អន្តរជាតិ
វេ​ណេ​ស៊ុយ​អេ​ឡា​ធ្វើ​សមយុទ្ធ​យោធា​ប្រឆាំង​«​ចក្រពត្តិ​អាមេរិក​» ខណៈ​កងទ័ព​ធ្លាក់ខ្លួន​សុំ​ស្បៀង​ប្រជាជន​
16, Aug 2017 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បានស្នើ​ឲ្យ​មានការ​រៀបចំ​លំ​ហាត់​យោធា​ប្រឆាំង​ចក្រពត្តិនិយម​ទូទាំងប្រទេស ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ព្រលយ​ថា អាមេរិក​អាច​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​នៅ​ទីនោះ​បើ​ចាំបាច់​។ យ៉ាងណាក៏ដោយ វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​កំពុង​ធ្លាក់ខ្លួន​យ៉ាងជ្រៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​អស្ថិរភាព​នយោបាយ ហើយ​ពលរដ្ឋ​កំពុង​ប្រឈម​ការអត់ឃ្លាន​ថែម​ទៀតផង​។ ថ្វីបើ​រដ្ឋាភិបាល​ហាក់ដូច​នៅ​ខ្លាំងក្លា​មែន គេ​ឃើញ​កងទ័ព​វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាក់ខ្លួន​ដល់​ថ្នាក់​ឆ្លងដែន​ទៅសុំ​ស្បៀងអាហារ​ពី​ពលរដ្ឋ​ហ្គី​យ៉ាន​ដែល​ស្ថិតនៅ​ជិតខាង​ថែមទៀត​។



​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ដុនដាប​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ប្រជាពលរដ្ឋ​ប្រទេស​នេះ​ប្រឈម​ការ​អត់​ឃា្ល​ន​ថែម​ទៀតផង​។ វេ​ណេ​ស៊ុយ​អេ​ឡា​អាច​នឹង​ធ្លាក់​ក្នុងស្ថានភាព​ក្ស័យធន​យ៉ាង​ឆាប់ ស្រប​ពេលដែល​អត្រា​អតិផរណា​កើន​ដល់​ច្រើនជាង ៦០០​ភាគរយ​នាពេល​បច្ចុប្បន្ន​។ ចំណែក​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅតែ​បន្ត​កើតមាន​រាប់​ចាប់ពី​ខែមេសា​មក ហើយ​មនុស្ស​ប្រហែលជា ១២០​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ចលនា​តវ៉ា​នេះ​។

​ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ ប្រ​ធានា​ធិ​ប​តិ នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ហាក់​នៅតែ​ប្រឹងប្រែង​រក​វិធីសាស្ត្រ​ពង្រឹង​អំណាច​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង​ថែម ទាំង​ដែល​ខ្លួន​អសមត្ថភាព​ដោះស្រាយ​វិបត្តិ​ប្រទេសជាតិ​នោះ​។ ម៉ា​ឌុយ​រ៉ូ ចោទថា អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ចលនា​បាតុកម្ម ហើយ​ម្បី​បង្កើន​អំណាច​ខ្លួនឯង លោក ក៏បាន​ស្នើ​ឲ្យ​មានការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី តែ​លោក​អះអាងថា វា​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​រួបរឹត​រដ្ឋ​អាមេរិក​ឡាទីន​ដែល​ពឹង​ផ្អែកលើ​ការនាំ​ប្រេង​ចេញ​នេះ​។​

​ចុងខែ​កក្កដា​កន្លងទៅ ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​បានប្រកាស​រៀបចំ​ការបោះ​ឆ្នោត​មួយ​ដើម្បី​ឈានទៅ​ជ្រើសរើស​សមាជិកសភា​ធម្មនុញ្ញ​និង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​ស្របតាម​មាត្រា ៣៤៧​នៃ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​។   ក្រោយ​ការបោះឆ្នោត​ថ្ងៃ ៣០ ខែ​ក្កដា ប្រទេស​គុយបា បូ​លី​វី និង​នី​កា​រ៉ា​ហ្កា​ស នាំគ្នា​សាទរ​លទ្ធផល​នៃ​ការបោះឆ្នោត​កន្លងមក ប៉ុន្តែ​អា​ហ្ស​ង់​ទីន​, កូ​ឡុំ​ប៊ី , ម៉ិ​ក​ស៊ិ​ក​, ប៉េ​រូ​, ប៉ា​ណា​ម៉ា និង​អេស្បាញ​បដិសេធ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។​
​យ៉ាងណាមិញ នៅ​ដើម​ខែសីហា​កន្លងមកនេះ សភាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​មួយ​ដែលមាន​សមាជិក ៥៤៥ នោះ​នៅតែ​ត្រូវគេ​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​អំណាចនីតិបញ្ញត្តិ​ដែរ​។​

 សហរដ្ឋអាមេរិក​ដែលជា​មិត្ត​ជិតខាង​វេ​ណេ​ស៊ុយ​អេ​ឡា​នោះ បាន​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស ហើយក៏​សម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំង​ក្រុម​ភាគី​ពាក់ព័ន្ធ​ជាពិសេស​មន្ត្រីជានខ្ពស់​ក្នុង​រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ផងដែរ​។ ប៉ុន្តែ​ដោយសារ​ស្ថានការណ៍​មិនមាន​ភាព​ធូរស្រាល​នោះ នៅ​ថ្ងៃ ១១ ខែសីហា លោក ដូ​ណា​ល់ ត្រាំ បាន​ព្រលយ​ថា អាមេរិក​មាន​ចំណាត់ការ​ច្រើន​ក្នុងការ​ដោះស្រាយ​វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​ក្នុងនោះ​មាន​ទាំង​ការប្រើប្រាស់​អន្តរាគមន៍​យោធា​ផង​។

​លោក​បាន​ហៅ ម៉ា​ឌុយ​រ៉ូ ជា​ជន​ផ្តាច់ការ ហើយ​លោក​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​កំពុង​រងគ្រោះ រងទុក្ខវេទនា និង​ស្លាប់បាត់​បង់ជីវិត​ដោយសារ​រដ្ឋាភិបាល​ដែល​គិតតែ​រឿង​ប្រមូលផ្តុំ​អំណាច​ផ្ទាល់ខ្លួន​នោះ​។ ត្រាំ បាន​អះអាងថា អាមេរិក​មិន​រារែក​នឹង​ប្រើ​កម្លាំង​ទ័ព​ចូល​អន្តរាគមន៍​ឡើយ បើសិនជា​កាលៈទេសៈ​ចាំបាច់​ខ្លាំង​នោះ​។

​ក្រោយ​លឺ​ប្រធានាធិបតី​អាមេរិក​លើកឡើង​ដូច្នេះ ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ដែលជា​អ្នកគាំទ្រ​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បាននាំគ្នា​បាតុកម្ម​និង​ថ្កោលទោស​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​មិន​សំចៃមាត់​ផងដែរ​។

​យោធា​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​ដែរ​នោះបាន​អះអាង​ដូច្នេះ​ថា​៖« យើង​នឹង​ការពារ​ប្រទេស​យើង​រាល់​ពេលដែល​ចក្រពត្តិ​អាមេរិក​ចង់​ឈ្លានពាន​ទឹកដី​យើង​។ យើង​ត្រៀមប្រយុទ្ធ​ការពារ​ប្រទេស​យើង​ដោយ​បូជា​សាច់​ស្រស់​ឈាម​ស្រស់​»​។​

​ចំណែក រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​សម្រេច​បញ្ជា​ឲ្យ​ទ័ព​ប្រមូលផ្តុំ​កម្លាំង​ធ្វើ​សមយុទ្ធ​ត្រៀម​តបត​អាមេរិក​ភ្លាម​។ លោក ម៉ា​ឌុយ​រ៉ូ ហៅ​ការធ្វើ​សមយុទ្ធ​នោះ​ជាការ​ត្រៀមលក្ខណៈ​តបត​នឹង​កម្លាំង​ចក្រពត្តិ​អាមេរិក​ថែមទៀត​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បានលើកឡើង​ដូច្នេះ​៖ «​ខ្ញុំ​បានដាក់​បញ្ជា​ដល់​នាយសេនាធិការ​ចម្រុះ​ដើម្បី​ណែនាំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​យើង​ទាំងអស់​ត្រៀមខ្លួន​ធ្វើ​សមយុទ្ធ​យោធា​ទូទាំងប្រទេស​»​។​លំ​ហាត់​យោធា​ទូទាំងប្រទេស​ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​ខាងក្រៅ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ចាប់​ពីថ្ងៃ ២៦ ដល់​ថ្ងៃ ២៧ ខែសីហា​ខាងមុខ​។​

​យ៉ាងណាមិញ អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បានបញ្ជាក់​នៅ​ដើម​សប្តាហ៍​នេះ​ថា អាមេរិក​មិនបាន​ត្រៀមលក្ខណៈ​ក្នុងការ​ប្រើប្រាស់​អន្តរាគមន៍​យោធា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ឡើយ ប៉ុន្តែ​អាមេរិក​ក៏​មិន​ទ្រាំ​ឈរ​មើល​វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាក់ខ្លួន​ក្លាយជា​ប្រទេស​ដឹកនាំ​ដោយ​របប​ផ្តាច់កា​រដែរ​។

១.​របប​ប​ដឹកនាំ​ម៉ា​ឌុយ​រ៉ូ នៅតែ​ខ្លាំង តែ​ទាហាន​បាក់ស្បាត​ដើរ​សុំ​ចំណីអាហារ​ប្រជាជន​

​មកដល់​ពេលបច្ចុប្បន្ន រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ នៅតែ​បន្ត​មហិច្ឆតា​ពង្រឹង​អំណាច​របស់ខ្លួន មិន​ខ្វាយខ្វល់​ពី​បញ្ហា​ដែល​កំពុង​កើតមានឡើង​នៅក្នុង​ប្រទេស​ប៉ុន្មាន​ឡើយ​។ លោក​សម្អាង​លើ​កងទ័ព​ដែល​តែងតែ​គាំទ្រ​របប​ដឹកនាំ​របស់លោក​កន្លងមក​ពេញទំហឹង ហើយ​កងទ័ព​នេះ​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​របប​ដឹកនាំ​នេះ​ផងដែរ​។

​យ៉ាងណាមិញ គេ​ឃើញ​មាន​កងទ័ព​វេ​ណេ​ស៊ុយ​អេ​ឡា​មួយចំនួន​ធ្លាក់ខ្លួន​សុំ​ស្បៀងអាហារ​ពី​ប្រជាជន និង​មាន​ព័ត៌មាន​ខ្លះ​ថា កងទ័ព​គំរាមកំហែង​ប្រជាជន​ដើម្បី​ប្លន់​យក​ចំណីអាហារ​ថែម​ទៀតផង​។ ចំណែក កងទ័ព​មួយចំនួន​ចាប់ផ្តើម​ចេញមុខ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​ផងដែរ​កន្លងមក​។ សារព័ត៌មាន Miami Herald បាន​ផ្សាយ​ថា កងទ័ព​វេ​ណេ​ស៊ុ​អេ​ឡា​ជាច្រើន​នាក់​មាន​ប្រដាប់​ដោយ​អាវុធ និង​ស្ថិតក្នុង​ឯកសណ្ឋាន​យោធា​ផង​នោះ បាន​ឆ្លងដែន​ទៅកាន់​ប្រទេស​ហ្គី​យ៉ាន​ដែលជា​មិត្ត​ជិតខាង​វេ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​សុំ​ស្បៀងអាហារ​បរិភោគ​។

​សារព័ត៌មាន​ដដែល​នោះបាន​ស្រង់​សម្តី​ស្នងការ​ប៉ូលិស​ហ្គី​យ៉ាន​លោក Christopher Humphrey ដែល​បាន​ចុះទៅ​កាន់​ព្រំដែន​ផ្ទាល់ និង​ជួប​ជាមួយ​ទាហាន​វេ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ​។ លោក​បាន​អះអាងថា ទាហាន​ដែល​ឆ្លងដែន​មកពី​វេ​ណេ​ស៊ុយ​អេ​ឡា​និង​មាន​កាន់​អាវុធ​ក្នុង​ដៃ​ផង​នោះ​ប្រាប់​លោក​ថា ពួកគេ​គ្រាន់តែ​មកសុំ​ចំណីអាហារ​បរិភោគ​ប៉ុណ្ណោះ ហើយ​ពួកគេ​មិនបាន​ធ្វើបាប​នរណាម្នាក់​ឡើយ​។ អ្នក​ទាំងនោះ​បានទទួល​ស្បៀងអាហារ​សម្រាប់​បរិភោគ មុននឹង​ត្រូវគេ​បញ្ជូន​ទៅកាន់​វេ​ណេ​ស៊ុយ​អេ​ឡា​វិញ​។​

​យ៉ាងណាក៏ដោយ​បណ្តា​ទាហាន​ដែល​ស្ថិត​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ដែល​ស្ថិតនៅ​ទីក្រុង​មិន​ខ្វះខាត​របស់​ប្រើប្រាស់​ឬ​ស្បៀងអាហា​ឡើយ ប៉ុន្តែ​ទាហាន​ដែល​អត់ឃ្លាន​និង​សុំ​អាហារ​ប្រជា​ជននេះ​បម្រើ​ការងារ​នៅតាម​ព្រំដែន​។ ពួកគេ​ចៀស​មិន​ផុតពី​ប្រឈម​បញ្ហា​អត់ឃ្លាន ស្រប​ពេលដែល​ស្រុកទេស​ចលាចល ហើយ​សេដ្ឋកិច្ច​ជិត​ក្ស័យធន​ឡើយ​៕ 


Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  អាមេរិក​
 ​ ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com