ជាតិ
សង្គមជាតិ
បាក់​ឌុប​៖​ឪពុកម្ដាយ​មិន​ស្តាយ​ខាត​ពេលធ្វើការ រកស៊ី ដើម្បី​មក​លើកទឹកចិត្ត​កូន
21, Aug 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ឪពុកម្ដាយ អាណាព្យាបាល​សិស្ស​មួយចំនួន បានមក​លើកទឹកចិត្ត​កូន នៅមុខ​មណ្ឌល​ប្រឡង ដោយមាន​ខ្លះ​ឈរ ខ្លះ​អង្គុយ​នៅក្បែរ​របង​មណ្ឌល​ប្រឡង​។ ពួកគាត់​សុទ្ធតែ​អះអាងថា សុខចិត្ត​ខាត​ពេលវេលា ធ្វើ​ការងារ រកស៊ី ដើម្បី​បានមក​លើក​ទឹក​កូន ក្មួយ​ក្នុងពេល​ប្រឡង​។​



​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កំពុងដំណើរការ​ប្រឡង​នៅ​ថ្ងៃទី​២១ សីហា​នេះ​។ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ នៅតែ​បន្ត​រឹតបន្តឹង​ដូច​ទៅនឹង​បណ្ដា​ឆ្នាំមុនៗ​កន្លងទៅ​ដដែល ដោយមាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ជាច្រើន​នាក់ រួមទាំង​កម្លាំង​សមត្ថកិច្ច កងកម្លាំង​ប្រអប់​អាវុធ​ជាដើម​។ ការ​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ពាក្យស្លោក «​អ្នកចេះ គឺជា​ប់​» គឺ តម្រូវ​ឲ្យ​បេក្ខជន​ធ្វើទៅ​តាម​សមត្ថភាព​ផ្ទាល់ខ្លួន និង​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​លួច​ចម្លង​គ្នា ឬ​ចម្លង​សំណៅ​ឯកសារ​ផ្សេងៗ​ឡើយ​។​

​អាណាព្យាបាល ឪពុកម្ដាយ បេក្ខជន​ជាច្រើន​នាក់ បាន​មកឈរ និង​មាន​ខ្លះ​អង្គុយ​រង់ចាំ មើល​ដំណើរ​ការប្រឡង និង​លើកទឹកចិត្ត​ដល់​កូនៗ​របស់​ពួកគាត់ ដែល​ប្រឡង​នៅថ្ងៃនេះ​។ នៅមុខ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រាជធានី​ភ្នំពេញ អ្នកស្រី លឹម សុខ​ហៀ​ង អាយុ ៦៤​ឆ្នាំ បាន​ចំណាយពេល​មក​អង្គុយ​រង់ចាំ​ក្មួយ​ដែល​កំពុង​ប្រឡង​។ អ្នកស្រី លឹម សុខ​ហៀ​ង និយាយថា​៖«​ខ្ញុំ​អង្គុយ​រង់ចាំ​ក្មួយ​ខ្ញុំ ចេញពី​មណ្ឌល​ប្រឡង​។ ខ្ញុំ​ចង់​មក​លើកទឹកចិត្ត​គេ ពេល​គេ​ចេញពី​មណ្ឌល​ប្រឡង​វិញ​ឃើញ​គ្រួសារ​មក​មើល គេ​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​»​។ 



​ស្ត្រី​វ័យ​៦៤​ឆ្នាំ​រូបនេះ បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់ លើ​សមត្ថភាព​ក្មួយ​ខ្ញុំ​។ គេ​ខំ​ប្រឹងរៀន​ណាស់ គេ​មិនចេះ​ដើរលេង​ផ្ដេសផ្ដាស​»​។ កំពុង​អង្គុយ​រង់ចាំ​ក្មួយ ជា​ឪពុកម្ដាយ​បេក្ខជន​ដទៃទៀត នៅមុខ​មណ្ឌល​ព្រះស៊ីសុវត្ថិ អ្នកស្រី លឹម សុខ​ហៀ​ង ក៏បាន​បន់ស្រន់​ឲ្យ​ក្មួយ​របស់គាត់​ប្រឡង​ជាប់​ផងដែរ​។ 

«​ខាត​ពេលវេលា ប៉ុន្តែ​ខ្ញុំ​ចង់​ចំណាយពេល​រយៈពេល​២​ថ្ងៃនេះ ដើម្បី​មក​លើកទឹកចិត្ត​កូន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ជួប សា​វី ជា​បុគ្គលិក​មន្ទីរពេទ្យ​គន្ធបុប្ផា​។ អ្នកស្រី ជួប សា​វី បានមក​លើកទឹកចិត្ត​កូនស្រី នៅមុខ​មណ្ឌល​ប្រធាន​ដោយផ្ទាល់ ហើយ​ថ្ងៃនេះ អ្នកស្រី​ត្រូវសុំ​ច្បាប់​នៅ​កន្លែង​ការងារ​។ បុគ្គលិក​មន្ទីរពេទ្យ​គន្ធបុប្ផា រូបនេះ​បន្ថែមថា​៖«​ការ​រឹតបន្តឹង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​សមត្ថភាព​ផ្ទាល់​របស់​កូន​ខ្ញុំ​។ ខ្ញុំ​សប្បាយចិត្ត​ដែល​ក្រសួង​អប់រំ បាន​រឹតបន្តឹង​ការប្រឡង​បែបនេះ​។ ខ្ញុំ​ជឿជាក់ថា កូន​ខ្ញុំ​នឹង​ប្រឡង​ជាប់​»​។ 



​មិន​ខុសពី​អ្នកស្រី ជួប សា​វី​នោះទេ សម្រាប់​លោក ផុន ដា​វុ​ធ​វិញ ក៏​សុខចិត្ត​ដាក់​ច្បាប់​នៅ​កន្លែង​ការងារ ដើម្បី​មក​មើល​កូន​ប្រឡង​។ លោក ផុន ដា​វុ​ធ ជា​មន្ត្រីរាជការ​មួយរូប នៅ​ក្រសួងផែនការ ក៏បាន​មើល​កូន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះដែរ​។ លោក ផុន ដា​វុ​ធ លើកឡើងថា​៖ «​ខ្ញុំ​បានដាក់​ច្បាប់​នៅ​កន្លែងធ្វើការ តាំងពី​៣​ខែ​មុន ដើម្បី​មក​លើកទឹកចិត្ត​កូន​ពេល​ប្រឡង នៅមុខ​មណ្ឌល​ប្រឡង​ផ្ទាល់​»​។ មន្ត្រីរាជការ​រូបនេះ បាន​បន្ថែមថា​៖ «​ខ្ញុំ​យល់ថា បើ​កូន​ខ្ញុំ​ប្រឡង​ជាប់​គឺជា​សមត្ថភាព​របស់​កូន​ខ្ញុំ​ផ្ទាល់​។ ព្រោះ​ចុង​សប្ដាហ៍​ខ្ញុំ ឃើញ​គេ​ខំប្រឹង​ណាស់​»​។



​ចំណែកឯ​លោក ប្រាក់ សា​រ៉ុ​ម  ក៏បាន​មក​មើល​កូនស្រី ដែល​ត្រូវ​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែរ​។ អ្នកស្រុក​ល្វាឯម ខេត្តកណ្ដាល ប្រាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មកនេះ មក​លើកទឹកចិត្ត និង​ផ្ដល់​កម្លាំងចិត្ត​ដល់​កូន ព្រោះ​រយៈពេល​១២​ឆ្នាំមាន​តែម្ដង​។ ទោះបីជា​ខ្ញុំ​ចំណាយពេល​តែ​២​ថ្ងៃ មក​មើល​កូន ក៏​មិនមាន​បញ្ហា​អ្វី​ដែរ​»​។



​សម្រាប់​អ្នកស្រី សុ​ខុ​ត វិញ បាន​ចំណាយពេល​ធ្វើដំណើរ​ចេញពី​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ មក​មើល​កូន​ប្រឡង​នៅ​មណ្ឌល​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​។ អ្នកស្រី សុ​ខុ​ត ចង់​មក​លើកទឹកចិត្ត ឲ្យ​កូន​សប្បាយចិត្ត និង​ប្រឡង​ទៅដោយ​រលូន​។​



​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២១-២២ សីហា​។ ការប្រឡង​នេះ មាន​បេក្ខជន​សរុប​ចំនួន ១០៣,១១២​នាក់ ដោយ​ចែកចេញជា​មណ្ឌល​ប្រឡង​ចំនួន ១៧៨​មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥​បន្ទប់ នៅ​ទូទាំង​២៥​រាជធានី ខេត្ត​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ក៏បាន​ដាក់​យុវជន​ស្ម័គ្រចិត្ត​សង្កេតការណ៍​ប្រឡង​បាក់​ឌុប ចំនួន​៤,៥៨៧​នាក់​នៅ​ទូទាំង ២៥ រាជធានី ខេត្ត នៅ​ឆ្នាំ​នេះដែរ​៕


Tag:
 បាក់​ឌុប​
 ​ ឪពុកម្ដាយ​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com