កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ទ្រី​យ៉ា​ត្លុង​កម្ពុជា​រង​ការខកចិត្ត ចំណែក​បាល់បោះ​បន្ត​ចាញ់​វៀតណាម​
21, Aug 2017 , 12:22 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមកម្ពុជាជាមួយវៀតណាមនៅកីឡដ្ឋាន MABA Stadium។ រូបភាពពី NOCC
សកម្មភាពប្រកួតរវាងក្រុមកម្ពុជាជាមួយវៀតណាមនៅកីឡដ្ឋាន MABA Stadium។ រូបភាពពី NOCC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កម្ពុជា និង​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​បាន​ត្រឹម​បទពិសោធ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព បន្ទាប់ពី​មិនអាច​ដណ្តើម​មេដាយ​ពី​ការ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​លើ​វិញ្ញាសា​របស់ខ្លួន​កាល​ព្រឹក​ថ្ងៃទី​២១ ខែសីហា​។ ហ្វីលីពីន​បាន​បន្ត​គ្រង​មេដាយមាស និង​ប្រាក់ ខណៈ​សិង្ហ​បុរី​ទទួលបាន​មេដាយ​សំរឹទ្ធ​។ ចំណែក​ការប្រកួត​កីឡាបាល់បោះ កម្ពុជា បាន​បន្ត​ចាញ់​វៀតណាម ៩៥-៩០ នា​ជំនួប​លើក​ទី​២​ក្នុង​ពូ​ល B​។



​កីឡាករ​ទ្រី​យ៉ា​ត្លុង នាង ពេជ្រ​ពិសិដ្ឋ និង ឈុន ប៊ុនថន បាន​រង​ការខកចិត្ត​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី បន្ទាប់ពី​ពួកគេ​មិនអាច​បាន​ដណ្តើម​មេដាយ​លើ​វិញ្ញាសា​របស់ខ្លួន​ជូន​ជាតិ​មាតុភូមិ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា​។ ទោះបី ពេជ្រ​ពិសិដ្ឋ និង ប៊ុនថន មិនអាច​ស្វែងរក​ជ័យជម្នះ​បាន ប៉ុន្តែ​ពួកគេ​ទទួលបាន​បទពិសោធ​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​នៅ​ថ្ងៃ​អនាគត​។

​សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​ហែល​ទឹក​១,៥​គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​១០​គីឡូម៉ែត្រ កីឡាករ​ហ្វីលីពីន​ដែលជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៦ នៅ​សិង្ហ​បុរី បាន​បន្ត​ឈ្នះ​មេដាយមាស និង​ប្រាក់ ខណៈ​សិង្ហ​បុរី​បាន​បន្ត​រក្សា​មេដាយ​សំរឹទ្ធ​។ គួរ​បញ្ជាក់ថា ការប្រកួត​នេះ​ប្រទេស​នីមួយៗ​អាចដាក់​កីឡាករ​ពីររូប​ឲ្យ​ចូលរួម​លើ​វិញ្ញាសា​នេះ​។



​មិនមែន​មានតែ​កម្ពុជា​នោះទេ​ដែល​មិនបាន​មេដាយ សូម្បីតែ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដែលជា​ម្ចាស់​មេដាយប្រាក់​កីឡា​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៥ ក៏​មិន​ទទួលបាន​មេដាយ​ដូចគ្នា​ពី​ការប្រកួត​នេះ​។    

​ដោយឡែក ក្រុមកីឡា​បាល់បោះ​កម្ពុជា​បាន​ប្រកួត​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ៩៥-៩០ សម្រាប់​ការប្រកួត​លើក​ទី​២​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កំពុងដំណើរការ​នៅ​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃទី​២១ សីហា នា​កីឡដ្ឋាន MABA Stadium ខណៈ​កាលពី​លើក​ទី​១​ក្រុម​កម្ពុ​ជាមួយនេះ​បាន​ចាញ់​សិង្ហ​បុរី​ក្នុង​លទ្ធផល ៩៥-៦៤​។ ក្រុមកីឡា​បាល់បោះ​កម្ពុជា ត្រូវ​ជួប​ប្រកួត​លើក​ទី​៣​ជាមួយ​ឡាវ នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២២ ខែសីហា នៅ​កីឡដ្ឋាន MABA Stadium៕    


Tag:
 ទ្រី​យ៉ា​ត្លុង​
  បាល់បោះ​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com