ជាតិ
​បាក់​ឌុប​៖ បេក្ខជន​ដែល​លួច​ចម្លង ត្រូវ​ប្រឈម​ការបាត់បង់​ឱកាស​ប្រឡង​
16, Aug 2017 , 11:40 am        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​បម្រាម​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ចម្លង​វិញ្ញាសារ​ពីគ្នា​ឡើយ​។ ប្រសិនបើ​បេក្ខជន​ណាមួយ​ប្រព្រឹត្ត​ទង្វើ​នេះ អាច​ប្រឈម​នឹង​បាន​ពិន្ទុ​សូន្យ​ចំពោះ​វិញ្ញាសារ​នោះ ហើយ​អាច​ត្រូវ​បញ្ឈប់​ការប្រឡង​ផងដែរ​។



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ញត្តិ​នូវ​សកម្មភាព​៨​ចំណុច ដើម្បី​កំណត់​ដាក់​កំហិត​លើ​បេក្ខជន​លួច​ចម្លង​។ បញ្ញត្តិ​ដែល​ក្រសួង​អប់រំ ចាត់ទុកថា​លួច​ចម្លង និង​ដាក់ពិន័យ​នោះ​រួមមាន​៖ ទី​១ បេក្ខជន​ណា​មាន​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ ដែកចារ​ការចម្លង​រូបមន្ត ឬ​មេរៀន​នៅលើ​តុ​ទុកជាមុន​ការសរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់ជើង លើ​កន្សែង​ជូត​មុខជា​ដើម ក្នុង​បន្ទប់​ប្រឡង​។ ទី​២​បេក្ខជន​ចម្លង​សំណៅ​កិច្ចការ​ពី​អ្នកដទៃ ឬ​យក​កិច្ចការ​អ្នកដទៃ​មក​ដាក់​នៅ​កន្លែង​ដែល​ខ្លួន​អង្គុយ​។ ទី​៣​បេក្ខជន​អើតមើល​សន្លឹក​កិច្ចការ​អ្នកដទៃ​។ ទី​៤​បេក្ខជន​ប្រើប្រាស់​ទូរស័ព្ទដៃ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​នៅក្នុង​បន្ទប់​ប្រឡង​។ ទី​៥​បេក្ខជន អង្គុយ​ខុសពី​លេខ​តុ​របស់ខ្លួន ដោយ​គ្មាន​ការ​អនុ​ញ្ញ​ត្ត​ពី​អនុរក្ស ឬ​រំកិល​មក​អង្គុយ​កៀក​អ្នកដទៃ​។ ទី​៦​បេក្ខជន​រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា ខុសពី​ប្លង់​កំណត់ដោយ​គណៈមេប្រយោគ​។ ទី​៧​បេក្ខជន​បង្ក​ឲ្យ​អ្នកដទៃ​ចម្លង និង​ទី​៨​បេក្ខជន​ប្តូរ​សន្លឹក​កិច្ចការ​គ្នា ឬ​ប្តូរ​ប្រកាស​ព្រាង​គ្នា ឬ​ផ្ទៀ​តង​ផ្ទាត់​ចម្លើយ​គ្នា ឬ​ចម្លង​គ្នា​ជាក់ស្តែង​។

​ប្រសិនបើ​បេក្ខជន​ណាមួយ ត្រូវបាន​រកឃើញថា​លួច​ចម្លង  ក្រសួង​អប់រំ នឹងដាក់​វិន័យ​ដល់​បេក្ខជន​នោះ នឹង​បាន​ពិន្ទុ​សូន្យ​ចំពោះ​វិញ្ញាសា​នោះ និង​នឹង​ត្រូវបាន​បញ្ឈប់​មិន​ឲ្យ​ប្រឡង​បន្តទៅទៀត​ក្នុងសម័យ​ប្រឡង​នេះ​។ នេះ​បើតាម​បញ្ញត្តិ​របស់​ក្រសួង​អប់រំ​។​

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខនេះ​។  សម័យ​ប្រឡង​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន សរុប​ចំនួន ១០៣ ១១២ នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៧៨ មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥ បន្ទប់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​៕


Tag:
 អប់រំ​
 ​ បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com