អន្តរជាតិ
ទូត​ហ្វីលីពីន​ថ្មី​ប្រចាំ​អាមេរិក​បញ្ជាក់ថា លោក ត្រាំ នឹង​មក​ហ្វីលីពីន​ចូលរួម​ប្រជុំ​អាស៊ាន​
23, Aug 2017 , 8:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន​ ឌូទើតេ និងឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំអាមេរិកលោក Romualdez (រូបភាព៖ Philippine Star)
ប្រធានាធិបតីហ្វីលីពីន​ ឌូទើតេ និងឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំអាមេរិកលោក Romualdez (រូបភាព៖ Philippine Star)
​បេសកជន​ហ្វីលីពីន​ថ្មី​ប្រចាំ​សហរដ្ឋអាមេរិក​ដែល​ទើបត្រូវ​រដ្ឋបាល​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ តែងតាំង​បាន​បញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​អញ្ជើញ​មក​ទស្ស​កិច្ច​ហ្វីលីពីន និង​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្រោម​ក្របខណ្ឌ​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាងមុខ​។​



​លោក Jose Manuel Romualdez ដែល​ត្រូវបាន​រដ្ឋាភិបាល​ហ្វីលីពីន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ហ្វីលីពីន​ប្រចាំ​សហរដ្ឋអាមេរិក​ថ្ងៃ​ពុធ​ទី ២៣ ខែសីហា បាន​អះអាងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​នៅ​សប្តាហ៍​ទី​ពីរ​នា​វិច្ឆិកា​ខាងមុខ​។​

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer បេសកជន​ការទូត​ខាងលើ​បានបញ្ជាក់​បែបនេះ​ក្នុង ពេលដែល​លោក​ផ្តល់​សុន្ទរកថា​ទៅកាន់​គណៈកម្មាធិការ​ស​ភា​ក្រោយ​ទទួល​ការតែងតាំង​ជា​ផ្លូវការ​នោះ​។ លោក​បានលើកឡើង​ដូច្នេះ​៖« ខ្ញុំ​ត្រូវបាន​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​សហរដ្ឋអាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​ប្រាប់ថា ប្រធានាធិបតី ត្រាំ គ្រោង​នឹង​មក​ទីនេះ​នៅ​សប្តាហ៍​ទី ២ នៅ​ខែវិច្ឆិកា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​»​។​

​កាលពី​ខែមេសា​កន្លងទៅ អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បានបញ្ជាក់​ម្តង​ហើយពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ត្រាំ មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ជាពិសេស​មកកាន់​ហ្វីលីពីន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​។ បើ​គ្មានអ្វី​ប្រែប្រួល ដើមខែ​វិច្ឆិកា​លោក ត្រាំ ត្រូវ​ចូលរួម​ប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​វៀតណាម មុន​បន្តដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ហ្វីលីពីន​ទៀតផង​ដែរ​។

​ក្រៅពី​លើកឡើង​ពី​ទស្សនកិច្ច​របស់លោក ត្រាំ មក​ហ្វីលីពីន ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ហ្វីលីពីន ក៏បាន​លើកឡើង​ផងដែរ​ពី​បញ្ហា​ជនអន្តោប្រវេសន៍​ហ្វីលីពីន​ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ លោក​បានបញ្ជាក់​ប្រាប់​ស​ភា​ថា ក្នុងនាម​ជា​តំណាង​ហ្វីលីពីន​ប្រចាំ​សហរដ្ឋអាមេរិក លោក​ព្យាយាម​ផ្តល់ជំនួយ​និង​ជួយ​សម្រួល​ដល់​ប្រជាជន​ហ្វីលីពីន​ទាំងនោះ​។

​កន្លងមក​មានការ​បា​រ​ម្ភ​ផងដែរ​ពាក់ព័ន្ធ​ការបណ្តេញ​ប្រជាជន​ហ្វីលីពីន​ចេញពី​អាមេរិក​ដោយសារ​ពួកគេ​រស់នៅ​ខុសច្បាប់ ព្រោះ​ប្រជាជន​ហ្វីលីពីន​ប្រហែល បី​សែន​នាក់​ឯណោះ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។

​លោក Romualdez បាន​ថ្លែង​ដូច្នេះ​៖«​    ​មកដល់​ឥឡូវនេះ​វា​មិនមាន​ការបណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឡើយ​នៅក្នុង​អាណត្តិ​លោក ត្រាំ​។ ប៉ុន្តែ​ខ្ញុំ​គិតថា ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អាមេរិក ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ប្រជាជន​ហ្វីលីពីន បើ​មាន​ស្ថានភាព​ដូច្នោះ​កើតឡើង​មែន​»៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ហ្វីលីពីន​
  Jose Manuel Romualdez
© រក្សាសិទ្ធិដោយ thmeythmey.com