ជាតិ
ក្រោយ​មាន​វត្ត​មាននៅ​កម្ពុជា ២៥ ឆ្នាំ NDI ត្រូវ​រដ្ឋាភិបាល​បិទ​ចោល
23, Aug 2017 , 2:49 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI ) នៅក្នុង​ទឹកដី​កម្ពុជា ហើយ​បុគ្គលិក​បរទេស ដែល​បម្រើ​ការងារ​ក្នុង​វិទ្យាស្ថាន​នេះ ក៏ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​ដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​។



​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​សង្កត់ធ្ងន់ថា ការបិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI) និង​ការបណ្តេញ​បុគ្គលិក​បរទេស​ចេញពី​កម្ពុជា នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៧ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានចេញ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃទី ២៣ ខែសីហា បានបញ្ជាក់​ទៀតថា ការសម្រេច​បែបនេះ គឺ​ដើម្បី​ធានា​ការអនុវត្ត​ច្បាប់ ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ហើយក៏​ដើម្បី​ពង្រឹង​នីតិរដ្ឋ​និង​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ផងដែរ​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ពន្យល់​ពី​មូលហេតុ​សំខាន់​ពីរ​យ៉ាង​ដែល​រដ្ឋាភិបាល​សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​នេះ​។ ហេតុផល ទី ១ ក្រសួង​រកឃើញថា វិទ្យាស្ថាន​នេះ មិនបាន​ទៅ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស ដើម្បី​ឲ្យ​ស្របទៅតាម​ច្បាប់ថ្មី​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល និង​ទី​២ ស្ថាប័ន​នេះ មិនបាន​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​។

​នៅត្រង់ចំណុច​ទី ១ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​លើក​អំណះអំណាង​ដូច្នេះ​ថា​៖« ចាប់តាំងពី​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល បាន​ចូល​ជា​ធរមាន នៅ​ខែសីហា ឆ្នាំ ២០១៥ អង្គការ NDI បានធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា ដោយ​មិនបាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស រហូតដល់​អង្គការ​នេះ ទើបបាន​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦​។ អំឡុងពេល​រង់ចាំ​ការសម្រេច​របស់​ក្រសួង​លើ​ពាក្យស្នើសុំ  អង្គការ​នេះ នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ដោយ​គ្មាន​គិតគូរ​ពី​ការគោរព​ច្បាប់​សោះឡើយ​»​។ ទោ​សកំ​ហុង​នេះ អនុញ្ញាត​ឲ្យ​ក្រសួង បញ្ឈប់​សកម្មភាព NDI និង​បណ្តេញ​បុគ្គលិក​បរទេស​ដែល​បម្រើការ​នៅក្នុង​ស្ថាប័ន​នេះ​ចេញពី​កម្ពុជា ដោយ​មិនទាន់​រាប់បញ្ចូល​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​។ នេះ​ជាការ​បន្ថែម​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដោយ​ផ្អែកទៅលើ​មាត្រា ៣៤ នៃ​ច្បាប់​ស្តី សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។

​កំហុស ទី​២ ក្រសួង​រកឃើញ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ មិនបាន​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​។ ចំណុច​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា លើកយក​មាត្រា ១២៨ និង ១២៩ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ ដើម្បី​កំណត់​ទោសទណ្ឌ ដែល​បានចែង​យ៉ាងនេះ​ថា​៖« ក្នុងករណី​ដែល​បុគ្គល មិនបាន​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ ត្រូវ​ចាត់ទុកជា​អំពើ​រាំងស្ទះ​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​។ ហើយ​បុគ្គល​ដែល​ធ្វើ​ខុស ត្រូវ​ចាត់ទុកថា បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​»​។​

ជាមួយគ្នានេះ ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស រដ្ឋាភិបាល​កម្ពុជា ក៏បាន​ព្រមាន​បិទ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេងទៀត​ដែរ ប្រសិនបើ​ធ្វើ​ខុសច្បាប់​។ សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​សេចក្តីសម្រេច​នេះ កំពុង​អនុវត្ត​លើ​អង្គការ NDI អាជ្ញាធរ ក៏បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ដែរ ដើម្បី​ចាត់វិធានការ​បែបនេះ ចំពោះ​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ណា ដែល​មិន​គោរព​ច្បាប់​នៅ​កម្ពុជា​»​។

​សូមបញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បានដាក់​ការិយាល័យ​របស់ខ្លួន​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។ វិទ្យាស្ថាន​នេះ បានធ្វើ​កិច្ច​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន ជាពិសេស​ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​គណបក្សនយោបាយ  ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​ម្ពុ​ជា​៕


Tag:
 ក្រសួងការបរទេស​
  NDI
© រក្សាសិទ្ធិដោយ thmeythmey.com