អន្តរជាតិ
ដូ​ណា​ល់ ត្រាំ សរសើរ គីម ជុង​អ៊ុន ដែលចាប់ផ្តើម​ចេះ​គោរព​អាមេរិក​
24, Aug 2017 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ចាប់ផ្ដើម​គោរព​អាមេរិក​ហើយ បើទោះជា​លោក គីម ជុង​អ៊ុន ទើប​បានចេញ​បញ្ជា​ឲ្យ​បង្កើន​ការផលិត​មី​ស៊ី​ល​រំលង​ទ្វីប​ក្ដី​។ លោក ត្រាំ ហាក់​បន្ថយ​សំឡេង​បន្តិច ក្រោយពី​បាន​គំរាម​កូរ៉េខាងជើង​ខ្លាំងៗ​នាពេល​កន្លងមក និង​ស្របពេល​កូរ៉េខាងជើង​ក៏​ពន្យារពេល​អនុវត្ត​គម្រោង​បាញ់​មី​ស៊ី​ល​ដាក់​កោះ​ហ្គា​ម និង​រង់ចាំ​សង្កេត​ទង្វើ​អាមេរិក​សិន​។​



​សង្គ្រាមពាក្យសម្ដី​គំរាម​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ថយកម្ដៅ​បន្តិច​វិញ និង​មិន​ខ្លាំងក្លា​ដូច​ពេល​កូរ៉េខាងជើង​ប្រកាស​ផែនការ​បាញ់​មី​ស៊ី​ល​ដាក់​ហ្គា​ម​ឡើយ​។ ខុសពី​លើក​មុនៗ​ដែល​ធ្លាប់​ប្រើពាក្យ​ធ្ងន់ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៣ ខែសីហា បែរជា​និយាយថា មេដឹកនាំ​កូរ៉េខាងជើង​ហាក់​បា​នប​ន្ទ​ន់​ឥរិយាបថ​ដាក់​អាមេរិក ហើយ​ពាក្យ​គំរាម​ខ្លាំង​របស់លោក​ក៏​កំពុងផ្ដល់​ជា​ផ្លែផ្កា​ត្រឡប់​វិញ​ផងដែរ​។​

​ថ្លែង​ទៅកាន់​ការជួបជុំ​មួយ​នៅ​រដ្ឋ Virginia ប្រធានាធិបតី​អាមេរិក​បាន​រំឭក​ពី​ពាក្យសម្ដី​គំរាម​របស់លោក​ដាក់​កូ​រ៉េ​ខាងជើង និង​ការ​ហុច​ផល​ត្រឡប់​វិញ​។ លោក ត្រាំ បញ្ជាក់ថា​៖ «​អ្នកខ្លះ​គិតថា​ពាក្យ​គំរាម​ទាំងនោះ​ខ្លាំង​ជ្រុល​។ ប៉ុន្តែ​វា​មិនទាន់​ខ្លាំង​គ្រប់គ្រាន់​ទេ​។ សម្រាប់​លោក គីម ជុង​អ៊ុន វិញ ខ្ញុំ​ជឿថា​គាត់​កំពុង​គោរព​យើង ហើយ​ខ្ញុំ​ក៏​គោរព​គាត់​លើ​បញ្ហា​នេះ​វិញ​ដែរ​»​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ការលើកឡើង​របស់លោក ត្រាំ មាន​អត្ថន័យ​ស្របគ្នា​នឹង​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស រិច ធី​ល័​រ​សិន ដែល​បាន​អះអាងថា ក្រុង​ព្យុងយ៉ាង មិនបាន​បង្កបញ្ហា​ទៀតឡើយ ចាប់តាំងពី​រង​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​កាលពីពេល​ថ្មី​នេះ​។ ក្នុង​សន្និសីទកាសែត​កម្រ​មួយ​លោក ធី​ល័​រ​សិន បានបង្ហាញ​ក្ដី​រីករាយ​ដែល​កូរ៉េខាងជើង​មិនបាន​ធ្វើ​ទង្វើ​ព្រហើន​អ្វី ហើយ​លោក​មិនដែល​ឃើញ​កូរ៉េខាងជើង​ចេះ​អត់ធ្មត់​ដូចនេះ​ទេ​។ លោក​ក៏​ព្រលយ​ពី​លទ្ធភាព​ដែល​ការចរចា​អាច​កើតឡើង​ពេលខាងមុខ​ផងដែរ​។ 
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ខណៈដែល​លោក ត្រាំ ថា​កូរ៉េខាងជើង​ចេះ​គោរព​អាមេរិក​នោះ លោក គីម ជុង​អ៊ុន បែរជា​ចេញ​បញ្ជា​ឲ្យ​បង្កើន​ការផលិត​មី​ស៊ី​ល​រំលង​ទ្វីប ICBM ទៅវិញ​។ ក្នុង​ដំណើរ​ទៅកាន់​សាលា​បណ្ឌិត្យ​សម្ភារ​គីមី ដែល​ទទួលបន្ទុក​ការងារ​អភិវឌ្ឍ​មី​ស៊ី​ល មេដឹកនាំ​កូរ៉េខាងជើង​ចេញ​បញ្ជា​ឲ្យ​បង្កើន​ផលិតកម្ម​ម៉ាស៊ីន​បាញ់​រ៉ុក្កែត និង​មី​ស៊ី​ល​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ទុក​ការពារ​ខ្លួន​ពី​ការ​គំរាម​របស់​អាមេរិក​។​

​យ៉ាងណាក្ដី គេ​មិន​រំពឹងថា ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ប្រសើរឡើង​ដោយសារ​ចំណុច​នេះ​ទេ​។ មន្ត្រី​អាមេរិក​និយាយថា រដ្ឋបាល​លោក ត្រាំ នឹងមិន​បោះបង់​ជំហរ​របស់ខ្លួន​ក្នុងការ​អូសទាញ​ឲ្យ​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ និង​ងាក​ចូល​តុ​ចរចា​វិញ​។ អាមេរិក​ក៏​នៅតែ​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន​ដដែល ដើម្បី​បញ្ឈប់​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​លើ​ខ្លួន​ផងដែរ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
 ​ណុ​យ​ក្លេ​អ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com