អន្តរជាតិ
អាមេរិក​-​កូរ៉េខាងត្បូង​ជម្នះ​ធ្វើ​សមយុទ្ធ ដោយ​មិន​ខ្វល់​ការព្រមាន​ផ្ទុះ​សង្គ្រាម​របស់​កូរ៉េខាងជើង
21, Aug 2017 , 2:10 pm        
រូបភាព
​អាមេរិក និង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២១ ខែសីហា បានធ្វើ​សមយុទ្ធ​ប្រចាំ​របស់ខ្លួន​តាម​ផែនការ​ដដែល បើទោះជា​កូរ៉េខាងជើង​ព្រមាន​ឆ្លើយតប​ក្ដី​។ សមយុទ្ធ​រដូវក្ដៅ Ulchi-Freedom Guardian ត្រូវធ្វើឡើង​រយៈពេល​១០​ថ្ងៃ ដោយមាន​ការចូលរួម​ពី​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង​ច្រើន​ម៉ឺន​នាក់​។ សមយុទ្ធ​នេះ​ធ្វើឡើង​ចំពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង ដោយសារ​ការ​គំរាម​វាយប្រហារ​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​។​



​សមយុទ្ធ​រដូវក្ដៅ Ulchi-Freedom Guardian របស់​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង បានចាប់ផ្ដើម​តាម​ការគ្រោងទុក ខណៈ​ចិន និង​រុស្ស៊ី​បានស្នើ​ឲ្យ​ផ្អាក​សិន ព្រោះ​អាច​ដុត​កម្ដៅ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ដែល​តានតឹង​ស្រាប់​។ សមយុទ្ធ​នេះ​ពិតជា​ដុត​បញ្ឆេះ​កំហឹង​កូរ៉េខាងជើង បន្ទាប់ពី​ទើបតែ​បានសម្រេច​ចិត្ត​ផ្អាក​ផែនការ​បាញ់​មី​ស៊ី​ល​ដាក់​តំបន់​ជុំវិញ​កោះ​ហ្គា​ម ហើយ​រង់​ចាំមើល​សកម្ម​ភាព​របស់​អាមេរិក​សិន មុននឹង​អនុវត្ត​ផែនការ​នេះ​។​

​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​សមយុទ្ធ​នេះ​ជាការ​ការពារ​ខ្លួន​សុទ្ធសាធ មិនមែនជា​គំរាម​កូរ៉េខាងជើង​អ្វី​ឡើយ តែ​កូរ៉េខាងជើង​វិញ​បាន​ហៅ​សមយុទ្ធ​ប្រចាំ​ឆ្នាំនេះ​ជាការ​រៀបចំ​ធ្វើសង្គ្រាម​ឈ្លានពាន​ខ្លួន​។ កូរ៉េខាងជើង​ក៏​និយាយ​ដែរ​ថា​សមយុទ្ធ​នេះ​ប្រៀបដូចជា​ការចាក់​សាំង​លើ​ភ្លើង​ទៀតផង​។ នៅ​ថ្ងៃទី​២០ ខែសីហា កាសែត​កូរ៉េខាងជើង Rodong Sinmun បាន​សរសេរ​ព្រមាន​ថា សមយុទ្ធ​នេះ​អាច​បង្ក​ជា​សង្គ្រាម​នុយក្លេអ៊ែរ​ដែល​មិនអាច​គ្រប់គ្រង​បាន​។

​តាមពិតទៅ មិនមែន​មានតែ​កូរ៉េខាងជើង​ទេ​ដែល​ទាមទារ​ឲ្យ​ផ្អាក​សមយុទ្ធ​នេះ ចិន និង​រុស្ស៊ី​ក៏​ស្នើ​ឲ្យ​អាមេរិក​ផ្អាក​សមយុទ្ធ​នេះដែរ ហើយ​ជា​ថ្នូរ​មកវិញ​ពួកគេ​នឹង​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​ផ្អាក​ការបាញ់​មី​ស៊ី​ល​ដូចគ្នា​។ យ៉ាងណាក្ដី ប្រមុខ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត បាន​អះអាង​កាលពី​ទស្សនកិច្ច​នៅ​ប៉េកាំង​ថា សមយុទ្ធ​នេះ​ត្រូវ​ធ្វើតាម​ផែនការ ដោយ​គ្មាន​ការកែប្រែ​អ្វី​ឡើយ ហើយក៏​មិនអាច​យកទៅ​ចរចា​អ្វី​ដែរ​។​

Ulchi-Freedom Guardian គឺជា​សមយុទ្ធ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ក្នុងចំណោម​សមយុទ្ធ​ធំៗ​ចំនួន​ពីរ ហើយ​តែង​រៀបចំ​នៅ​រដូវក្ដៅ ចំណែក​សមយុទ្ធ Foal Eagle/Key Resolve តែង​ធ្វើឡើង​នៅ​រដូវ​ផ្កា​រីក​។ សមយុទ្ធ​ដ៏​ធំ​នេះ​មានការ​ចូលរួម​ពី​កម្លាំង​ជើងគោក ជើង​ទឹក និង​ជើង​អាកាស ហើយ​នៅ​ជា​រៀងរាល់ឆ្នាំ កងទ័ព​កូរ៉េខាងត្បូង​ប្រមាណ​៥​ម៉ឺន​នាក់ និង​កងទ័ព​អាមេរិក​ជិត​៣​ម៉ឺន​នាក់ បាន​ចូលរួម​ក្នុង​សមយុទ្ធ ដែល​កូរ៉េខាងជើង​ហៅថា​ជាការ​រៀបចំ​ឈ្លានពាន​ខ្លួន​។​

​នៅពេល​វ៉ាស៊ីនតោន និង​សេ​អ៊ូ​ល​ធ្វើ​សមយុទ្ធ​ម្ដងៗ ព្យុងយ៉ាង​តែង​គំរាម​វាយប្រហារ​សងសឹក​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ កាលពីដើម​ឆ្នាំនេះ ពេល​ទាហាន​អាមេរិក​និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ Foal Eagle/Key Resolve កូរ៉េខាងជើង​បាន​គំរាម​ប្រើ​នុយក្លេអ៊ែរ​ដើម្បី​កម្ទេច​សត្រូវ​ឈ្លានពាន​។ យ៉ាងណាក្ដី អ្វីដែល​គេ​ឃើញ​នោះ គឺ​មានការ​ការបាញ់​មី​ស៊ី​ល ឬ​ការធ្វើ​សមយុទ្ធ​សម្ញែង​កម្លាំង​ដើម្បី​គំរាម ឬក៏​ការ​ចល័ត​កងទ័ព​ប៉ុណ្ណោះ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com