អន្តរជាតិ
មេបញ្ជាការ​កង​នា​វាទី​៧​របស់​អាមេរិក​អស់តំណែង ក្រោយ​នាវាចម្បាំង​ខ្លួន​ជួប​ឧបទ្ទវហេតុ​បន្តបន្ទាប់​
23, Aug 2017 , 10:39 pm        
រូបភាព
ឧត្តមសេនីយ៍ឯក Joseph Aucoin (រូបភាព៖ The Guardian)
ឧត្តមសេនីយ៍ឯក Joseph Aucoin (រូបភាព៖ The Guardian)
​ឧបទ្ទវហេតុ​របស់​នា​វា​ចម្បាំង​អាមេរិក​ជា​បន្តបន្ទាប់​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជា​បន្តបន្ទាប់ បាន​ជំរុញ​ឲ្យ​មានការ​បញ្ចប់​មុខតំណែង​មេបញ្ជាការ​កង​នាវា​អាមេរិក​ទី ៧ ដែលមាន​មូលដ្ឋាន​នៅ​ជប៉ុន​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចិន​ក៏បាន​ចេញ​អត្ថបទ​វិចារណកថា​មួយ​ចម្អក​ឲ្យ​កងទ័ពជើងទឹក​អាមេរិក​ថា អាមេរិក​មិនមែន​បញ្ជូន​នាវាចម្បាំង​ទំនើបៗ​របស់ខ្លួន​ទៅ​រក្សា​សេរីភាព​នាវាចរណ៍​ឡើយ តែ​ទៅ​បង្កើត​បញ្ហា​នៅក្នុង​សមុទ្រ​ប៉ុណ្ណោះ​។


 
​ករណី​បុក​គ្នា​រវាង​នាវាចម្បាំង USS John McCain និង​នាវា​ដឹកទំនិញ​នៅក្នុង​ដែនសមុទ្រ​សិង្ហ​បុរី​កាលពី​ថ្មីៗ​នេះ​បាន​បង្ក​ឲ្យ​មានរឿង​ចម្រូងចម្រាស​ជាច្រើន​។ ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឲ្យ​ករណីនេះ​កើតឡើង​ដែរ​។ យ៉ាងណាក៏ដោយ កងទ័ព​ដប់​នាក់​ដែល​បម្រើ​ការងារ​នៅលើ​នាវា​ដែល​បាន​បាត់​ខ្លួន​ក្រោយ​ប៉ះទង្គិច​គ្នា​នោះ​មិនទាន់​ត្រូវបាន​គេ​រកឃើញ​អស់​នៅឡើយ​ទេ​។ កងទ័ពជើងទឹក​អាមេរិក បន្ត​សហការ​ជាមួយ​កងទ័ពជើងទឹក​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ស្វែងរក​កងទ័ព​ដែល​បាត់​ខ្លួន​នេះដែរ​។ ក្រៅពី​មានការ​ស៊ើបអង្កេត​ពេញលេញ កងទ័ពជើងទឹក​អាមេរិក​ក៏បាន​ដាក់​បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិការ​កង​នាវា​បណ្តោះអាសន្ន​រហូតដល់​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​

១.​មេបញ្ជាការ​កង​នា​វាទី​៧ ត្រូវគេ​ដកហូត​តំណែង ក្រោយ​បញ្ហា​កើតឡើង​ញឹកញាប់​

 
​យ៉ាងណាមិញ​ឧបទ្ទវហេតុ​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តំណែង​មន្ត្រីជាន់ខ្ពស់​ដែល​ទទួលបន្ទុក​ប្រតិបត្តិការ​កង​នាវា​អាមេរិក​នៅ​អាស៊ី​ដែរ​។
 ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​មន្ត្រី​ម្នាក់​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ថា ឧ​ត្ត​ម​សេនីយ៍​ឯក Joseph Aucoin ត្រូវបាន​គេ​ដកហូត​តំណែង​ជា​មេបញ្ជាការ​កង​នាវា​ទី ៧ របស់​អាមេរិក​ដែលមាន​មូលដ្ឋាន​នៅ Yokosuka ប្រទេស​ជប៉ុន​។ 

​តាមពិតទៅ ឧបទ្ទវ​ហេតុនេះ​មិនមែនជា​លើកទីមួយ​ឡើយ តែ​វា​ជា​ឧបទ្ទវហេតុ​លើក​ទី​បួន​ហើយ​គិត​ត្រឹម​ឆ្នាំ ២០១៧​នេះ​។ អ្វីដែល​សំខាន់ នាវាចម្បាំង​ដែលមាន​បញ្ហា​សុទ្ធតែជា​នាវា​ស្ថិតនៅក្នុង​កង​នា​វាទី​៧ ទាំងអស់​។ កាលពី​មិថុនា​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ឈ្មោះ USS Fitzgerald បាន​ប៉ះទង្គិច​ជាមួយ​នាវា​ដឹកទំនិញ​របស់​ហ្វីលីពីន​ដែរ​ក្បែរ​ប្រទេស​ជប៉ុន ដែល​កាលនោះ​វា​បាន​បង្ក​ឲ្យ​កងទ័ព​បម្រើការ​លើ​នាវា​ប្រាំពីរ​នាក់​ស្លាប់​។

​យ៉ាងណាមិញ កងទ័ពជើងទឹក​អាមេរិក​បដិសេធ​ផ្តល់​ការអត្ថាធិប្បាយ​ពាក់ព័ន្ធ​ការបញ្ចប់​តំណែង​ឧ​ត្ត​ម​សេនីយ៍​ឯក Aucoin  នេះ​។ 

២. ចិន​ចម្អក​ឲ្យ​អាមេរិក​៖ មិន​ប្រាកដថា អាមេរិក​មក​បង្កើត​ប​ញ្ហា ឬ​មករ​ក្សា​សេរីភាព​នាវាចរណ៍​


​ឧបទ្ទវហេតុ​កើត​ឡើងជា​បន្តបន្ទាប់ បង្កើតបានជា​លេស​សម្រាប់​រដ្ឋាភិបាល​ចិន​ឌឺដង​ផ្លែផ្កា​កងទ័ព​អាមេរិក​ផងដែរ​។ ប៉ុន្មាន​ថ្ងៃក្រោយ​នាវា USS John McCain បុក​ជាមួយ​នាវា​ដឹកទំនិញ សារព័ត៌មាន​រដ្ឋ​ចិន China Daily ចេញ​បទ​វិចារណកថា​មួយ ក្រោម​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា «US destroyer crash raises concerns on maritime safety in S. China Sea» ចម្អក​ឲ្យ​កងទ័ពជើងទឹក​អាមេរិក​ចំៗ​ឥតមាន​សំចៃមាត់​សោះ​។ អត្ថបទ​កាសែត​នោះ​លើក​ជា​សំណួរ​ថា អាមេរិក​បញ្ជូន​នាវា​មកជួយ​រក្សា​សន្តិសុខ ការពារ​សេរីភាព​នាវាចរណ៍ ឬក៏​មក​បង្ក​គ្រោះថ្នាក់​ដល់​គេ​ដល់​ឯង​។​
 
«​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ឧបទ្ទវហេតុ​ចុងក្រោយ​នេះ​នឹង​រកឃើញ​ការសន្និដ្ឋាន​ចុងក្រោយ​មួយ ប៉ុន្តែ​វា​មិនអាច​ប្រកែក​បានឡើយ​ដែលថា ការបង្កើន​សកម្មភាព​នាវាចរណ៍​របស់​នាវាច​ម្បាំ​ង​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចាប់ពី​អាមេរិក​អនុវត្ត​នយោបាយ​ស្តារ​ឥទ្ធិពល​របស់ខ្លួន​ឡើងវិញ កំពុង​បង្កើន​គ្រោះថ្នាក់​ដល់​ការធ្វើ​ចរាចរណ៍​របស់​នាវា​ពាណិជ្ជកម្ម​តាមផ្លូវ​ទឹក​ផង​»​។ អត្ថបទ​វិចារណកថា​នោះបាន​បញ្ជាក់​ដូច្នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រោម​គោលនយោបាយ​បង្កើន​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅ​អាស៊ី​ដែល​ដាក់ចេញ​ដោយ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អាមេរិក​មាន​គោលដៅ​ចល័ត​កងទ័ព​របស់ខ្លួន​ទាំង​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស​យ៉ាងហោចណាស់​៥០​ភាគរយ​មកកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ កងទ័ពជើងទឹក​ជាពិសេស​កង​នាវា​ត្រូវបាន​អាមេរិក​បញ្ជូនមក​ផ្លាស់​វេន​គ្នា​ដើម្បី​រក្សា​សេរីភាព​នាវាចរណ៍ និង​សេរីភាព​នៃ​ការហោះហើរ​នៅ​ដែនសមុទ្រ​ប៉ាស៊ីហ្វិក​ជាពិសេស​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផង​។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​មហា​យក្ស​ចិន​ខឹងសម្បារ​មិនតិច​ទេ ហើយ​ចិន​បន្ត​ទិតៀន​អាមេរិក​ជា​ញឹកញាប់​ថែម​ទៀតផង ហើយ​អ្វីដែល​សំខាន់​ចិន​មិនបាន​បញ្ឈប់​សកម្មភាព​វាតទី និង​សាងសង់​កោះ​សិប្បនិម្មិត​រួមទាំង​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​

​អត្ថបទ​ដដែល​នោះបាន​បន្តថា គេ​អាច​ពិចារណា​បាន​ថា​តើ​អ្នកណា​ឲ្យ​ពិត​ប្រាក​ដែល​គួរ​បន្ទោស​ពាក់ព័ន្ធ​ការធ្វើ​យោ​ធូប​នីយកម្ម និង​បង្ក​គ្រោះថ្នាក់​ដល់​គេឯង​នៅក្នុង​តំបន់​នោះ​។

«​ខណៈដែល​កងទ័ពជើងទឹក​អាមេរិក​ក្លាយជា​ឧបសគ្គ​ដ៏​គ្រោះថ្នាក់​នៅក្នុង​ដែនទឹក​ក្នុង​តំបន់​អាស៊ី ចិន​កំពុងតែ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាជិក​អាស៊ាន​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​នៃ​គូភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បង្កើន​ការរក្សា​សុវត្ថិភាព​នាវាចរណ៍​ដោយ​សាងសង់​បន្ទាយ​បំពាក់​ភ្លើង​ចំនួន​ប្រាំ​លើ​កោះ​របស់ខ្លួន​កន្លងមក​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់កា​សែត China Daily៕


Tag:
 ​អាមេរិក​
  USS John McCain
  Joseph Aucoin
© រក្សាសិទ្ធិដោយ thmeythmey.com