អន្តរជាតិ
ក្រោយ​ជួប​គ្រោះថ្នាក់​ផ្ទួនៗ កាសែត​ចិន​ឌឺ​ថា​នាវា​អាមេរិក​ជា​គ្រោះថ្នាក់​សម្រាប់​នាវា​ផ្សេងៗ​
23, Aug 2017 , 3:59 pm        
រូបភាព
​នាវាចម្បាំង​អាមេរិក​បាន​រងគ្រោះ​ជាប​ន្ត​បន្ទាប់​ក្នុង​ឆ្នាំ​២០១៧ នេះ ដោយ​បុក​ជាមួយ​នាវា​ដឹកទំនិញ​លើ​លំហ​សមុទ្រ ហើយ​បណ្ដាល​ឲ្យ​នាវិក​ជាច្រើន​នាក់​ស្លាប់ បាត់​ខ្លួន និង​រងរបួស​។ ហេតុការណ៍​ចុងក្រោយ​បានកើត​ឡើង​នៅ​សប្ដាហ៍​នេះ ដោយ​នាវាចម្បាំង USS John S. McCain បុក​ជាមួយ​កប៉ាល់​ដឹក​ប្រេង​នៅក្បែរ​សិង្ហ​បុរី​។ ក្រោយ​ឧបទ្ទវហេតុ​កើតឡើង សារព័ត៌មាន​ចិន China Daily និយាយថា វត្តមាន​នាវា​អាមេរិក​កំពុង​បង្ក​គ្រោះថ្នាក់​ដល់ក​ប៉ាល់​ផ្សេងទៀត​ដែល​ធ្វើដំណើរ​ក្បែរ​គ្នា​។​



​បើ​គិត​ទាំង​ការបុក​គ្នា​របស់​នាវា USS John S. McCain នៅ​ថ្ងៃទី​២១ ខែសីហា នាវាចម្បាំង​អាមេរិក​សរុប​បួន​ហើយ​ដែល​រងគ្រោះ​ដោយសារ​ការប៉ះទង្គិច​ជាមួយ​កប៉ាល់​ផ្សេងទៀត​ក្នុង​ឆ្នាំ​២០១៧ ។ នៅ​ខែមករា នាវាចម្បាំង USS Antietam បាន​ជួប​គ្រោះថ្នាក់​ក្បែរ​មូលដ្ឋាន Yokosuka របស់​ជប៉ុន បន្ទាប់មក​នៅ​ខែឧសភា នាវា USS Lake Champlain ក៏​ជួប​គ្រោះថ្នាក់​ក្នុង​ដែនទឹក​កូរ៉េខាងត្បូង​។ មួយខែ​ក្រោយមក នាវា USS Fitzgerald ក៏​បុក​ជាមួយ​កប៉ាល់​ដឹកទំនិញ​ទៀត​។​

​បន្ទាប់ពី​គ្រោះថ្នាក់​នេះ កងទ័ពជើងទឹក​អាមេរិក​ក៏​ចេញ​បញ្ជា​បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​ដើម្បី​ស្វែងរក​ការពិត និង​បាន​បញ្ជា​ផ្អាក​ប្រតិបត្តិការ​មួយរយៈ​ផងដែរ​។ គ្រោះថ្នាក់​ជា​បន្តបន្ទាប់រ​បស់​នាវាចម្បាំង​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​របស់​នាវា​ផ្សេងទៀត ព្រោះ​តំបន់​នេះ​ជា​ផ្លូវទឹក​មមាញឹក​មួយ​ក្នុងការ​ដឹកទំនិញ​រវាង​អាស៊ី​ខាងកើត ទៅ​អាស៊ីអាគ្នេយ៍​ផង​នោះ​។ 

​ជុំវិញ​ហេតុការណ៍​នេះ កាសែត​រដ្ឋ​ចិន China Daily បាន​សរសេរ​បទ​អធិប្បាយ​មួយ​ដោយបាន​ភ្ជាប់​ពាក្យរិះគន់​ប្រតិបត្តិការ​នាវា​អាមេរិក​ក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​។ កាសែត​នេះ​និយាយ​ចំអក​ថា មនុស្ស​គ្រប់គ្នា​នឹង​ឆ្ងល់​ហេតុអ្វី​បានជា​នាវា​ដ៏​ទំនើប​របស់​អាមេរិក​បែ​រ​ជា​ជួប​គ្រោះថ្នាក់​ទៅវិញ​។ សារព័ត៌មាន​ដដែល​នេះ​បន្តថា ស្របពេល​ការស៊ើបអង្កេត​ចំណាយពេល​យូរ ការពិត​មិនអាច​ប្រកែក​បាន​គឺ​សកម្មភាព​នាវា​អាមេរិក​ក្លាយជា​គ្រោះថ្នាក់​សម្រាប់​នាវា​ដឹកទំនិញ​ផ្សេងទៀត​។​

​ខណៈដែល​រិះគន់​អាមេរិក​រឿង​សេរីភាព​នាវាចរណ៍ និង​ការបង្ក​គ្រោះថ្នាក់ កាសែត​រដ្ឋ​ចិន​ខាងលើ​ក៏​ឆ្លៀត​លើកសរសើរ​ទង្វើ​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ China Daily សរសេរថា នាវា​ជើង​ទឹក​អាមេរិក​ក្លាយជា​ឧបសគ្គ​ក្នុង​ដែនទឹក​អាស៊ី ប៉ុន្តែ​ចិន​វិញ​កំពុង​រួមដៃគ្នា​ជាមួយ​សមាជិក​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ក៏​ដូ​ជា​ជំរុញ​ការធ្វើដំណើរ​តាមផ្លូវ​សមុទ្រ​ដោយ​សុវត្ថិភាព​ផងដែរ​។​

​សូម​រំឭក​ដែរ​ថា នាវិក​ដប់​នាក់​បាន​បាត់​ខ្លួន និង​ប្រាំ​នាក់​ទៀត​រងរបួស ក្រោយ​មានការ​ប៉ះទង្គិច​ចុងក្រោយ​រវាងកប៉ាល់​ដឹកទំនិញ Alnic MC ដែលមាន​ប្រវែង​១៨០​ម៉ែត្រ ជាមួយ​នាវាចម្បាំង​អាមេរិក USS John S McCain ព្រឹក​ថ្ងៃទី​២១ ខែសីហា​។ នាវា​ដឹកទំនិញ​នេះ​ធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ​ខាងកើត​សិង្ហ​បុរី​ទៅកាន់​កំពង់ផែ​ដូច​រាល់​ដងនោះ មុន​ប៉ះ​ជាមួយ​នាវាចម្បាំង​អាមេរិក​ដែល​ធ្វើដំណើរ​ពី​ឆ្នេរសមុទ្រ​ខាងកើត​សិង្ហ​បុរី​ទៅកាន់​ច្រក​សមុទ្រ Malacca ៕
 

Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com