កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ «​ឆ្កែ​សិង្ហ​បុរី​» ដែល​ក្រុម​អ្នកគាំទ្រ​ម៉ាឡេស៊ី​ស្រែក គឺ​ផ្ទុយ​ពី​ស្មារតី​កីឡា​
23, Aug 2017 , 7:39 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​អ្នករៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម បាន​ជំរុញ​អ្នកគាំទ្រ​ប្រព្រឹត្ត​ទង្វើ​ឲ្យ​បាន​សមរម្យ បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ម៉ាឡេស៊ី​បាន​បញ្ចេញ​កំហឹង​ដោយ​ស្រែកថា «​ឆ្កែ​សិង្ហ​បុរី​» "Singapore dogs" ក្នុងអំឡុងពេល​ប្រកួត​បាល់ទាត់​រវាង​ម៉ាឡេស៊ី​ជាមួយ​សិង្ហ​បុរី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។



​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន (Sea Games) លើក​ទី ២៩ បាន​ហៅ​ទង្វើ​របស់​ក្រុម​អ្នកគាំទ្រ​របស់​ម៉ាឡេស៊ី​នេះ​ថា​ជា​អំពើ​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ និង​ជាការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​វា​ផ្ទុយ​នឹង​ស្មារតី​នៃ​កីឡា​។​

«​ទង្វើ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ស្មារតី​នៃ​ការ​រួបរួមគ្នា និង​សាមគ្គីភាព​ជាពិសេស​ការ​ប្រមាថ​ដល់​ប្រទេស​ដែល​ចូលរួម​ដ៏ទៃទៀត​នោះ​គឺជា​ការសោកស្តាយ​យ៉ាងខ្លាំង​»​។ នេះ​សម្តី​របស់​គណៈកម្មាធិកា​រ​ដែល​បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ និង​បន្ថែមថា​៖«​អ្នកគាំទ្រ​ទាំងអស់​ត្រូវតែ​បញ្ឈប់​ជាដាច់ខាត​សម្តែង​នូវ​ទង្វើ​ប្រមាថ​សាសនា ឬ​ពូជសាសន៍​នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ទាំងអស់​»​។​



​ការស្រែក​ប្រមាថ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ខាងលើ​ត្រូវបាន​ថត​សំឡេង​ទុក កាលពី​ការប្រកួត​វិញ្ញាសា​បាល់ទាត់​បុរស​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​ក្រុម​ម៉ាឡេស៊ី​យកឈ្នះ​សិង្ហ​បុរី ២-១ ក្នុង Group A នា​កីឡដ្ឋាន Shah Alam កាលពី​ថ្ងៃទី ១៦ ខែសីហា​។​

​ក្រុម​អ្នកគាំទ្រ​ម៉ាឡេស៊ី​ក៏​ធ្លាប់​ត្រូវបាន​គេ​រិះគន់​ម្តង​រួចមកហើយ​ពីបទ​ប្រើពាក្យ​ប្រមាថ​ដូចនេះ​កាលពី​ឆ្នាំ ២០១២ ក្នុងការ​ប្រកួត​ពាន Suzuki Cup ទៅលើ​ក្រុម​របស់​សិង្ហ​បុរី​ដូចគ្នា​។​
​កាលនោះ​ក៏មាន​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ញើ​ទៅកាន់​អ្នកគាំទ្រ​ម៉ាឡេស៊ី​វិញ​ដែរ​ថា «​យើង​សិង្ហ​បុរី​គ្រាន់តែ​ចាញ់​ការប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​បាត់បង់​សីលធម៌ និង​វិញ្ញាណ​ក្នុង​ស្មារតី​កីឡា​»៕


Tag:
 បាល់ទាត់​
  Sea Games 2017
  ម៉ាឡេស៊ី​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com