អន្តរជាតិ
ប៉ា​គី​ស្ថាន​ពន្យារពេល​ទស្សនកិច្ច​មន្ត្រី​អាមេរិក ក្រោយ ត្រាំ ថា ប៉ា​គី​ស្ថាន​ជា​សម្បុក​ភេរវជន​
28, Aug 2017 , 11:52 am        
រូបភាព
បាតុករប៉ាគីស្ថាននាំគ្នាប្រឆាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ Reuters)
បាតុករប៉ាគីស្ថាននាំគ្នាប្រឆាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ Reuters)
​ប៉ា​គី​ស្ថាន​បានសម្រេច​ចិត្ត​ផ្អាក​កម្មវិធី​ទស្សនកិច្ច​មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក បន្ទាប់ពី​ត្រូវបាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចោទថា​ព្យាយាម​អូសបន្លាយ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ការចោទប្រកាន់​របស់​លោក ត្រាំ ធ្វើ​ឲ្យ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ មិន​សប្បាយចិត្ត​ទេ ខណៈ​គេ​ក៏​សង្កេតឃើញ​មានការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​តូច​នៅ​ទីក្រុង​កា​រ៉ា​ជី ដើម្បី​ជាការ​ប្រឆាំង​សម្ដី​ប្រធានាធិបតី​អាមេរិក​។​



​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន​របស់​លោកស្រី Alice Wells ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ខាងត្បូង ត្រូវបាន​ពន្យារពេល​សិន​។ លោកស្រី Alice Wells គ្រោង​ចាប់ផ្ដើម​ទស្សនកិច្ច​នៅ​ថ្ងៃទី​២៨ ខែសីហា ដែលជា​ទស្សនកិច្ច​ថ្នាក់ខ្ពស់​របស់​មន្ត្រីរដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្រោយពេល​លោក ត្រាំ ប្រកាស​គោលនយោបាយ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃទី​២១ ខែសីហា​។ លោក ត្រាំ បាន​រិះគន់​ប៉ា​គី​ស្ថាន​ខ្លាំងៗ​ជុំវិញ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២៧ ខែសីហា ថា ទស្សនកិច្ច​របស់លោក​ស្រី Wells ត្រូវបាន​ពន្យារពេល​ប​ណ្ដោះ​អាសន្ន​សិន​រហូតដល់​កាលៈទេសៈ​សមស្រប តាម​សំណើ​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​។ ទាំង​អាមេរិក ទាំង​ប៉ា​គី​ស្ថាន​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​ណាមួយ​ជុំវិញ​ការពន្យារ​ពេលនេះ​ទេ ប៉ុន្តែ​គម្រោង​ទស្សនកិច្ច​នេះ​ស្ថិតក្នុង​កម្រិត​ប្រុងប្រយ័ត្ន​ខ្ពស់ ចាប់តាំងពី​ការអធិប្បាយ​របស់លោក ត្រាំ មកម្ល៉េះ​។​

​ក្នុងពេល​ប្រកាស​យុទ្ធសាស្ត្រ​ថ្មី​លើ​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រធានាធិបតី​អាមេរិក​បាន​ចង្អុល​ប៉ា​គី​ស្ថាន​ចំៗ ដោយ​ទាមទារ​ឲ្យ​ប្រទេស​នុយក្លេអ៊ែរ​នេះ​ប្រឹងប្រែង​ចូលរួម​កម្ចាត់​ភេរវជន​។ លោក ត្រាំ ចោទ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ថា​បានផ្ដល់​ទីជម្រក​ឲ្យ​ក្រុម​ភេរវជន​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ទៀតផង​។ លោក​ក៏​គំរាម​កាត់​ជំនួយ​យោធា​ផ្តល់​ឲ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង បើសិនជា​ប្រទេស​អាស៊ី​ខាងត្បូង​នេះ​មិន​ស្តាប់​ការទាមទារ​របស់លោក​នោះ​។​

​ឆ្លើយតប​ពាក្យរិះគន់​របស់​ប្រធានាធិបតី​អាមេរិក មន្ត្រី​ប៉ា​គី​ស្ថាន​ក៏​និយាយ​វិញ​ថា​អាមេរិក​ទៅវិញ​ទេ​ដែល​គ្មាន​សមត្ថភាព​បោសសម្អាត​ឬ​សគល់​ក្រុម​ភេរវជន​ដោយ​ខ្លួនឯង​។ ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ក៏​ប្រាប់​ក្រុង​វ៉ាស៊ីនតោន កុំ​ដើរ​តែ​បន្ទោស​គេ​ផ្ដេសផ្ដាស ខណៈដែល​ខ្លួនឯង​មិនអាច​ធ្វើ​អ្វី​ក្រុម​ជ្រុលនិយម​បាន​នោះ​។ ដោយឡែក ក្រុង​ប៉េកាំង​ឯណោះ​ក៏​ឆ្លៀត​បង្ហាញ​ការមិន​ពេញចិត្ត​នឹង​សម្ដី​មេដឹកនាំ​អាមេរិក ហើយ​ថែមទាំង​ប្រកាស​គាំទ្រ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ថែមទៀត​។​

​នៅ​ទីក្រុង​កា​រ៉ា​ជី​ភាគខាងត្បូង​ប្រទេស បាតុករ​ជាង​មួយរយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា និង​ដង្ហែរ​ក្បួន​ទៅកាន់​ស្ថាន​កុងស៊ុល​អាមេរិក ជាការ​តវ៉ា​ប្រឆាំង​ពាក្យសម្ដី​ប្រធានាធិបតី​អាមេរិក​។ លោក ត្រាំ ចោទ​ប៉ា​គី​ស្ថាន​ជា​ឋានសួគ៌​របស់​ពួក​ជ្រុលនិយម ព្រោះ​ក្រុម​នេះ​តែង​ប្រើប្រាស់​ទឹកដី​ប៉ា​គី​ស្ថាន​ជា​មូលដ្ឋាន​វាយប្រហារ​លើ​កម្លាំង​រដ្ឋា​ភិ​បាល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អាមេរិក ខណៈ​ប៉ា​គី​ស្ថាន​តែង​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​ដែរ​៕


Tag:
 ប៉ា​គី​ស្ថាន​
  អាមេរិក​
  អា​ហ្វ​ហ្គា​នី​ស្ថាន​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com