ជាតិ
នាយករដ្ឋមន្ត្រី បារម្ភការចំណាយថវិការដ្ឋលើមន្ត្រីរាជការលើសកំណត់ រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
× ប្រមុខរដ្ឋាភិបាល កំពុងព្រួយបារម្ភពីការចំណាយថវិកាលើមន្ត្រីរបស់រដ្ឋ ដែលចេះតែកើនឡើងជាលំដាប់។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេច ហ៊ុន សែន បានប្រកាសគម្រោងកាត់បន្ថយក្របខណ្ឌមន្ត្រីរាជការដែលស្នើសុំបញ្ចូលនៅក្នុងក្របខណ្ឌរដ្ឋនៅឆ្នាំ ២០១៨ ឲ្យនៅកម្រិតទាបបំផុត។
សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន៖
សម្តេច ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកាត់បន្ថយចំនួនមន្ត្រីរាជការ ដែលស្ថាប័ននានា ស្នើសុំដើម្បីចូលក្របខណ្ឌរដ្ឋនៅឆ្នាំ ២០១៨។ ប្រមុខរដ្ឋាភិបាល ខ្វាយខ្វល់ដោយសារតែនាពេលបច្ចុប្បន្នរដ្ឋចំណាយថវិកាលើមន្ត្រីរដ្ឋលើសគោលការណ៍ទៅហើយនោះ។ សម្តេចបញ្ជាក់យ៉ាងនេះថា៖ « បើស្នើសុំ ១០០ ឲ្យតែ ១០ ឬ២០ ទៅបានហើយ។ ព្រោះបញ្ហាថវិកាយើងមិនចេះតែចាយៗនោះទេ»។
នៅក្នុងវេទិកាថ្នាក់ជាតិលើកទី ២ ស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលរៀបចំដោយក្រសួងបរិស្ថាននៅវិមានសន្តិភាពនៅថ្ងៃទី ២២ ខែសីហា ប្រមុខរដ្ឋាភិបាល លើកឡើងថា បច្ចុប្បន្ននេះ ការចំណាយថវិការដ្ឋលើបុគ្គលិកជាង ៥០ ភាគរយទៅហើយនៃចំណាយចរន្ត និងស្មើ ៦ ភាគរយនៃ(ផលិតផលក្នុងស្រុកសរុប) GDP ។ សម្តេច ពន្យល់ថា តាមគោលនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច រដ្ឋត្រូវចំណាយតែ ៤០ ភាគរយលើបុគ្គលិកនៃចំណាយចរន្តដែលស្មើនឹង ៤ ភាគរយនៃ GDP ប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រី ក៏អំពាវនាវឲ្យថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ប្រើមន្ត្រីដែលមានមានស្រាប់ឲ្យអស់លទ្ធភាព។
Tag:
ហ៊ុន សែន
មន្រ្តីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com