អន្តរជាតិ
ពលរដ្ឋ​ហុងកុង​រាប់ពាន់នាក់​នាំគ្នា​តវ៉ា​ការដាក់ទោស​សកម្មជន​ប្រជាធិបតេយ្យ​បីនាក់​
21, Aug 2017 , 9:39 pm        
រូបភាព
បាតុករហុងកុងធ្វើបាតុកម្មទាមទារដោះលែងសកម្មជនការពារប្រជាធិបតេយ្យ (រូបភាព៖ Reuters)
បាតុករហុងកុងធ្វើបាតុកម្មទាមទារដោះលែងសកម្មជនការពារប្រជាធិបតេយ្យ (រូបភាព៖ Reuters)
​ពលរដ្ឋ​ហុងកុង​រាប់ពាន់នាក់​នៅ​ថ្ងៃទី​២០ ខែសីហា បាន​ប្រមូលគ្នា​តាម​ដងផ្លូវ​ដើម្បី​តវ៉ា​ដាក់ទោស​សកម្មជន​ការពារ​ប្រជាធិបតេយ្យ​បីនាក់ ដែល​ត្រូវ​តុលាការ​ដាក់ទោស​។ ការកាត់ទោស​សកម្មជន​ប្រជាធិបតេយ្យ​បីនាក់​នេះ​ក្រោម​ការចោទប្រកាន់ថា​រៀបចំ​ការជួបជុំ​ខុសច្បាប់ បង្ក​ជាការ​ព្រួយបារម្ភ​ជុំវិញ​ឯករាជ្យភាព​របស់​តុលាការ​ហុងកុង ក៏ដូចជា​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​ក្នុង​ប្រព័ន្ធគ្រប់គ្រង​របស់​ហុងកុង​ផងដែរ​។​



​ក្រោម​កម្ដៅថ្ងៃ​៣០​អង្សា ប្រជាជន​ហុងកុង​បាននាំគ្នា​ធ្វើបាតុកម្ម និង​ដើរ​សំដៅ​តុលាការក្រុង​ហុងកុង​ដើម្បី​ប្រឆាំង​ការកាត់ទោស​សកម្មជន​ប្រជាធិបតេយ្យ​វ័យក្មេង​បីនាក​ក់​។ ក្រុមបាតុករ​បាននាំគ្នា​កាន់​បដា​ដែលមាន​អត្ថន័យ​វាយប្រហារ​ការកាត់ទោស​លោក Joshua Wong, Nathan Law និង Alex Chow ។ នៅ​សប្ដាហ៍​មុន អ្នក​ទាំងបី​ត្រូវ​តុលាការ​ហុងកុង​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពី​៦​ខែ ទៅ​៨​ខែ ក្រោម​ការចោទប្រកាន់ថា​ប្រមូលផ្ដុំ​គ្មាន​ការអនុញ្ញាត​។​

«​វា​មិនមែនជា​បទឧក្រិដ្ឋ​ទេ​ដែល​គ្រាន់តែ​តវ៉ា​របប​ផ្ដាច់ការ​»​។ នេះ​ជា​ប្រយោគ​សរសេរ​លើ​បដា​ធំៗ​របស់​ក្រុមបាតុករ​ជាមួយ​សម្រែក​កងរំពង​ថា​៖ «​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់​។ យើង​មិន​ខ្លាច​ទេ​។ យើង​មិន​សោកស្ដាយ​ទេ​»​។ លោក Lester Shum ដែល​បានរៀបចំ​ការតវ៉ា​នេះ​និយាយថា ប្រជាជន​ហុងកុង​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ចំនួន​ច្រើន ដែលជា​លើកដំបូង​ចាប់តាំងពី​ការរៀបចំ​បាតុកម្ម​ឆត្រ​ក្នុង​ឆ្នាំ​២០១៤ ដែល​បង្អាក់​ដំណើរការ​ទីក្រុង​នេះ​អស់​ពេល​ជា​យូរ​។​

​យ៉ាងណាក្ដី ក្រុង​ហុងកុង​បាន​ទាត់ចោល​ការចោទប្រកាន់​ថា​មាន​អន្តរាគមន៍​នយោបាយ​ចូលក្នុង​ការ​ដំណើរការ​កាត់ក្ដី​សកម្មជន​វ័យក្មេង​ទាំងបី​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​ហុងកុង​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២០ ខែសីហា ថា ការកាត់ទោស​សកម្មជន​ទាំងបី​ខាងលើ គ្មាន​ការពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ ហើយ​ការចោទប្រកាន់ថា​មានការ​លូកលាន់​ផ្នែក​នយោបាយ ក៏ ជា​រឿង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ហេតុផល​ដែរ​។​

Joshua Wong និង​ដៃគូ​របស់ខ្លួន បាន​ប្រមូល​មនុស្ស​ធ្វើបាតុកម្ម​ដ៏​ធំ​ក្នុង​ឆ្នាំ​២០១៤ ដោយបាន​ទាក់ទាញ​មនុស្ស​រាប់ពាន់នាក់​។ បាតុកម្ម​ពេលនោះ ធ្វើឡើង​ដើម្បី​ប្រឆាំង​ការពង្រីក​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​ចូលក្នុង​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​តាំងពី​ឆ្នាំ​១៩៩៧ ក្នុង​ក្របខណ្ឌ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ ពួកគេ​ចោទ​ក្រុង​ប៉េកាំង​ថា​ជ្រើសរើស​មេដឹកនាំ​ដែល​ស្និទ្ធ​ខ្លួន​ក្នុងការ​បោះឆ្នោត​អសកល​មួយ​។​

Wong ក៏ដូចជា​អ្នក​រួមគំនិត​ដទៃទៀត ត្រូវបាន​តុលាការ​ដាក់ពិន័យ​ឲ្យ​បម្រើ​ការងារ​សហគមន៍​ចំពោះ​ទោស​របស់​ពួកគេ​។ ប៉ុន្តែ​ក្រសួងយុត្តិធម៌​ហុងកុង​បាន​ពិនិត្យ​ការដាក់​នេះ​ឡើងវិញ ដោយ​ចង់​ឲ្យ​ពួកគេ​ជាប់ពន្ធនាគារ​វិញ​។ ក្រុមបាតុករ​បាននាំគ្នា​រិះគន់​រដ្ឋមន្ត្រី​យុត្តិធម៌​ហុងកុង Rimsky Yuen ដែល​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ការដាក់ទោស​នេះ​។ លោក Rimsky Yuen និយាយថា ការដាក់ទោស​សកម្មជន​ទាំងបី មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ​៕

Tag:
 ហុងកុង​
  ចិន​
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com