹកនាំ​កីឡា គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​កនៅ​វិមាន​សន្តិភាព​មុន​ថ្ងៃ​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តាំផ្ញើ​ឲ្យ​អត្ត​ព​លិ​ក​ទាំងអស់​កុំ​បាក់​ទឹកចិត្ត​ពេល​ប្រកួត​ទោះបី​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​ក៏ដោយ​។ សម្តេច​បាន​បញ្ជាក់ថា មិន​ប្រាកដថា​ប្រទេស​ធំ​មាន​លុយ​ច្រើន​សុទ្ធតែ​ខ្លាំង ហើយ​ប្រទេស​តូច​សុទ្ធតែ​ខ្សោយ​នោះដែរ​៕ 


Tag:
 SEA Games 2017
  សឿ​យ វិសាល​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com