ជាតិ
៧ខែដើមឆ្នាំ២០១៧ ក្រសួងកសិកម្មប្រមូលថវិកាបានពីវិស័យជលផលជាង៣០ម៉ឺនដុល្លារ
× ភ្នំពេញ៖ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលថវិកាលើវិស័យជលផល បានជាង៣០ម៉ឺនដុល្លារ ។
ក្រសួងកសិកម្ម បានឲ្យដឹងថា ក្រសួងបានរកចំណូលពីវិស័យជលផលក្នុងខែកក្កដា ឆ្នាំ២០១៧ ចំនួន ៨៩ ៧៦៥ ១០០រៀល (ជាង២ម៉ឺនដុល្លារ) ។ តាមរយៈការរកចំណូលពីវិស័យជលផល នៃថវិកាសរុបរយៈពេល៧ខែដើមឆ្នាំ២០១៧នេះ ក្រសួងកសិកម្ម បានប្រមូលថវិកា ១ ២៣៦ ៦៣១ ៥៨៣ រៀល (៣០ម៉ឺនដុល្លារ) ដែលកើនឡើង ៧៩ ១៧៣ ៧៤៣ រៀល (ជិត២ម៉ឺនដុល្លារ) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ បើតាមក្រសួងកសិកម្ម ទឹកប្រាក់ដែលប្រមូលពីវិស័យជលផលរយៈពេល៧ខែនេះ ស្មើនឹង៤១,២១ ភាគរយ នៃផែនការក្រសួងដែលកំណត់ទឹកប្រាក់ ៣ ០០០ ០០០ ០០០រៀល (ជាង៧០ម៉ឺនដុល្លារ)
បើតាមរបាយការណ៍ក្រសួងកសិកម្ម ការនាំចេញផលនេសាទស្រស់ រយៈពេល៧ខែ ៦០០០តោន ដែលស្មើ៤០ភាគរយ នៃផែនការ១៥០០០តោន ។ ផលនេសាទស្រស់នេះ កើនឡើង១០០តោន បើធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០១៦។ ចំណែកផលនេសាទកែច្នៃ ក្នុងរយៈពេល៧ខែ ៣៣០០តោន ស្មើនឹង៦៦ភាគរយ នៃផែនការ៥០០០តោន ហើយបើប្រៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ កើនឡើង១០០តោន។
ក្រៅពីនេះក្រសួងកសិកម្ម បានចុះបង្ក្រាបបទល្មើសជលផល ក្នុងខែកក្កដាឆ្នាំ២០១៧ បានចំនួន៣១១ករណី ក្នុងនោះបទល្មើសទឹកសាប ២៧០ករណី និងសមុទ្រចំនួន៤១ករណី។ ការចុះបំផ្លាញវត្ថុបទល្មើសជលផលរួមមាន៖ របាំងស្បៃមុង និងសាច់អួនប្រវែង ១៨៦០៤ម៉ែត្រ លូស្បៃមុង និងសាច់អួន ១៤៥២មាត់ បង្គោលចម្រឹងចំនួន៣៦ ០២៦ដើម ឧបករណ៍ឆក់ត្រីចំនួន២៦គ្រឿង របាំងព្រូលប្រវែង២៥៥ម៉ែត្រ និងពិន័យអន្តរការណ៍ចំនួន ៥១ករណី ស្មើនឹងទឹកប្រាក់ចំនួន១៨៣ ៥០០ ០០០រៀល។ បន្ថែមពីនេះក៏មានការព្រលែងត្រីចូលបឹងធម្មជាតិ ចំនួន៣០៦១គីឡូក្រាមផងដែរ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com