អន្តរជាតិ
ហ្វីលីពីន​៖ សាកសព​ឧក្រិដ្ឋជន​គ្រឿងញៀន​ជាច្រើន​ត្រូវគេ​បោះ​ចូលក្នុង​សមុទ្រ​
21, Aug 2017 , 5:08 pm        
រូបភាព
រូបភាព៖ Al Jazeera
រូបភាព៖ Al Jazeera
ដោយ:
​អ្នកនេសាទ​ហ្វីលីពីន​ម្នាក់​បាន​រៀបរាប់​ប្រាប់​ទូរទស្សន៍ Al Jazeera ថា ខ្លួន​ត្រូវបាន​ប៉ូលិស​បញ្ជា​ឲ្យ​បោះ​ទម្លាក់​សាកសព​ឧក្រិដ្ឋជន​គ្រឿងញៀន​ចូលក្នុង​ឆកសមុទ្រ​ម៉ានីល​។ ក្រោម​បញ្ជា​របស់​អាជ្ញាធរ អ្នក​នេ​សា​នេះ​បាន​បោះចោល​សាកសព​ឧក្រិដ្ឋជន​គ្រឿងញៀន​២០​នាក់​ហើយ​ចូល​ក​ទឹកសមុទ្រ​នោះ​។​



​អ្នកនេសាទ​ហ្វីលីពីន​ម្នាក់​ឈ្មោះ​Manuel ត្រូវបាន​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន​ហ្វីលីពីន​បញ្ជា​ឲ្យ​បោះ​សាកសព​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​ប៉ូលិស​ចាត់ទុកជា​សំរាម​ចូលក្នុង​ឆកសមុទ្រ​ម៉ានីល​ចាប់ពី​ឆ្នាំមុន​មក​។ មកទល់ពេលនេះ Manuel សារភាពថា ខ្លួន​បាន​បោះចោល​សាកសព​ឧក្រិដ្ឋជន​គ្រឿងញៀន​ចូលក្នុង​សមុទ្រ​អស់​ប្រហែល ២០ នាក់​ហើយ​។​

​ទូរទស្សន៍​កាតា Al Jazeera ស្រង់​សម្ដី​អ្នកនេសាទ​រូបនេះ​ដូច្នេះ​ថា​៖«​ប៉ូលិស​បានមក​ផ្ទះ​របស់ខ្ញុំ ហើយ​បញ្ជា​ឲ្យ​ខ្ញុំ​យក​សាកសព​ទាំងនេះ​ទៅ​បោះចោល​។ ជាធម្មតា​ខ្ញុំ​តែង​បោះចោល​សាកសព​ឧក្រិដ្ឋជន​ទាំងនេះ​ចូល​ឆកសមុទ្រ​ម៉ានីល ហើយ​ពេលខ្លះទៀត​ខ្ញុំ​ដាក់​វត្ថុ​មួយចំនួន​ភ្ជាប់​ខ្លួន​សាកសព​ឲ្យ​ធ្ងន់​ដើម្បី​កុំ​ឲ្យ​វា​អណ្ដែត​ឡើងមក​វិញ​»​។​

​អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នោះ អ្នកនេសាទ​រូបនេះ​អះអាងថា  លោក​បាន​ប្រទះឃើញ​សាកសព​របស់​មិត្ត​ភ័ក្ដិ​លោក​ថែមទៀត​។ លោក​ភ័យខ្លាច​ថា ពេល​ក្រោយ​អាច​នឹង​ដល់​វេន​របស់លោក​ម្ដង​ផង​ក៏​មិនដឹង​។​លោក​មិន​ជឿទុកចិត្ត​លើ​អាជ្ញាធរ​ក្នុងស្រុក​ឡើយ ព្រោះ​ពេលខ្លះ​ពួកគេ​អាច​នឹង​សម្លាប់​មនុស្ស​ផ្ដេសផ្ដាស​ហើយ​អះអាងថា វា​ជាការ​បង្ក្រាប​គ្រឿងញៀន​ក៏​ថា​បាន​។​

​ទោះជា​យ៉ាងណាក្ដី ប៉ូលិស​ហ្វីលីពីន​ដែលជា​ភ្នាក់ងារ​បង្ក្រាប​គ្រឿងញៀន​បាន​សន្យា​ស្រាវជ្រាវ​ពី​រឿងក្ដី​បោះ​សាកសព​ចូល​ឈូង​សមុទ្រ​ម៉ានីល​នេះ​។​
« ពួកយើង​នឹងមិន​បណ្ដោយ​ឲ្យ​សមាជិក​ណាមួយ​របស់​អង្គភាព​យើង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ឡើយ​។ បើ​វា​ជាការ​ពិត​យើង​នឹង​ចាត់វិធានការ​ភ្លាម​។ ម្យ៉ាងវិញទៀត ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការបង្ក្រាប​គ្រឿងញៀន​មក ពួកយើង​បាន​ផ្ដោតលើ​ចំណុច​សំខាន់ៗ​ចំនួន​បី​ក្នុងនោះ​រួមមាន​ឧក្រិដ្ឋកម្ម គ្រឿងញៀន និង​អំពើពុករលួយ​»​។

​ដោយឡែក​លោក Wilnor Papa ដែលជា​មន្ត្រី​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​បានបង្ហាញ​ក្តីបារម្ភ​ពាក់ព័ន​ជុំវិញ​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​សង្គ្រាម​គ្រឿងញៀន​ផង ហើយ​បច្ចុប្បន្ន​បញ្ហាសំខាន់​គឺ​ទិន្នន័យ​ពិតប្រាកដ​នៃ​អ្នកស្លាប់​។

​មន្ត្រី​សិទ្ធិមនុស្ស​ខាងលើ​បាន​អធិប្បាយ​ថា កាលពីមុន​ខែកុម្ភៈ​ឆ្នាំ​២០១៧ របាយការណ៍​ប៉ូលិស​ហ្វីលីពីន​ពិត​បង្ហាញថា វា​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​មែន​។ ប៉ុន្តែ​ក្រុមប៉ូលិស​ហ្វីលីពីន ព្យាយាម​បន្ថយ​ចំនួន​អ្នកស្លាប់​នៅ​ខែមេសា និង​ឧសភា​ជា​បន្តបន្ទាប់ ដែល​វា​ធ្វើ​ឲ្យ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​សង្ស័យ​បំផុត​។​

​គួរ​បញ្ជាក់ដែរថា កន្លងមក​ប៉ូលិស​បាន​រាយការណ៍​ថា​មនុស្ស​ប្រហែល​៣២០០​នាក់​ត្រូវបាន​សម្លាប់ ដោយ​ប៉ូលិស​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​កន្លងមក ប៉ុន្តែ​ខាង​ស្ថាប័ន​សិទ្ធិមនុស្ស​បាន​អះអាងថា មនុស្ស​មិនតិចជាង ៧០០០​នាក់​ទេ​ដែល​ត្រូវបាន​គេ​សម្លាប់​ក្រៅ​រង្វង់​ច្បាប់​និង​គ្មាន​ហេតុផល​ត្រឹមត្រូវ​៕


Tag:
 Manuel
 ​ ហ្វីលីពីន​
  សង្គ្រាម​គ្រឿងញៀន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com