អន្តរជាតិ
អ៊ីរ៉ង់​គំរាម​ចាប់ផ្ដើម​កម្មវិធី​នុយ​ក្ល​អ៊ែរ​ឡើងវិញ បើ​រដ្ឋបាល ត្រាំ ហ៊ាន​អនុវត្ត​ទណ្ឌកម្ម​ថ្មី​
16, Aug 2017 , 9:17 am        
រូបភាព
​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី (Hassan Rouhani) បាន​គំរាម​វិលត្រឡប់​ទៅរក​កម្មវិធី​នុយក្លេអ៊ែរ​ម្ដងទៀត បើ​អាមេរិក​ហ៊ាន​អនុវត្ត​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​អ៊ីរ៉ង់​នោះ​។ អ៊ីរ៉ង់​មិន​សប្បាយចិត្ត​ឡើយ ពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​ដាក់ទណ្ឌកម្ម​លើ​ជនជាតិ និង​ក្រុមហ៊ុន​អ៊ីរ៉ង់​ពាក់ព័ន្ធ​ការបាញ់​មី​ស៊ី​ល​កន្លងមក និង​បាន​ហៅ​ទង្វើ​របស់​អាមេរិក​ជាការ​បំពាន​កិច្ចព្រមព្រៀង​អន្តរជាតិ​រវាង​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​៦​ទៀត​។​



«​បើ​អាមេរិក​ចង់​ប្រើប្រាស់​វិធីសាស្ត្រ​ចាស់​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ នោះ​អ៊ីរ៉ង់​នឹង​ត្រឡប់​ទៅរក​កម្មវិធី​នុយក្លេអ៊ែរ​ម្ដងទៀត​។​» នេះ​ជាស​ម្ដី​ព្រមាន​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី ទៅកាន់​អាមេរិក​ដែល​ទើប​ចេញ​ច្បាប់​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​។ លោក រូ​ហា​នី បញ្ជាក់ថា អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​នៅ​លើក​នេះ អ៊ីរ៉ង់​នឹង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​លើក​មុន​ទៅទៀត​។​

​អាមេរិក​បានដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​លើ​អ៊ីរ៉ង់ ដោយ​ចោទ​អ៊ីរ៉ង់​ថា​ព្យាយាម​អភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ នៅ​ខែកក្កដា ក្រសួង​រតនាគារ​អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន​៦​របស់​អ៊ីរ៉ង់​ដែល​ជាប់ទាក់ទង​ការអភិវឌ្ឍ​មី​ស៊ី​ល​។ នៅ​ខែសីហា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ សំដៅដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​បណ្ដា​ក្រុមហ៊ុន និង​ជនជាតិ​អ៊ីរ៉ង់​ដែល​ចូលរួម​ក្នុង​កម្មវិធី​មី​ស៊ី​ល​ដដែល​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក រូ​ហា​នី ដែល​ទើប​ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​ពីរ  បាន​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១៥ ខែសីហា ថា ក្រោម​ការដឹកនាំ​របស់​លោក ត្រាំ អាមេរិក​លែងគោ​រព និង​ឲ្យ​តម្លៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​ទៀតហើយ ដូចជា​ក្បត់​ពាក្យសម្ដី​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ និង​បំពាន​កិច្ចព្រមព្រៀង​ជាមួយ​គុយបា​ជាដើម​ផង​។ លោក​បន្តថា អាមេរិក​មិនមែនជា​ដៃគូ​ល្អ ឬក៏​ដៃគូ​ចរចា​គួរ​ឲ្យ​ទុកចិត្ត​ឡើយ​។​

​អ៊ីរ៉ង់ បានសម្រេច​ចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៥ ដោយ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មហាអំណាច​ចំនួន​៦ មាន​អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និង​អាល្លឺម៉ង់​។ ជា​ថ្នូរ​ត្រឡប់​វិញ អន្តរជាតិ​បាន​លើកលែង និង​លុបចោល​ទណ្ឌកម្ម​ជាច្រើន​លើ​អ៊ីរ៉ង់​។ ប៉ុន្តែ​អាមេរិក​បាន​អះអាងថា ការសាកល្បង​មី​ស៊ី​ល​ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​របស់​ក្រុង​តេ​ហេ​រ៉ង់ ជាការ​បំពាន​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។     

​ក្រៅពីនោះ លោក ត្រាំ ផ្ទាល់​ក៏​មិន​ជឿថា អ៊ីរ៉ង់​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដែរ ទោះជា​បច្ចុប្បន្ន​អ៊ីរ៉ង់​ផ្អាក​កម្មវិធី​នេះ​ក្ដី​។ ជា​ញឹកញាប់ លោក ត្រាំ ក៏បាន​រិះគន់​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែលជា​កេរដំណែល​របស់​រដ្ឋបាល​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ជា​រឿង​ដ៏​អាក្រក់​ទៀតផង​។ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​គំរាម​បញ្ចប់​កិច្ចព្រមព្រៀង ហើយ​ដាក់ជំនួស​កិច្ចព្រមព្រៀង​ថ្មី​ដែល​ល្អ​ជាង​៕ 


Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  Hassan Rouhani
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com