ពីនេះ ពីនោះ
រូបត្លុក
ក្រីក្រស្រឡាញ់គ្នា ពេលមានទ្រព្យា ខែងរ៉ែងពើងទ្រូង
× តើអ្នកណាខ្លះជួបប្រទះរឿងដូចនេះ? ហើយតើអ្នកណាខ្លះ ធ្លាប់ធ្វើដូចនេះ? មានករណីមិនតិចឡើយដែលគេធ្លាប់ឮមនុស្សត្អូញត្អែរ និងបង្ហាញអារម្មណ៍ខកចិត្តអំពីការបែកបាក់មិត្តភាពរវាងមិត្តភក្កិ ឬក្តីស្រឡាញ់រវាងបងប្អូន នៅពេលដែលជីវភាពរបស់ពួកគេរុងរឿង លែងក្រីក្រដូចមុន។
អ្នកខ្លះជាមិត្តភក្តិស្លាប់រស់នឹងគ្នានៅវ័យកុមារភាព ឬនៅក្នុងជីវភាពជានិស្សិត។ ប៉ុន្តែនៅពេលដែលពួកគេចម្រើនវ័យ ប្រឹងធ្វើការរៀងខ្លួន មានជីវិតថ្មីរៀងខ្លួន មិត្តភាពក៏រសាយបាត់ ហើយក៏ប្រឹងប្រែងប្រជែងគ្នារឿងទ្រព្យសម្បត្តិទៅវិញ។
ពេលខ្លះ មិត្តភក្តិដែលមានចំណូលតិចតួច ក៏មិនហ៊ានទៅជួបមិត្តភក្តិដែលក្លាយជាអ្នកមានទ្រព្យ ហើយយូរៗទៅក៏ណាយចិត្តពីគ្នា។
ករណីដូចគ្នានេះ ក៏កើតមានចំពោះបងប្អូនបង្កើត ជីដូនមួយ ជីទួតមួយដែរ។ សាច់ញាតិដែលខ្សត់ខ្សោយរមែងមិនមានហាស្តី ស្វែងរកជួបអ្នកមានថ្លៃថ្នូរឡើយ។ អ្នកមានទ្រព្យតែងតែរវល់នឹងការងារខ្លួនផង ហើយក៏ប្រហែលជាផ្លាស់ប្តូរអត្តចរិតខ្លះផង។ ទីបំផុត ក្តីស្រឡាញ់គ្នាក៏កាន់តែសាប មិនផ្អែមទៀតឡើយ។
តែក៏មានមនុស្សមួយចំនួនដែលមិនផ្លាស់ប្តូរភាពសាមញ្ញ និងសេចក្តីរាប់អានមិត្តភក្តិ បងប្អូន សាច់ញាតិនោះដែរ។
អ្នកមានទ្រព្យា បើមានចិត្តជា សម្បូរមិត្តភក្តិ តែងមកឈូឆរ កំដរឥតអាក់ នាំឲ្យត្រជាក់ ចិត្តថ្លើមជានិច្ច ៕
© រក្សាសិទ្ធិដោយ thmeythmey.com