អន្តរជាតិ
រដ្ឋមន្ត្រី​កីឡា​ម៉ាឡេស៊ី​សុំ​អភ័យទោស​ឥណ្ឌូណេស៊ី​រឿង​ដាក់​«​ទង់ជាតិ​»​ត្រឡប់​ក្បាល​នៅ​ស៊ី​ហ្គេម​
20, Aug 2017 , 1:36 pm        
រូបភាព
​រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​បានចេញ​មុខ​សុំ​អភ័យទោស​សម​ភាគី​ឥណ្ឌូណេស៊ី និង​ប្រជាជន​ឥណ្ឌូណេស៊ី​ពាក់ព័ន្ធ​បញ្ហា​បច្ចេកទេស​ដាក់​រូប​ទង់​ជាតិ ឥណ្ឌូណេស៊ី ត្រឡប់​ក្បាល​ក្នុង​សៀវភៅ​ព័ត៌មាន​ស្តីពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ ។ តំណាង​រដ្ឋាភិបាល​ម៉ាឡេស៊ី​អះអាងថា វា​ជា​កំហុស​អ​ចេតនា​សុទ្ធសាធ​។​



​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ប្រតិកម្ម​ខ្លាំងៗ និង​នាំគ្នា​ចេញមុខ​រិះគន់​ម៉ាឡេស៊ី ក្រោយ​ម៉ាឡេស៊ី​រៀបចំ​សៀវភៅ​ព័ត៌មាន​ស្តីពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ ដែលមាន​ដាក់​ទង់ជាតិ​ឥណ្ឌូណេស៊ី​ត្រឡប់​ក្បាល​ចុះក្រោម​។ ប៉ុន្តែ​រដ្ឋមន្ត្រី​កីឡា​ម៉ាឡេស៊ី​លោក ចេញមុខ​សុំ​អភ័យទោស​ភ្លាមៗ និង​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​ឥណ្ឌូណេស៊ី​ផង​។

​យោងតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia រដ្ឋមន្ត្រីយុវជន និង​កីឡា​ម៉ាឡេស៊ី Khairy Jamaluddin បាន​ថ្លែង​ឆ្លើយតប​នឹង​រដ្ឋមន្ត្រី​កីឡា​ឥណ្ឌូណេស៊ី Imam Nahrawi ក្នុង​គណនី twitter ផ្លូវការ​របស់ខ្លួន​ដូច្នេះ​ថា​៖ សូម​ទទួលយក​ការសុំ​អភ័យទោស​ពី​ខ្ញុំ​ផង​ចំពោះ​បញ្ហា​នេះ​។ វា​គ្មាន​ការ​ស្អប់ខ្ពើម​អ្វី​ទេ​។ វា​ជា​កំហុស​អ​ចេតនា​សុទ្ធសាធ ហើយ​ខ្ញុំ​ពិតជា​សោកស្តាយ​ពន់ពេក​ដែល​កំហុស​បែបនេះ​កើតឡើង​។ ខ្ញុំ​សូម​អភ័យទោស​ផង​»​។​

​ពាក់ព័ន្ធ​បញ្ហា​ប្រតិកម្ម​តប​កំហុសឆ្គង​របស់​ម៉ាឡេស៊ី​នេះ សារព័ត៌មាន​រដ្ឋ​ឥណ្ឌូណេស៊ី Antara បាន​ស្រង់​សម្តី​រដ្ឋមន្ត្រី​យុវជន​និង​កីឡា​ឥណ្ឌូណេស៊ី Nahrawi ដូច្នេះ​ថា​៖ យើង​នឹង​តវ៉ា​។ យើង​រង់​ចាំការសុំ​អភ័យទោស​ដោយផ្ទាល់​ពីរ​ដ្ឋា​ភិ​បាល​ម៉ាឡេស៊ី​។ តើ​ហេតុអ្វី​រឿង​បែបនេះ​អាច​កើតឡើង​ទៅរួច​ក្នុង​ពិធី​ធំ​និង​ពិសេស​បែបនេះ​ទៅ​កើត​?»

​លោក​បន្តថា​៖« វា​ជា​រឿង​ដែល​ធ្វេសប្រហែស​បំផុត​មួយ ហើយ​យើង​ពិតជា​ខកចិត្ត​ខ្លាំងណាស់​។  វា​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ក្នុងនាម​យើង​ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ​។ វា​មិនគួរ​កើតឡើង​ទេ​ជាពិសេស​នៅក្នុង​វេទិកា​បើកចំហរ ដែលមាន​មនុស្ស​រាប់លាន​នាក់​មើល​»​។

​ដោយឡែក​គណៈកម្មការ​ស៊ី​ហ្គេម​ម៉ាឡេស៊ី បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​សុំ​អភ័យទោស​រាល់​ប្រជាជន​ឥណ្ឌូណេស៊ី​ពាក់ព័ន្ធ​កំហុស​អ​ចេតនា​នេះ​នៅ​ថ្ងៃ​សៅរ៍​។ លិខិត​ចំហរ​នោះបាន​បញ្ជាក់ថា រដ្ឋមន្ត្រី​កីឡា​ម៉ាឡេស៊ី​និង​ជា​ប្រធាន​គណៈកម្មការ​ផង​នោះ​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​កីឡា​ឥណ្ឌូណេស៊ី​ដើម្បី​សុំ​អភ័យទោស​ជា​ផ្លូវការ​តំណាង​ឲ្យ​គណៈកម្មការ​ទាំងមូល​ផង​៕  


Tag:
 ​ម៉ាឡេស៊ី​
  ស៊ី​ហ្គេម​
  Khairy Jamaluddin
  Imam Nahrawi
© រក្សាសិទ្ធិដោយ thmeythmey.com