ជាតិ
នាយក​អង្គការ AIM សុំទោស​សម្តេច ហ៊ុន សែន ហើយ​ថា​លោក​មិន​ពាក់ព័ន្ធ​នឹង​ទូរទស្សន៍ CNN ទេ
21, Aug 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​អង្គការ​មេត្រី​អន្តរជាតិ​(AIM) តាម​បញ្ជា​របស់​សម្តេច​យក​រដ្ឋមន្ត្រី ហ៊ុន សែន នាយក​ប្រតិបត្តិ​អង្គការ AIM បាន​ចេញមុខ​សុំទោស និង​សោកស្តាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​។  បន្ថែម​ពីនេះ លោក​អះអាងថា លោក​មិនមែន​នៅ​ពី​ក្រោយខ្នង​ទូរទស្សន៍ CNN ដូច​ការចោទប្រកាន់​ឡើយ​។

    
   

​លោក Don Brewster នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ បាន​បដិសេធថា លោក​មិនបាន​នៅ​ពីក្រោយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​ដ៏​ចម្រូងចម្រាស​របស់​ទូរ​ទស្សន៍ CNN ក្នុងពេល​កន្លងមក​នោះទេ​។ ការ​ថ្លែង​បដិសេធ​របស់​ប្រធាន​អង្គការ AIM ត្រូវបាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​មួយ​ដែល​ត្រូវបាន​រៀបចំ​នា​រសៀល​ថ្ងៃទី​២១​ខែសីហា​នេះ នៅ​ទីស្នាក់ការ​អង្គការ​ក្នុង​សង្កាត់​ស្វាយប៉ាក​របស់​ខណ្ឌឫស្សីកែវ​។​

​នៅក្នុង​សន្និសីទកាសែត​នោះ លោក Don Brewster បាន​រៀបរាប់​ប្រាប់​អ្នកកាសែត​អំពី​ដំណើររឿង​ដែល​អ្នកកាសែត CNN ស្នើសុំ​សម្ភាស​លោក និង​ស្ត្រី​រងគ្រោះ​ជនជាតិ​វៀតណាម​៣​នាក់​ដែល​អ្នកកាសែត​ធ្លាប់បាន​សម្ភាស​ម្តង​រួចហើយ​។ នាយក​អង្គការ AIM បាន​បញ្ជាក់ថា លោក​បាន​យល់ព្រម​ផ្តល់​សម្ភាស​តាម​ការស្នើ​របស់​អ្នកកាសែត ហើយ​ថា​នារី​រងគ្រោះ​ជនជាតិ​វៀតណាម ក៏​យល់ព្រម​ផ្តល់​បទ​សម្ភាស​ដោយ​ខ្លួនឯង​។ ប៉ុន្តែ បើតាម​ការអះអាង​រប​ស់លោក Don Brewster នារី​ទាំង​បីនាក់ គ្រាន់តែ​ចង់បង្ហាញ​ពី​ក្តីសង្ឃឹម​ថ្មី​ដែល​ទទួលបាន​ជំនួយ​ពី AIM បន្ទាប់ពី​រងគ្រោះ​ពី​អំពើ​ជួញដូរ​ផ្លូវភេទ  ទៅកាន់​ពិភពលោក​តាមរយៈ CNN​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា​៖ «​ជា​អកុសល CNN ដាក់​ចំណងជើង​ខុស ដោយ​ដាក់ថា ក្មេងស្រី​ទាំង​៣​នាក់​នេះ ជា​ជនជាតិខ្មែរ តាមពិត​ពួកគេ​ជា​វៀតណាម ហើយ​ពេល​សម្ភាស​នោះ ពួកគេ​ថែមទាំង​និយាយ​ភាសា​វៀតណាម​ទៀត​។ ករណីនេះ ខ្ញុំ​មិនបាន​ចូលរួម​ឡើយ​។ ហើយ​ការចោទប្រកាន់​អង្គការ​យើង​ថា នៅ​ពី​ក្រោយខ្នង​ទូរទស្សន៍​CNN គឺ​មិន​ត្រឹមត្រូវ​នោះទេ​»​។ 

​នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ​បាន​បន្ថែមទៀត​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ផ្ញើលិខិត​ផ្ទាល់​សុំទោស​សម្តេច ហ៊ុន សែន រួចហើយ​។ ថ្ងៃនេះ ខ្ញុំ​ពិតជា​សុំទោស និង​សោកស្តាយ​ចំពោះ​ហេតុការណ៍​នេះ​។ ប៉ុន្តែ ការផ្សាយ​របស់​CNN ខ្ញុំ​មិន​ពាក់ព័ន្ធ​នោះទេ ហើយ​ខ្ញុំ​ក៏​មិនអាច​បង្គាប់បញ្ជា​CNN​នោះ ព្រោះ វា​ការផ្សាយ​របស់គាត់​។ ខ្ញុំ​គ្រាន់តែ​ពលី​ជីវិត ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​ចៀស​ផុតពី​អំពើ​ជួញដូរ​ផ្លូវភេទ​ប៉ុណ្ណោះ​»​។

​តាមពិត បើ​ស្តាប់​តាម​ការពន្យល់​របស់លោក Don Brewster បន្ទាប់ពី​ការចុះផ្សាយ​ខុស​រួច លោក​បាន​សរសេរ​អ៊ី​ម៉ែ​ល​ទៅប្រាប់​ទូរទស្សន៍ CNN ហើយ​បន្ទាប់មក ទូរទស្សន៍ CNN ក៏បាន​កែតម្រូវ​ព័ត៌មាន​នេះ​។ 

​នៅក្នុង​សន្និសីទ​សារព័ត៌មាន ប្រធាន​អង្គការ​មេត្រី​អន្តរជាតិ​រូបនេះ បាន​រៀបរាប់​ពី​សមិទ្ធផល​ជាច្រើន ដែល​អង្គការ​របស់លោក​បានសម្រេច​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​មកនេះ​។ លោក​អះអាងថា ក្រៅពី​ជួយ​ពួកគេ​ចេញពី​ក្រញាំ​ជន​ទុ​ច្ទ​រិត អង្គការ​លោក បានផ្តល់​ជំនាញ​វិជ្ជាជីវៈ ការអប់រំ និង​ផ្តល់​កន្លែង​ស្នាក់​ជូន​ពួកគេ មុន​នឹងធ្វើ​សមាហរណកម្ម​ត្រឡប់​ទៅក្នុង​សង្គម​វិញ​។  

​លោក​បន្តថា​៖«​អង្គការ​របស់​យើង បានធ្វើការ​ស៊ើបអង្កេត​ជាមួយ​សមត្ថកិច្ច​កម្ពុជា ពាក់ព័ន្ធ​នឹង​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា បាន​៨០​ករណី ដោយ​ជួយ​ជនរងគ្រោះ​បាន​៤២៩​នាក់​។ ចាប់ពី​ឆ្នាំ​២០០៥​មក អង្គការ​របស់​យើង​មាន​គម្រោង​១៤ ដោយបាន​ជួយ​ជនរងគ្រោះ​ជាច្រើន តាមរយៈ​ការផ្តល់សេវា​របស់​អង្គការ បន្ទាប់ពី​ពួកគេ ត្រូវបាន​សង្គ្រោះ​ដោយមន្ត្រីនគរបាល​»​។     
​បើតាម លោក  Don Brewster បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ស៊ើបអង្កេត​អង្គការ​របស់លោក គឺមាន​សមត្ថកិច្ច​បាន​មកដល់​ស្នាក់ការ ហើយ​លទ្ធផល​យ៉ាងណា លោក​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​។   

​គួរ​បញ្ជាក់ថា កាលពីដើម​ខែសីហា សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ពិនិត្យ​អំពី​ការបិទ​អង្គការ​មេត្រី​អន្តរជាតិ បន្ទាប់ពី​ទូរទស្សន៍ CNN បាន​ផ្សាយ​ព័ត៌មាន​មួយ​ដែលមាន​ចំណងជើង​ថា​៖«​ក្មេងស្រី​កម្ពុជា​ត្រូវបាន​ម្តាយ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ​»​។ សម្រាប់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ព័ត៌មាន​នេះ​ជាការ​ប្រមាថ​មួយ ដែល​មិនអាច​អត់ឱន​ឲ្យ​បាន​៕


Tag:
 Don Brewster
  ហ៊ុន សែន​
  CNN
© រក្សាសិទ្ធិដោយ thmeythmey.com