អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​ចោទ​រុស្ស៊ី​ថា ព្យាយាម​គូស​ព្រំដែន​អន្តរជាតិ​ដោយ​ប្រើ​កម្លាំង​ទ័ព​
25, Aug 2017 , 8:39 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក James Mattis ចាប់ដៃប្រធានាធិបតីអ៊ុយក្រែន Pedro Poroshenko (រូបភាពពីក្រសួងការពារជាតិអាមេរិក)
រដ្ឋមន្រ្តីការពារជាតិអាមេរិក James Mattis ចាប់ដៃប្រធានាធិបតីអ៊ុយក្រែន Pedro Poroshenko (រូបភាពពីក្រសួងការពារជាតិអាមេរិក)
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស (James Mattis) នៅ​ថ្ងៃទី​២៤ ខែសីហា បាន​ចោទ​រុស្ស៊ី​ចំៗ​ថា ព្យាយាម​គូស​ព្រំដែន​អន្តរជាតិ​ឡើងវិញ​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព និង​បាន​បំពាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ទៀតផង​។ លោក ម៉ា​ធី​ស ក៏បាន​ប្រកាស​ជំហរ​របស់​អាមេរិក​ក្នុងការ​បន្ត​ដាក់​សម្ពាធ​លើ​រុស្ស៊ី ហើយ​បង្ហាញ​បំណង​ផ្ទាល់ខ្លួន​របស់លោក​ក្នុងការ​ផ្ដល់ជំនួយ​អាវុធ​បន្ថែម​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ទប់ទល់​សកម្មភាព​រប​ស់​រុស្ស៊ី​។​



​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បានប្រកាស​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្នុងការ​ពង្រឹងសមត្ថភាព​ដើម្បី​ទប់ទល់​ការគំរាមកំហែង​របស់​រុស្ស៊ី​។ លោក ម៉ា​ធី​ស ក៏​ប្រកាស​ដែរ​ថា ទណ្ឌកម្ម​លើ​រុស្ស៊ី​នៅតែ​បន្ត​អនុវត្ត​រហូតដល់​រុស្ស៊ី​ឈប់​គាំទ្រ​ក្រុម​ឧទ្ទាម​ភាគ​កើត​អ៊ុយ​ក្រែ​ន ក៏ដូចជា​ប្រគល់​ដែនដី​គ្រី​មៀ​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​ផងដែរ ខណៈដែល​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទើប​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រុស្ស៊ី​នៅពេល​ថ្មីៗ​នេះ​។

​ប្រមុខ​ការពារជាតិ​ប្រកាស​ដូចនេះ​នៅ​ចំពោះមុខ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko ។ ក្នុង​សន្និសីទកាសែត​រួមគ្នា​ក្នុង​ទីក្រុង​គៀវ លោក ម៉ា​ធី​ស ក៏​ឆ្លៀត​ចោទ​រុស្ស៊ី​ថា​កែប្រែ​បន្ទាត់​ព្រំដែន​ឡើងវិញ​តាមរយៈ​ការប្រើប្រាស់​យោធា ហើយ​ថា ជំនួយ​យោធា​របស់​អាមេរិក​ថ្មីៗ​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​និយាយថា អាមេរិក​នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ក្នុង​ការជួយ​កសាង​កម្លាំង​ទ័ព​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​រឹងមាំ​។​

​លោក ម៉ា​ធី​ស ក៏បាន​រំឭក​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ពី​ការយល់ព្រម​របស់​អាមេរិក​ក្នុងការ​បញ្ជូន​សព្វាវុធ​បន្ថែម​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ដែលមាន​តម្លៃ​១៧៥​លាន​ដុល្លារ ហើយ​លោក​រំ​ពឺ​ង​ថា​សម្ភារ​ទាំងនេះ​នឹង​ជួយ​ពង្រឹងកម្លាំង​ទ័ព​អ៊ុយ​ក្រែ​ន​មិន​ខាន​។ ជាមួយ​ជំនួយ​លើក​ក្រោយនេះ ជំនួយ​យោធា​របស់​អាមេរិក​ឲ្យ​អ៊ុយ​ក្រែ​ន​មានតម្លៃ​ដល់​ទៅ​៧៥០​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ​២០១៥ ។ យ៉ាងណា​ជំនួយ​ទាំងអស់នេះ មិនមែនជា​សម្ភារ​ធ្វើសង្គ្រាម​ទេ​។

​ទស្សនកិច្ច​របស់លោក ម៉ា​ធី​ស ធ្វើឡើង​ចំ​ថ្ងៃ​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន ហើយ​អាមេរិក​ក៏​បញ្ជូន​កងទ័ព​របស់ខ្លួន​មក​ចូល​ក្បួន​យោធា​ផងដែរ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Poroshenko បាន​អរគុណ​អាមេរិក​ដែល​ជួយ​អ៊ុយ​ក្រែ​ន​តាំងពី​រុស្ស៊ី​ឈ្លានពាន​ភ្លាម​។ លោក Poroshenko បញ្ជាក់ថា អ៊ុយ​ក្រែ​ន​និង​អាមេរិក​សម្រេចចិត្ត​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​ស៊ីជម្រៅ​ថែមទៀត​។  

១. អាមេរិក​កំពុង​ពិនិត្យ​លទ្ធភាព​បញ្ជូន​សព្វាវុធ​ប្រយុទ្ធ​ឲ្យ​អ៊ុយ​ក្រែ​ន​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ា​ធី​ស ក៏បាន​បង្ហាញ​ជំហរ​ផ្ទាល់ខ្លួន​របស់លោក​ជុំវិញ​សំណើ​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដែល​ចង់បាន​អាវុធ​សម្រាប់​ទុក​ការពារ​ខ្លួន​ដូចជា​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​ប្រព័ន្ធ​ការពារ​អាកាស​ជាដើម​។ សំណើ​នេះ​ធ្លាប់​ត្រូវបាន​រដ្ឋបាល​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បដិសេធ ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​រុស្ស៊ី​ទាស់ចិត្ត និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្លាក់​ចូលក្នុង​មិនល្អ​ប្រសើរ​។​

​យ៉ាងណាមិញ លោក ម៉ា​ធី​ស មិន​យល់ស្រប​ទស្សនៈ​របស់រ​ដ្ឋ​បាល​លោក អូ​បា​ម៉ា ឡើយ​។ លោក​សង្កត់ធ្ងន់ថា អាមេរិក​កំពុង​ពិនិត្យមើល​សំណើ​របស់​អ៊ុយ​ក្រែ​ន ហើយ​ពេល​ត្រឡប់​ទៅ​អាមេរិក លោក​នឹង​ប្រាប់​រដ្ឋមន្ត្រីការបរទេស និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា សំណើ​របស់​អ៊ុយ​ក្រែ​ន​អាច​អនុញ្ញាត​បាន​។ «​អាវុធ​កា​ពារ​ខ្លួន​មិន​ជាការ​គំរាម​ទេ បើ​អ្នក​មិនមែនជា​ប្រទេស​បង្ករឿង​នោះ ហើយ​ច្បាស់​ណាស់​ថា អ៊ុយ​ក្រែ​ន​មិនជា​ប្រទេស​រករឿង​គេ​ឡើយ​»​។ នេះ​ជាស​ម្ដី​លោក ម៉ា​ធី​ស ។​

​មន្ត្រី​អាមេរិក​និយាយថា ផែនការ​បញ្ជូន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ដែល​អ៊ុយ​ក្រែ​ន​ចង់បាន បាន​ទៅដល់​សេត​វិមាន​ហើយ គ្រាន់តែ​មិនទាន់​ត្រូវបាន​ចុះហត្ថលេខា​ប៉ុណ្ណោះ​។ ដោយសារតែ​ជា​អាវុធ​ការពារ គេ​ជឿថា​អ៊ុយ​ក្រែ​ន​ទំនងជា​មិនអាច​ប្រើប្រាស់​សព្វាវុធ​ទាំងនោះ​ក្នុងការ​ដណ្ដើម​ទឹកដី​បានទេ តែ​អាច​ត្រឹមតែ​រក្សា​លំនឹង​ស្ថានភាព​ប៉ុណ្ណោះ ខណៈដែល​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​នៅតែ​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​រុស្ស៊ី​ដដែល​៕


Tag:
 អឺរ៉ុប​
  អាមេរិក​
  រុស្ស៊ី​
  អ៊ុយ​ក្រែ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com