ជាតិ
លោក សួង សុ​ភ័​ណ្ឌ ស្នើ​តុលាការ​ចាត់ការ​រាល់​អ្នក​ប្រើ​សម្តី​គំរាម​ពលរដ្ឋ ប្រមាថ​ព្រះមហាក្សត្រ និង​សាសនា​
15, Aug 2017 , 2:30 pm        
រូបភាព
លោក សួង សុភ័ណ្ឌ ធ្វើសន្និសីទនៅមុខទីស្នាក់ការគណបក្សអំណាចខ្មែរ
លោក សួង សុភ័ណ្ឌ ធ្វើសន្និសីទនៅមុខទីស្នាក់ការគណបក្សអំណាចខ្មែរ
​ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​អំណាច​ខ្មែរ ស្នើ​ឲ្យ​តុលាការ​ចាត់វិធានការ​លើ​មនុស្ស​ចំនួន ៤​នាក់ ដែល​បាន​ប្រើ​ពាក្យសម្តី​គំរាមកំហែង​លើ​ពលរដ្ឋ និង​ប្រមាថ​ព្រះមហាក្សត្រ​កន្លងមក ដូច​លោក សួន សេរី​រដ្ឋា ដែរ ដើម្បី​បង្ហាញ​ពី​ភាព​អ​ព្យា​ក្រឹត្យ​របស់​តុលាការ​។



​លោក សួង សុ​ភ័​ណ្ឌ ដែល​ទើប​ទទួល​តំណែង​ជា​ប្រធានស្តីទី​គណបក្ស​អំណាច​ខ្មែរ មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​តុលាការ​មកលើ​លោក សួន សេរី​រដ្ឋា ឡើយ​។ លោក​ថា ករណី​របស់លោក សួន សេរី​រដ្ឋា នេះ​គឺ​គ្រាន់តែ​ជា​ទស្សនៈ​របស់​បុគ្គល​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​វា​ហាក់​មិនមាន​អ្វី​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម​នោះទេ​។​

​ប៉ុន្តែ​និយាយ​ដល់​ត្រង់ចំណុច​នេះ លោក សួង សុ​ភ័​ណ្ឌ ក៏បាន​រំ​ឮ​ក​ឈ្មោះ​មនុស្ស​៤​នាក់ ដែល​ប្រព្រឹត្ត​កំហុស​ដូច​លោក សួន សេរី​រដ្ឋា ដោយ​តម្រូវ​ឲ្យ​តុលាការ​ចាត់វិធានការ​លើ​ពួកគេ​ផងដែរ​។ អ្នក​ទាំង​៤​នាក់ ដែល​លោក សួង សុ​ភ័​ណ្ឌ ស្នើ​ឲ្យ​តុលាការ​មាន​ចំណាត់ការ​នោះ រួមមាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់ និង​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង្ស សូត និង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ។​

​ថ្លែង​នៅក្នុង​សន្និសីទកាសែត នៅមុខ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ លោក សួង សុ​ភ័​ណ្ឌ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដូច​ករណី​លោក សួន សេរី​រដ្ឋា ដែល​ត្រូវបាន​ចោទប្រកាន់​នេះ វា​មិនមែនជា​បទល្មើស​ចោទប្រកាន់​ពិតប្រាកដ​ទេ ព្រោះ​ដូច​ខ្ញុំ​ជម្រាប​ថា បទល្មើស​ចោទប្រកាន់​នេះ វា​មិន​ខុស​អំពី​លោក ទៀ បាញ់ ដែល​ប្រមា​ថវាយ​បាក់ធ្មេញ​ពលរដ្ឋ​ខ្មែរ​។ វា​មិន​ខុសពី​លោក វង្ស សូត ប្រមាថ​វាយ​ពលរដ្ឋ​នឹង​គល់​ឫស្សី វា​មិន​ខុសពី​លោក ហ៊ុន សែន ដែល​ប្រមាថ​ពលរដ្ឋ​ថា ចាញ់ឆ្នោត​នឹងមាន​សង្គ្រាម​កើតឡើង​នោះទេ​។ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​អ្នក​ទាំង​៤​នាក់ គ្រាន់តែ​ចេញ​លិខិត​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ វា​មិនអាក្រក់​ទេ​។ តែបើ​កាត់ទោស​សុំ​ឲ្យ​កាត់ទោស​ទាំង​៤​នាក់​…​។ ចំណែក​អ្នក​ប្រមាថ​ព្រះមហាក្សត្រ លោក ខឹម វាសនា ម្ដេច​តុលា​ការមិន​ព្រម​បញ្ជា​ទៅ​ចាប់​លោក ខឹម វាសនា ផង​ទៅ​…»​។​

​សូម​ស្ដាប់​សំឡេង​៖




​ជុំវិញ​ការលើកឡើង​របស់លោក សួង សុ​ភ័​ណ្ឌ នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បញ្ជាក់​កន្លងមក​ថា មូល​ហេតុដែល​សង្គ្រាម​អាច​កើតឡើង បើ​គណបក្ស​ប្រជាជន​មិន​ឈ្នះឆ្នោត ដោយសារតែ​ក្រុម​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​ក្រុម​ឧក​ញ្ញា ឬ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មួយចំនួន បាន​ក្លាយជា​មុខសញ្ញា​កម្ចាត់​ចោល​របស់​ក្រុមប្រឆាំង​។ ត្រង់ចំណុច​នេះ​ប្រមុខ​រដ្ឋាភិបាល អះអាងថា បើទោះជា​គណបក្សប្រឆាំង​គ្មាន​អាវុធ ក៏​អាច​កើតមាន​សង្គ្រាម​បានដែរ​។

​ចំណែក​ករណី​លោក ទៀ បាញ់ និង​លោក វង្ស សូត ដែល​ព្រមាន​វាយ​បាក់ធ្មេញ និង​ប្រើ​គល់​ឫស្សី វាយ​ពលរដ្ឋ​តវ៉ា​ការបោះឆ្នោត​នេះ ត្រូវបាន​សម្ដេច ហ៊ុន សែន បកស្រាយ​ការពារ​ថា គ្រាន់តែ​ជា​ពាក្យសម្តី​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ប៉ុណ្ណោះ ដែល​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។​

​ចំពោះ​ការលើកឡើង​ទាំងនេះ តុលាការ​ក៏​មិនទាន់​ចំណាត់ការ​អ្វី​ដែរ មកដល់ពេលនេះ​។ ប៉ុន្តែ​យ៉ាងណា​សម្រាប់​សង្គម​ស៊ីវិល និង​អ្នកវិភាគ ចាត់ទុក​ពាក្យសម្តី​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ខាងលើនេះ ជាការ​គំរាមកំហែង​ដល់​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូ​វបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការរិះគន់​លើ​កងកម្លាំងប្រដាប់អាវុធ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៣ សីហា ។ តុលាការ​សម្រេច​ចោទប្រកាន់​លោក សួន សេរី​រដ្ឋា ពីបទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ ,​បទល្មើស ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក សួន សេរី​រដ្ឋា បានសម្រេច​លាលែង​ពី​គណបក្ស​អំណាច​ខ្មែរ ដោយ​ប្រគល់​តួនាទី​ប្រធានស្តីទី​ដល់​លោក សួង សុ​ភ័​ណ្ឌ ជា​អ្នកដឹកនាំ​គណបក្ស​៕


Tag:
 សួន សេរី​រដ្ឋា​
  សួង សុ​ភ័​ណ្ឌ​
  ហ៊ុន សែន
  ទៀ បាញ់​
  វង្ស សូត
© រក្សាសិទ្ធិដោយ thmeythmey.com