ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការព្យាបាល​ដោយ​ភាព​ត្រជាក់ ឬ​ស្អំ​ទឹកកក មាន​ប្រសិទ្ធភាព​ដូច​ម្តេចទៅ​?
21, Aug 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ការព្យាបាល​ដោយ​ប្រើ​ភាព​ត្រជាក់ ឬ​ស្អំ​ទឹកកក មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​តាមរយៈ ការបន្ថយ​លំហូរ​ឈាម​ទៅ​កន្លែង​ដែល​ស្អំ ដើម្បី​បន្ថយ​ការ​រលាក និង​ហើម​ដែល​ធ្វើ​ឲ្យ​ឈឺចាប់ ជាពិសេស​នៅ​ជុំវិញ​សន្លាក់ ឬ​សរសៃ​ចង​សាច់ដុំ​តែម្តង​។ វា​អាច​បន្ថយ​សកម្មភាពរ​បស់​សរសៃប្រសាទ​បាន​បណ្តោះអាសន្ន ព្រមទាំង​បំបាត់​ការឈឺចាប់​ដែរ​។​



​មធ្យោបាយ​នៃ​ការព្យាបាល​ដោយ​ប្រើ​ភាព​ត្រជាក់​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ដូចជា​៖
•    ការ​ស្អំ​ទឹកកក​
•    ការប្រើ​ស្ព្រា​យ​ទឹកកក​បាញ់​
•    ម៉ាស្សា​ទឹកកក​
•    ងូត​ទឹកកក​

​ការព្យាបាល​ដោយ​ភាព​ត្រជាក់​ផ្សេងទៀត​មានដូចជា​៖
•    Cryostretching ជាការ​ប្រើ​ភាព​ត្រជាក់​ដើម្បី​បន្ថយ​ភាព​រឹង​របស់​សាច់ដុំ​ក្នុងពេល​ពុត​ពែន​ខ្លួន​
•    Cryokinetics ជាការ​ផ្សំគ្នា​នៃ​ការព្យាបាល​ដោយ​ភាព​ត្រជាក់ និង​សកម្មភាព​ហាត់ប្រាណ​បែប​សកម្ម សម្រាប់​ដោះស្រាយ​លើ​បញ្ហា​គ្រិច​សរសៃ​ចង​ឆ្អឹង​។​
•    ការព្យាបាល​ភាព​ត្រជាក់​ពេញ​ខ្លួន​តែម្តង​។​

​ពេលណា​ដែល​មិនគួរ​ប្រើ​វិធី​ព្យាបាល​បែបនេះ​?
​អ្នក​ដែលមាន​ជំងឺ​ទាក់ទង​នឹង​អារម្មណ៍​ស្បែក​មិនល្អ មិនគួរណា​ប្រើ​វិធី​ព្យាបាល​បែបនេះ​ទេ ព្រោះ​ពួកគេ​ប្រហែលជា​មិនអាច​មាន​អារម្មណ៍ល្អ​ឡើយ​។ មនុស្ស​ទាំងនោះ​រួមទាំង​អ្នកជំងឺ​ទឹកនោមផ្អែម​ផងដែរ ព្រោះតែ​អាច​ខូច​ដល់​សរសៃប្រសាទ​ពួកគេ​ថែមទៀត​។ សម្រាប់​ការ​គាំង​សន្លាក់ ឬ​សាច់ដុំ​ក៏​មិនគួរណា​ប្រើ​វិធី​ព្យាបាល​បែបនេះ​ដែរ​។ ចំពោះ​មនុស្ស​ដែលមាន​របត់​ឈាម​រត់​មិនល្អ​ក៏​មិនគួរ​ប្រើ​ដែរ​។​

​ករណី​ណាខ្លះ​ដែល​គួរប្រើ​វិធី​ព្យាបាល​នេះ​ទៅ​?
​សម្រាប់​ការព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ចូរ​ស្អំ​កន្សែង​ត្រជាក់​ដែល​រុំ​ទឹកកក ឬ​មាន​ថង់​ទឹកកក​ស្អំ​នៅលើ​កន្លែង​ដែលមាន​បញ្ហា​។ អ្នក​មិនគួរណា​យក​ទឹកកក ឬ​របស់​ដែល​កក​រឹង​ដាក់​ផ្ទាល់​លើ​ស្បែក​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ខូច​ស្បែក និង​ជាលិកា​នៅ​ខាងក្រោម​នោះបាន​។ ការព្យាបាល​ដោយ​ប្រើ​ភាព​ត្រជាក់​គួរតែ​ធ្វើ​ឲ្យ​បាន​លឿន​ក្រោយពី​មាន​របួស​រួច​។​

​ការព្យាបាល​ដោយ​ប្រើ​ភាព​ត្រជាក់​អាច​ប្រើ​បាន​រយៈពេល​ខ្លី និង​ច្រើនដង​ក្នុង​មួយថ្ងៃ​។ យក​ល្អ​គួរតែ​ស្អំ​ម្តង​ពី ១០ ទៅ​១៥​នាទី ហើយ​កុំ​ឲ្យ​យូរ​ជាង ២០​នាទី​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ខូច​ដល់​សរសៃប្រសាទ និង​ស្បែក​។ ចំពោះ​កន្លែង​ដែលមាន​បញ្ហា​នោះ​គួរតែ​លើក​ឲ្យ​ខ្ពស់​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com