ជាតិ
លោក សឹង្ហ គិរី ក្លាយជា​ប្រធានស្តីទី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ
23, Aug 2017 , 4:29 pm        
រូបភាព
លោក សឹង្ហ គិរី ប្រធានស្តីទីគណបក្សខ្មែររួបរួមជាតិ។ រូបភាពពីហ្វេសបុក
លោក សឹង្ហ គិរី ប្រធានស្តីទីគណបក្សខ្មែររួបរួមជាតិ។ រូបភាពពីហ្វេសបុក
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សឹង គិរី សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​មនុស្ស​ម្នាក់​ដែល​សិ្ន​ទ្ធិ​នឹង​លោក ញឹក ប៊ុនឆៃ ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធានស្តីទី ដើម្បី​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បណ្តោះអាសន្ន​។ នេះ​ជាការ​អះអាង​របស់លោក រុណ មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។

 


​លោក រុណ មាត្រា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រៅពី​ជ្រើសតាំង​ប្រធានស្តីទី គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏បាន​កែសម្រួល​រចនាសម្ព័ន្ធ​ខ្លះទៀត​ដែរ ដូចជា​អគ្គលេខាធិការដ្ឋាន ជាដើម ដើម្បី​ពង្រឹង​ផ្ទៃក្នុង​ឡើងវិញ​។ លោក រុណ មាត្រា បន្ថែមថា លោក អ៊ុំ សុម​ន្ថា ដែលជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​។ យ៉ាងណាក៏ដោយ លោក មិនអាច​បញ្ជាក់​នោះទេ ថា​គណបក្ស​លោក នឹងធ្វើ​សមាជ​វិសាមញ្ញ​នៅពេលណា ដើម្បី​ជ្រើសតាំង​ប្រធាន​ជា​ផ្លូវការ និង​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​។  

​អ្នកនាំពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​បន្តជីវិត​នយោបាយ​រប​ស់​ខ្លួន​ទៅមុន​ទៀត ទោះ​ជួប​ការលំបាក់​ផ្សេងៗ រួមទាំង​ការបាត់បង់​វត្តមាន​លោក ញឹក ប៊ុនឆៃ ដែលជា​ស្ថាបនិក​ក៏ដោយចុះ​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង នៅតែ​បន្ត​ទៅមុខ​។ ហើយ​យើង ក៏​នៅតែ​ចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨ ដែរ​»​។

​ការជ្រើសតាំង​ប្រធានស្តីទី​និង​ការកែសម្រួល​រចនាសម្ព័ន្ធ​នេះ  គឺធ្វើឡើង​បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ ចេញ​លិខិត​ពី​ពន្ធនាគារ ដើម្បី​ផ្តល់​សិទ្ធិអំណាច​ទាំងស្រុង​ទៅ​ឲ្យ​ស្ថាបនិក​និង​មន្ត្រី​គ្រប់រូប សម្រេច​លើ​វាសនា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ តាមរយៈ​លិខិត​នោះ លោក ញឹក ប៊ុនឆៃ បាន​បន្ទោស​ខ្លួនឯង ថា​ជា​អ្នក ដែល​បង្ក​ការលំបាក ដល់​គណបក្ស​និង​សហការី​។

​សូម​រម្លឹកថា លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​យកទៅ​ឃុំ​បណ្តោះអាសន្ន ដោយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​៕


Tag:
 ញឹក ប៊ុនឆៃ​
  បក្ស​ខ្មែរ​រួបរួម​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com